កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនី​បាល់ទះ​កូនភ្លោះ​ស្រស់ស្អាត​របស់​កូរ៉េខាងត្បូង ត្រូវ​បណ្តេញ​ពី​ជម្រើសជាតិ ព្រោះ​ធ្វើបាប​មិត្តភក្តិ​
16, Feb 2021 , 2:40 pm        
រូបភាព
កីឡាការិនី Lee Jae-yeong (ឆ្វេង) និង Lee Da-yeong ដែលលេងឱ្យក្រុម Heungkuk Life Insurance Pink Spiders
កីឡាការិនី Lee Jae-yeong (ឆ្វេង) និង Lee Da-yeong ដែលលេងឱ្យក្រុម Heungkuk Life Insurance Pink Spiders
​កីឡាការិនី​បាល់ទះ​រូប​ស្រស់​ដ៏​មាន​ប្រជាប្រិយភាព​ពី​នាក់​បងប្អូន​ភ្លោះរ​បស់​កូរ៉េខាងត្បូង ត្រូវបាន​បណ្តេញ​ចេញពី​ក្រុម​ជម្រើសជាតិ​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ បន្ទាប់ពី​ត្រូវ​រកឃើញថា មាន​ប្រវត្តិ​សម្លុត​ធ្វើបាប​មិត្ត​រួម​ថ្នាក់​នៅ​មធ្យមសិក្សា​។ ពួកគេ ក៏​ប្រឈមមុខ​បាត់បង់​ឱកាស​ក្លាយជា​គ្រូបង្វឹក​ផងដែរ​។

Lee Jae-Yeong អាយុ ២៥ ឆ្នាំ និង​ប្អូនស្រី​ភ្លោះ​របស់​នាង​ឈ្មោះ Lee Da-yeong ដែល​អ្នក​ទាំងពីរ​លេង​ឱ្យ​ក្លិប​បាល់ទះ Heungkuk Life Insurance Pink Spiders នៃ​លី​គ​កំពូល​កូរ៉េខាងត្បូង V-League បាន​សារភាពថា ធ្លាប់បាន​ធ្វើបាប​មិត្ត​រួម​ក្រុម​នៅ​ថ្នាក់​អនុវិទ្យាល័យ​កាលពី ១០ ឆ្នាំមុន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​ចម្លើយសារភាព​នេះ ធ្វើឡើង​ក្រោយ​មាន​អតីត​មិត្ត​រួម​ក្រុម​ថ្នាក់​អនុវិទ្យាល័យ ៤ នាក់​បាន​បង្ហោះ​លើ​អ៊ីនធឺណិត​ដើម្បី​បកអាក្រាត​បងប្អូន​ភ្លោះ​ទាំងពីរ​កាលពី​សប្តាហ៍​មុន​។ ក្នុងចំណោម​នោះ មាន​ម្នាក់​អះអាងថា ខ្លួន​ធ្លា​ប់រង​ការធ្វើ​បាន​ដោយ​ហិង្សា​លើ​រាងកាយ ការ​លួច​លុយ និង​គំរាម​ដោយ​កាំបិត​ជាដើម​។​
 
​បើទោះជា​មានការ​សុំ​អភ័យទោស​ចំពោះ​ជនរងគ្រោះ​ដែល​មិន​បញ្ចេញ​អត្តសញ្ញាណ​ហើយ​ក្តី ប៉ុន្តែ​កីឡាការិនី​រូប​ស្រស់​ទាំងពីរ​ក៏ត្រូវ​បាន​ក្លិប Pink Spiders ព្យួរការងារ​គ្មាន​ពេល​កំណត់​ផងដែរ​។ Pink Spiders ជា​ក្លិប​បាល់ទះ​ដ៏​ធំ និង​ល្បីល្បាញ​មួយ​របស់​កូរ៉េខាងត្បូង ខណៈ Jae-Yeong និង Da-yeong ជា​តារា​ឆ្នើម​របស់​ពួកគេ​នាពេល​បច្ចុប្បន្ននេះ​។​
 
Pink Spiders ម្ចាស់​ជើងឯក​៤​សម័យ និង​កំពុង​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ១ ក្នុង​តារាង V-League រដូវ​កាល​នេះ​លើកឡើង​ជុំវិញ​បញ្ហា​នេះ​ថា​៖ «​យើង​មានការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​អ្នកគាំទ្រ​កីឡាបាល់ទះ​របស់​យើង​។ ការ​សម្លុត​ធ្វើបាប​ក្នុងចំណោម​អត្ត​ព​លិ​ក និស្សិត​មិនត្រូវ​កើតមាន​ឡើយ ហើយក៏​មិនអាច​អត់ឱន​បានទេ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ ដោយ​មើលឃើញ​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ស្ថានភាព​នេះ​យើង​បាន​សម្រេចចិត្ត​ហាមឃាត់​កីឡាការិនី​ទាំងពីរ​ដោយ​គ្មាន​កំណត់​»​។​
 
​ចំណែក ការសម្រេច​ដក​បងប្អូន​ត្រកូល Lee ចេញពី​ជម្រើសជាតិ​បាល់ទះ​កូរ៉េ​ខាង​ត្បូ ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទះ​កូរ៉េ (KVA) បញ្ជាក់ថា រាល់​អត្ត​ព​លិ​ក ឬ​មន្ត្រី​ណា​ដែល​បង្ក​ការរំខាន​ដល់​សង្គម​នឹង​មិនអាច​តំណាង​ប្រទេស​នៅក្នុង​ការប្រកួត​ជា​អន្តរជាតិ​ឡើយ​។​
 
​ការិនី​ដ៏​ស្រស់ស្អាត និង​មានឈ្មោះ​ល្បីល្បាញ Jae-Yeong និង Da-yeong បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​ជម្រើសជាតិ​បាល់ទះ​នារី​កូរ៉េខាងត្បូង​កក់​កៅអី​ទៅ​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ តាមរយៈ​ការ​ឈ្នះ​ការប្រកួត​ជម្រុះ​នៅ​តំបន់​អាស៊ី​កាលពី​ខែមករា​៕
 
​ទស្សនា​វីដេអូ​របស់​កីឡាការិនី​រូប​ស្រស់​ទាំងពីរ​កន្លងមក​៖
 

Tag:
 បាល់ទះ​
  Lee Da-yeong
© រក្សាសិទ្ធិដោយ thmeythmey.com