COVID-19
ជាតិ
រឿង”គ្រោះជីវិតកូវីដ-១៩” គ្រោងចាក់បញ្ចាំងក្នុងខែមេសាខាងមុខ
× ភ្នំពេញ៖ រឿង “គ្រោះជីវិតកូវីដ-១៩” គ្រោងនឹងចាក់បញ្ចាំងនៅក្នុងខែមេសា ឬខែឧសភាខាងមុខ។ នេះបើតាមលោក ហ៊ុយ យ៉ាងឡេង ដែលជាផលិតករ និងជាតួឯកក្នុងរឿងនោះ បានប្រាប់មូលហេតុដែលលោក ប្រញាប់ចាក់បញ្ចាំងភាពយន្តមួយនេះ ក៏ព្រោះតែលោកចង់ប្រមូលប្រាក់ យកទៅទប់ទល់ការចំណាយផ្សេងៗ ក្នុងដំណើរការថត ក៏ដូចជាប៉ះប៉ូវសេដ្ឋកិច្ចផ្ទាល់ខ្លួន ដែលបាត់បង់កាលពីកូវីដកំពុងផ្ទុះខ្លាំង។
ឆ្លើយប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃដំបូងនៃការថតភាពយន្តរឿង”គ្រោះជីវិតកូវីដ-១៩” លោក ហ៊ុយ យ៉ាឡេង បានបញ្ជាក់ថា ភាពយន្តនេះស្រង់ចេញពីជីវិតពិតរបស់លោក និងឆ្លុះបញ្ចាំងពីស្ថានភាពរបស់មនុស្សផ្សេងទៀត ដែលជួបវិបត្តិសេដ្ឋកិច្ចក្នុងពេលកូវីដ-១៩ កំពុងរាតត្បាត។ ផលិតកររឿង “ដើម្បីកូន”រូបនេះ រំពឹងថា ស្នាដៃថ្មីនេះនឹងទទួលបានការគាំទ្រច្រើន ពីទស្សនិកជន។
បើទោះបីជាដំណើរការថត កាត់ត និងការចាក់បញ្ចាំង ហាក់មានការប្រញាប់ប្រញាល់ក៏ពិតមែន ប៉ុន្តែតួឯកក្នុងរឿង”ធ្មប់”រូបនេះ បញ្ជាក់ថា គុណភាពរឿងនៅតែត្រូវបានសម្រិតសម្រាំង។ ជាតួអង្គមួយរូបក្នុងភាពយន្តនេះ លោក ហ៊ុយ យ៉ាឡេង នឹងដើរតួជាអ្នករកស៊ីខាងអចលនទ្រព្យ ដោយមានប្រពន្ធរកស៊ីខាងអនឡាញ និងមានកូនស្រីម្នាក់។ សាច់រឿងទាំងមូល នឹងបង្ហាញពីជីវិតអ្នករកស៊ីខាងអចលនទ្រព្យ និងជំនួញផ្សេងៗ ត្រូវប្រឈមនឹងវិបត្តិកូវីដ-១៩ ដូចៗគ្នា។
លោក ហ៊ុយ យ៉ាឡេង ពន្យល់បន្ថែម៖«ខ្ញុំឈឺចាប់នឹងវិបត្តិនេះ ក្នុងពេលដែលខ្ញុំមិនអាចចេញទៅណាបាន ខ្ញុំមិនអាចធ្វើអ្វីបាន ខ្ញុំកំពុងតែជួបវិបត្តិសេដ្ឋកិច្ចខ្លាំង ខ្ញុំក៏សរសេររឿងនេះ គឺក្នុងពេលដែលកូវីដកំពុងផ្ទុះ។ ខ្ញុំប្រញាប់ថត ប្រញាប់កាត់ត ហើយប្រញាប់ចាក់បញ្ចាំង ខ្ញុំចង់បញ្ចាំងក្នុងខែ៤ឬខែ៥ខាងមុខនេះតែម្ដង ព្រោះខ្ញុំប្រញាប់ប្រមូលលុយមកវិញ មកទប់ការចំណាយផ្សេងៗ»។
សូមបញ្ជាក់ថា ភាពយន្ត “គ្រោះជីវិតកូវីដ-១៩” ដែលនិយាយពីវិបត្តិកូវីដ-១៩ ទាំងនៅក្នុងប្រទេសកម្ពុជា និងពិភពលោក គ្រោងចាយទុន៧ម៉ឺនដុល្លារអាមេរិក ។ ភាពយន្តនេះផលិតឡើង ដើម្បីចងក្រងទុកជាឯកសារប្រវត្តិសាស្ត្រ នៃជំងឺអាសន្នរោគដែលធ្វើឱ្យប៉ះពាលសេដ្ឋកិច្ចពិភពលោកទាំងមូល។ ភាពយន្តនេះ បានប្រារព្វពិធីក្រុងពលី និងចាប់ផ្ដើមថតរឿងថ្ងៃដំបូង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ៕
Tag:
ភាពយន្ត
កូវីដ-១៩
សិល្បៈ
កុន
© រក្សាសិទ្ធិដោយ thmeythmey.com