កីឡាអន្តរជាតិ
អន្តរជាតិ
Koeman សរសើរ Mbappe ដែលធ្វើបាន hat-trick និងទទួលស្គាល់ PSG ខ្លាំងជាង Barca
× លោក Ronald Koeman សាទរចំពោះទេពកោសល្យដ៏អស្ចារ្យរបស់ Kylian Mbappe ដែលធ្វើបាន hat-trick ហើយសារភាពថា Barcelona ត្រូវតែទទួលយកបរាជ័យដ៏អាម៉ាស់នៅទឹកដី Camp Nou ក្រោយចាញ់ Paris Saint-Germain ដល់ទៅ ៤-១ ក្នុងការប្រកួត Champions League ជើងទី១ វគ្គ១៦ក្រុម។
Kylian Mbappe អាចរកបាន៣គ្រាប់ម្នាក់ឯងនៅនាទី៣២ ៦៥ និង៨៥ បន្ទាប់ពី Lionel Messi ស៊ុតគ្រាប់នាំមុខឱ្យ Barca នៅនាទី២៧ដោយបាល់ពិន័យប៉េណាល់ទី ខណៈ Moise Kean រកបានមួយគ្រាប់ដើម្បីជួយក្រុមរងជើងឯករដូវកាលមុននាំមុខនៅជំនួបជើងទី១ ដែលធ្វើឡើងនៅរាត្រីថ្ងៃទី១៦ ខែកុម្ភៈ ក្នុងទល្ធផល ៤-១។
តាមរយៈលទ្ធផលនេះ លោក Koeman អ្នកចាត់ការទូទៅ Barcelona បានទទួលស្គាល់ពីភាពខ្លាំងរបស់ PSG និងទទួលស្គាល់ថាក្រុមរបស់លោកនឹងពិបាករកវិធីសាស្ត្រដើម្បីទប់ទល់ជាមួយក្រុមលោក Mauricio Pochettino នៅជើងទី២។
«ពួកគេពូកែជាងយើង ពួកគេពូកែខ្លាំងណាស់ ហើយជាពិសេសនោះគឺ Mbappe។ ពួកគេបានបង្ហាញថាពួកគេពោពេញដោយភាពខ្លាំងលើការគ្រប់គ្រងបាល់ និងជាពិសេសនោះគឺរាងកាយដឺរឹងមាំរបស់ពួកគេ»។ អ្នកចាត់ការសញ្ជាតិហូឡង់ទទួលស្គាល់លទ្ធផលនេះ ប៉ុន្តែលោកនឹងពង្រឹងក្រុមឱ្យប្រសើរឡើង ដ្បិតលោកជឿជាក់ថាអ្វីៗសុទ្ធតែអាចកើតឡើង។
កាលពីឆ្នាំ ២០១៧ ក្រុមរហស្សនាមអ្នកមានបុណ្យធ្លាប់រងបរាជ័យក្រោមថ្វីជើងក្រុមយក្សបារាំងនេះនៅជើងទីមួយដល់ទៅ ៤-០ ប៉ុន្តែពួកគេនៅតែអាចទម្លាក់ PSG ចេញពី Champions League បានដដែលជាមួយនឹងជ័យជម្នះនៅជើងទីពីរដោយលទ្ធផល ៦-១ វិញ។
យ៉ាងណាក៏ដោយ បើទោះជាការវាយបតាមឈ្នះរបស់ក្រុមនៅអឺរ៉ុបតែងធ្វើបានជារឿយៗ ប៉ុន្តែលោក Koeman មានក្តីសង្ឃឹមតិចតួចប៉ុណ្ណោះនៅពេលត្រឡប់ទៅកីឡដ្ឋាន Parc des Princes សម្រាប់ជំនួបជើងទី២ ដែលប្រព្រឹត្តទៅនៅរាត្រីថ្ងៃទី១០ ខែមីនា។
ដោយឡែកជំនួបមួយគូទៀត Liverpool បានយកឈ្នះ RasenBallsport Leipzig ក្នុងលទ្ធផល ២-០ នៅជើងទី១វគ្គ ១៦ក្រុមចុងក្រោយនៅកីឡដ្ឋាន Puskas Arena ដែលស្ថិតក្នុងក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រីដែលជាទឹកដីកណ្ដាល។ ជើងទី២ ហង្សក្រហមនឹងស្វាគមន៍ក្រុមអាល្លឺម៉ង់នៅ Anfield វិញ នៅរាត្រីថ្ងៃទី១០ ខែមីនា៕
Tag:
Ronald Koeman
Champions League
© រក្សាសិទ្ធិដោយ thmeythmey.com