អង្គការសុខភាពពិភពលោក (WHO) អះអាងថា ករណីឆ្លងជំងឺកូវីដ-១៩ ធ្លាក់ចុះចំនួន១៦ភាគរយនៅពេញមួយសប្តាហ៍មុន។ ក្នុងចំណោមតំបន់ទាំង៦ ដែលបែងចែកដោយ WHO មានតែតំបន់មេឌីទែរ៉ាណេខាងកើតប៉ុណ្ណោះ មានករណីឆ្លងកើនឡើង។ ចំនួនអ្នកស្លាប់ដោយសារជំងឺនេះ ក៏ថយចុះផងដែរអំឡុងពេលដូចគ្នានេះ។
ពេញមួយសប្ដាហ៍មុន ចំនួនអ្នកឆ្លងកូវីដ-១៩ ធ្លាក់ចុះមកត្រឹមតែ២,៧លានករណីប៉ុណ្ណោះនៅទូទាំងពិភពលលោក។ ចំណែកករណីស្លាប់ក៏ថយចុះចំនួន១០ភាគរយផងដែរ ដោយធ្លាក់ចុះមកត្រឹម៨១,០០០នាក់។ អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បញ្ចេញតួលេខនេះនៅថ្ងៃទី១៥ ខែកុម្ភៈ មុនបន្តថា វាជាការធ្លាក់ចុះករណីឆ្លងថ្មី៥សប្ដាហ៍ជាប់ៗគ្នា។
ករណីឆ្លងជំងឺកូវីដ-១៩ ធ្លាក់ចុះក្នុងតំបន់ចំនួន៥ក្នុងចំណោម៦ ដោយមានតែតំបន់មេឌីទែរ៉ាណេខាងកើតប៉ុណ្ណោះដែលមានករណីឆ្លងកើនឡើង៧ភាគរយ។ ករណីឆ្លងនៅតំបន់អាហ្វ្រិកថយចុះ២០ភាគរយ ប៉ាស៊ីហ្វិកខាងលិចថយ២០ភាគរយ អឺរ៉ុបថយ១៨ភាគរយ អាមេរិកថយ១៦ភាគរយ និងអាស៊ីអាគ្នេយ៍ថយ១៣ភាគរយ។
«អ្វីដែលសំខាន់ គឺការឆ្លើយតប។ ភ្លើងមិនទាន់រលត់ឡើយ ប៉ុន្តែយើងបន្ថយទំហំរបស់វា។ បើយើងមិនប្រយុទ្ធទេ វានឹងឆេះមកវិញជាថ្មី»។ នេះជាការលើកឡើងរបស់លោក Tedros ដោយនិយាយថា វិធានសុខភាពសាធារណសាមញ្ញមានប្រសិទ្ធភាព ទោះបីជាមានទម្រង់មេរោគថ្មីក៏ដោយ។ ទម្រង់មេរោគកូវីដ-១៩ថ្មី ដែលមានប្រភពនៅអង់គ្លេស និងអាហ្វ្រិកខាងត្បូង ត្រូវបានរកឃើញថា មានសមត្ថភាពក្នុងការចម្លងជំងឺនេះរហ័សជាងមេរោគកូវីដ-១៩ ធម្មតា។
ទម្រង់មេរោគកូវីដ-១៩ថ្មី មានប្រភពពីអង់គ្លេសត្រូវបានរកឃើញនៅប្រទេសយ៉ាងហោចណាស់ចំនួន៩៤។ មេរោគទម្រង់ថ្មីនេះបណ្តាលឱ្យមានករណីឆ្លងក្នុងស្រុក ក្នុងប្រទេសចំនួន៤៧ផងដែរ។ ចំណែកទម្រង់មេរោគកូវីដ-១៩ថ្មី មានប្រភពពីអាហ្វ្រិកខាងត្បូងរាលដាលដល់ប្រទេសចំនួន៤៦ និងនាំឱ្យមានការឆ្លងក្នុងស្រុក ក្នុងប្រទេសចំនួន១២។ មិនអស់ឡើយទម្រង់ថ្មីនៃមេរោគកូវីដ-១៩ ទម្រង់ថ្មីដែលមានប្រភពពីប្រេស៊ីល ត្រូវបានរកឃើញក្នុងប្រទេសចំនួន២១ ដែលឈានដល់ការឆ្លងក្នុងស្រុក ក្នុងប្រទេសចំនួនពីរ។
ទម្រង់ថ្មីនៃមេរោគកូវីដ-១៩ លេចជារូបរាងឡើងនៅប្រទេសដែលមានករណីឆ្លងខ្ពស់ធៀបទៅនឹងចំនួនប្រជាជន។ ទម្រង់ថ្មីនេះ ក៏នាំឱ្យមានបញ្ហាប្រឈមដល់វ៉ាក់សាំងផងដែរ ដោយអាចឱ្យប្រសិទ្ធភាពវ៉ាក់សាំងថយចុះ។
ចំពោះរឿងវ៉ាក់សាំងនេះ យន្តការ COVAX បញ្ជាក់ថា ខ្លួននឹងចាប់ផ្តើមដឹកជញ្ជូនទៅប្រទេសចំនួន១៤៥ នៅសប្តាហ៍ក្រោយ។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពី WHO អនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់វ៉ាក់សាំង AstraZeneca/Oxford ដែលផលិតនៅឥណ្ឌា និងកូរ៉េខាងត្បូង។ យន្តការCOVAX ត្រូវបានបង្កើតឡើងដើម្បីជួយទិញ និងចែកចាយវ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍ ដែលមានលទ្ធភាពតិចតួច ក្នុងការទទួលបានវ៉ាក់សាំង។
ក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី១៥ ខែកុម្ភៈ COVAX មានវ៉ាក់សាំងចំនួន៣៣៧,២លានដូស ដែលក្នុងនោះមាន១,២លានដូសជាវ៉ាក់សាំងរបស់ Pfizer/BioNTech ។ ក្នុងដំណាក់កាលដំបូង ប្រទេសចំនួន១៤៥ នឹងទទួលបានវ៉ាក់សាំងសម្រាប់ប្រជាជនចំនួន៣,៣ភាគរយ ត្រឹមពាក់កណ្តាលឆ្នាំ២០២១។ ការដឹកជញ្ជូនជុំទីមួយ អាចនឹងចាប់ផ្តើមនៅខែមីនា ឯខ្លះទៀតអាចនឹងដឹកជញ្ជូននៅចុងខែកុម្ភៈ។
គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ពិភពលោកទាំងមូលមានករណីឆ្លងចំនួន១០៨,៨២២,៩៦០ករណី និងស្លាប់ចំនួន២,៤០៣,៦៤១នាក់៕