កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe ឱ្យ​អាវ​ដែល​ខ្លួន​ពាក់​ស៊ុត​បាន hat-trick ទៅ​ស្តេច​ប្រដាល់​ក្នុង​ទ្រុង Khabib
17, Feb 2021 , 3:25 pm        
រូបភាព
Kylian Mbappe បានផ្តល់​អាវ​ដែល​រូបគេ​ពាក់​ស៊ុត​បាន​៣​គ្រាប់​ក្នុងការ​ប្រកួត​ដែល Paris Saint-Germain ឈ្នះ Barcelona ៤-១ ទៅឱ្យ​កីឡាករ​វាយ​ក្នុង​ទ្រុង (UFC) Khabib Nurmagomedov​។



Mbappe បាន​ក្លាយជា​វីរបុរស​របស់ PSG តាមរយៈ​ការរកបាន hat-trick ទល់នឹង​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​ក្នុងការ​ប្រកួត​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ​ពានរង្វាន់ Champions League នៅ​រាត្រី​ថ្ងៃទី​១៦ ខែកុម្ភៈ​។ ទម្រង់​លេង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នេះ អាចជា​ផ្លូវ​ក្នុង​ការនាំ​ខ្សែប្រយុទ្ធ​វ័យក្មេង​សញ្ជាតិ​បារាំង​កាន់តែ​ភ្លឺស្វាង​ក្នុង​អាជីព​បាល់ទាត់​របស់គេ​។​
 
​អ្វីដែល​គួរ​ចាប់អារម្មណ៍​ខ្លាំង​ទៅទៀត​នោះ Mbappe បានប្រគល់​អាវ​ដែល​រូបគេ​ពាក់​ដើម្បី​បង្កើត​កំណត់ត្រា​របស់ខ្លួន ដែល​អាច​លក់បាន​ដល់​រាប់លាន​ដុល្លារ​ទៅឱ្យ​កីឡាករ​វាយ​ក្នុង​ទ្រុង Khabib​។ តាមរយៈ​ការ​បង្ហោះ​របស់ UFC លើ​បណ្តាញ​សង្គម Twitter ថា Khabib កំពូល​កីឡាករ UFC សញ្ជាតិ​រុស្ស៊ី ដែល​ស្រឡាញ់​ចូលចិត្ត​កីឡាបាល់ទាត់ និង​មាន​វត្តមាន​ក្នុងជំនួប Barca ទល់ PSG ដែរនោះ បានទទួល​អាវ​របស់ Mbappe ហើយ​។ 
 
​អាវ​ដែល​សមាជិក​ជម្រើសជាតិ​បារាំង វ័យ​២២​ឆ្នាំ ពាក់​ស៊ុត​បំបាក់មុខ Barca នេះ ត្រូវបាន​គេ​ជឿជាក់ថា​អាចដាក់​ដេញថ្លៃ​លក់បាន​ក្នុងតម្លៃ​រាប់លាន​ដុល្លារ​ឯណោះ​។​
 
 
Khabib វ័យ​៣២​ឆ្នាំ ថ្មីៗ​នេះ​បាន​ចូលនិវត្តន៍​ពី​កីឡា UFC ដោយ​បង្ហាញ​បំណង​ប្តូរ​អាជីព​ទៅជា​កីឡាករ​បាល់ទាត់​វិញ​។ រូបគេ​បាន​ពិភាក្សា​ជាមួយ​ប្រធាន​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប (UEFA) លោក Aleksander Ceferin និង​កំពូល​តារា​ឆ្នើម Cristiano Ronaldo ជារឿយៗ​ជុំវិញ​អាជីព​បាល់ទាត់​នេះ​។​
 
Khabib ធ្លាប់បាន​ប្រាប់​ទូរទស្សន៍ Match TV ថា ការលេង​បាល់ទាត់​នៅ​កម្រិត​អាជីព​គឺជា​ក្តី​សុបិន​របស់ខ្លួន​តាំងពី​កុមារភាព​។ កំពូល​អ្នក​វាយ​ក្នុង​ទ្រុង​មិន​ស្គាល់​ចាញ់​រូបនេះ ថែមទាំង​ហ៊ាន​អះអាងថា​កីឡាបាល់ទាត់​គឺជា​ស្តេច​កីឡា​ទាំងអស់​លើ​លោក​៕
 

Tag:
 Kylian Mbappe
  Khabib Nurmagomedov
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com