អន្តរជាតិ
ប្រមុខ NATO បញ្ចេញ​គម្រោង​កំណែទម្រង់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម
17, Feb 2021 , 5:09 pm        
រូបភាព
ទង់សម្ពន្ធយោធា NATO ។ រូបថត AFP
ទង់សម្ពន្ធយោធា NATO ។ រូបថត AFP
ដោយ:
អគ្គលេខាធិការ​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (NATO) នឹង​បង្ហាញ​ពី​ផែនការ​ធ្វើកំណែទម្រង់​សម្ពន្ធភាព​យោធា​ដ៏​ធំ​របស់​ពិភពលោក​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់ខ្លួន​នេះ​។ ផែនការ​កំណែទម្រង់រ​យៈ​ពេល​មធ្យម​នេះ មានបំណង​ក្នុង​ការធ្វើ​ទំនើបកម្ម​ស្ថាប័ន​សម្ពន្ធ​យោធា​នេះ​ក្រោយ​ប៉ះទង្គិច​គ្នា​ជាង​៤​ឆ្នាំ​ជាមួយ​អាមេរិក​អំឡុង​រដ្ឋបាល លោក ដូ​ណា​ល់ ត្រាំ ក៏ដូចជា​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​កើតចេញពី​ការកើនឡើង​សមត្ថភាព​យោធា​ចិន និង​ការប្រកួតប្រជែង​ពី​រុស្ស៊ី​។​

 
«​យើង​មានឱកាស​ដ៏​កម្រ​ក្នុងការ​ផ្តល់​ថាមពល និង​ពង្រឹង​សម្ពន្ធភាព​អន្ត​រអា​ត្ល​ង់​តិក​»​។ នេះ​ជាការ​លើកឡើង​របស់លោក Jens Stoltenberg អគ្គលេខាធិការ NATO ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​ថ្ងៃទី​១៥ ខែកុម្ភៈ នៅពេល​លោក​បង្ហាញ​ពី​ផែនការ​កំណែទម្រង់ NATO ឆ្នាំ​២០៣០​។ ផែនការ​ព្រាង​នេះ រួមបញ្ចូល​ការធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​គោល​របស់ NATO យុទ្ធសាស្ត្រ​ទប់ទល់​ការបង្កើន​សមត្ថភាព​យោធា​របស់​ចិន និង​ការប្រកួតប្រជែង​យុទ្ធសាស្ត្រ​ពី​រុស្ស៊ី​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ 
 
​លោក Stoltenberg ចង់ឱ្យមាន​ការពិភាក្សា​ផ្នែក​នយោបាយ​បន្ថែមទៀត​ក្នុងចំណោម​រដ្ឋ​សមាជិក​ទាំងអស់​តាមរយៈ​ការបង្កើន​ការប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រី​មហាផ្ទៃ និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​។ បន្ថែម​ពីនេះ សម្ពន្ធភាព​យោធា​មួយ​នេះ ក៏​ស្វះ​ស្វែងរក​វិធីសាស្ត្រ​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​អាកាសធាតុ និង​ការបញ្ចេញ​ឧស្ម័ន​កាបូ​និក​បណ្តាលមកពី​សកម្មភាព​យោធា​ផងដែរ​។​
 
​ថវិកា​ដើម្បី​ទ្រ​ង​ទ្រង់​សម្ពន្ធភាព​យោធា​នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប NATO ។ លោក Stoltenberg​អំពាវនាវ​ឱ្យ​រដ្ឋ​សមាជិក​ផ្តល់​ថវិកា​បន្ថែម​លើ​បញ្ហា​សន្តិសុខ​រួម ពង្រីក​ប្រព័ន្ធ​សម្ញែង​អានុភាព​សត្រូវ​ក្នុង​ទឹកដី​រដ្ឋ​សមាជិក កាត់បន្ថយ​ការពឹងផ្អែក​ច្រើន​ជ្រុល​លើ​សម្ព័ន្ធមិត្ត​តែមួយ​ក្នុងការ​បង្ហាញ​អំណាច​ជាដើម​។ ការបន្ថែម​លុយ​នេះ ជាការ​ទាមទារ​មួយ​របស់​អាមេរិក​ដែល​ឱ្យ​រដ្ឋ​ជា​សមាជិក​ចំណាយ​យ៉ាងហោចណាស់​២​ភាគរយ​លើ​វិស័យ​ការពារជាតិ​របស់​ពួកគេ​។​
 
​សូមបញ្ជាក់ថា NATO រង​សម្ពាធ​ជុំ​ទិស​ក្នុងការ​ធ្វើកំណែទម្រង់ ក៏ដូចជា​ដោះស្រាយ​បញ្ហា​ប្រឈម​ថ្មីៗ និង​បញ្ហា​ដែល​ខ្លួន​ជំពាក់​ក់​ជំ​ពិន​ជាច្រើន​ឆ្នាំ​។ អាមេរិក​ទាមទារ​ឱ្យ NATO ពិចារណា​គោលជំហរ​របស់ខ្លួន​លើ​បញ្ហា​ចិន ចំណែក​ប្រទេស​អឺរ៉ុប​បារម្ភ​កាន់តែខ្លាំង​ពី​ការ​គំរាម​ពី​រុស្ស៊ី ក្រោយ​ទឹកដី​គ្រី​មេ​ត្រូវបាន​រុស្ស៊ី​ផ្តាច់​យក​ពី​អ៊ុយ​ក្រែ​ន​។​
 
​ដូចគ្នានេះដែរ NATO ក៏ត្រូវ​ដោះស្រាយ​វត្តមាន​កងទ័ព និង​កាលវិភាគ​ដក​កងទ័ព​ពី​អា​ហ្វ​ហ្កា​នី​ស្ថាន​ផងដែរ​។ ។ ក្នុង​ការចរចា​ជាមួយ​ក្រុម​តា​លី​បង់​នេះ អាមេរិក​ពុំបាន​ពិភាក្សា​ជាមួយ​សម្ពន្ធមិត្ត NATO​ឡើយ​ក្នុងការ​ដកទ័ព​ពី​អា​ហ្វ​ហ្កា​នី​ស្ថាន ដែលនាំឱ្យ​មានការ​រិះគន់ និង​ការចេញ​គោលនយោបាយ​ប្រទាំង​ប្រទើស​ពី​សម្ពន្ធមិត្ត​៕
 
 

Tag:
 NATO
  អាមេរិក​
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com