តុលាការភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងលោក រ៉ុង ឈុន មេសហជីពនិងជាទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា នៅព្រឹកថ្ងៃទិ១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ លោក ជូង ជូងី មេធាវីរបស់លោក រ៉ុង ឈុន ប្រាប់សារព័ត៌មានថ្មីៗថា ក្រោយបញ្ចប់ការសួរដេញដោល ចៅក្រម មិនទាន់សម្រេចសេចក្តីអ្វីឡើយ ដោយប្រកាសថា សវនាការ នឹងត្រូវបន្តនៅថ្ងៃទី១០ ខែមីនា។
ក្រៅពីផ្តល់ព័ត៌មានអំពីការបន្តបើសវនាការនៅថ្ងៃទី១០ ខែមីនាខាងមុខ លោកមេធាវី ជូ ជូងី មិនបានអធិប្បាយអ្វីច្រើននោះទេ ជុំវិញសវនាការរបស់លោក រ៉ុន ឈុន ដោយលោក ប្រាប់ថា កំពុងជាប់រវល់។ នៅមានសំណុំរឿង២នាក់ទៀត គឺសំណុំរបស់យុវតី ស កណិការ និងសំណុំរឿងរបស់លោក តុន និមល ក៏ត្រូវតុលាការ បើកសវនាការជំនុំជម្រះជាមួយសំណុំរឿងរបស់លោក រ៉ុង ឈុន ដែរ។
អ្នកទាំង៣ខាងលើ សុទ្ធតែត្រូវចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ លោក រ៉ុង ឈុង ត្រូវចាប់ខ្លួនកាលពីចុងខែកក្កដា ឆ្នាំ២០២០ ក្រោយលោក បានចុះទៅពិនិត្យតាមព្រំដែន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយបានចេញសេចក្តីថ្លែងការណ៍ថា ប្រជាពលរដ្ឋមួយចំនួននៅតំបន់នោះ បានបាត់ដីទៅខាងវៀតណាម និងអាជ្ញាធរវៀតណាម បានរំកិលចូលមកទឹកដីកម្ពុជាថែមទៀត។
ពាក់ព័ន្ធនឹងរឿងព្រំដែននេះ តុលាការភ្នំពេញ ទើបនឹងកាត់ទោសមនុស្សម្នាក់ គឺលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ឲ្យជាប់ពន្ធនាគារ១ឆ្នាំ៨ខែ ហើយត្រូវបង់ប្រាក់១ពាន់ដុល្លារចូលទៅរដ្ឋ និងបង់ដល់ទៅ៥០ម៉ឺនដុល្លារទៀត ជូនទៅគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា ដែលជាដើមបណ្តឹង។ សំណង៥០ម៉ឺនដុល្លារ គឺជាការសងជំងឺចិត្ត លើថ្លៃខូចខាតកិត្តិយសរបស់គណៈកម្មាធិការកិច្ចការព្រំដែន។
លោក សួង សុភ័ណ្ឌ មិនខុសពីលោក រ៉ុង ឈុន ឡើយ គឺត្រូវអាជ្ញាធរ ចាត់ទុកការអត្ថាធិប្បាយរបស់លោកទាំង២ពីរឿងព្រំដែន ជាការបំភ្លៃការពិត។ ក្រោយលោក រ៉ុង ឈុន ត្រូវចាប់ខ្លួន លោក សួង សុភ័ណ្ឌ ក៏ចុះទៅពិនិត្យមើលនៅតំបន់ព្រំដែន ដែលលោក រ៉ុង ឈុន ចុះទៅ ដើម្បីសិក្សាឲ្យដឹងថា អ្វីដែលលោក រ៉ុង ឈុន អះអាង គឺជាការពិតដែរទេ។
ពេលចុះទៅពិនិត្យនៅតាមព្រំដែនរួចហើយ លោក សួង សុភ័ណ្ឌ ក៏បាននិយាយជាមួយសារព័ត៌មាន The Cambodia Daily ថា ការដោះដូរដីជាមួយវៀតណាម គឺជាអំពើក្បត់ជាតិ។ និយាយជាមួយសារព័ត៌មាន The Cambodia Daily រួចហើយ លោក ក៏ត្រូវចាប់ខ្លួន ក្រោមបទចោទដូចលោក រ៉ុង ឈុន គឺបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
ដោយឡែក យុវតី ស កណិការ ត្រូវចាប់ខ្លួន ដោយសារបានចូលរួមទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។ មិនមែនមានតែយុវតី ស កណិការ ទេ នៅមានយុវតីយុវជនមួយចំនួនទៀត ដូចជា យវតី ឈឿន ដារ៉ាវី និង យុវជន ហ៊ុន វណ្ណៈ ជាដើម សុទ្ធតែត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងការចូលរួមទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។
ចំណែក លោក តុន និមល និងស្ត្រី២នាក់ទៀត គឺអ្នកស្រី លឹម សាន និង អ្នកស្រី យ៉យ ស្រីមុំ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការទៅតវ៉ានៅមុខស្ថានទូតចិន។ អ្នកទាំង៣ ក៏ជាប់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមដែរ។
កាលនោះមានប្រជាពលរដ្ឋមួយក្រុម បានទៅមុខស្ថានទូតចិន ដើម្បីទាមទារឲ្យរដ្ឋាភិបាលចិន ចូលរួមគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស។ ប្រជាពលរដ្ឋទាំងនោះ ថែមទាំងបានយកញត្តិទៅដាក់ស្ថានទូតនៃប្រទេសធំៗមួយចំនួនទៀត ដូចជា ស្ថានទូតអាមេរិកនិងស្ថានទូតបារាំង ជាដើម ដើម្បីសុំឲ្យជួយធ្វើអន្តរាគមន៍កុំមានមូលដ្ឋានទ័ពចិននៅកម្ពុជា ព្រោះពួកគេ នៅតែសង្ស័យថា មានមូលដ្ឋានកងទ័ពចិន នៅខេត្តព្រះសីហនុ ទោះបីជារដ្ឋាភិបាលកម្ពុជា ចេញមកច្រានចោលក្តី៕