កីឡាជាតិ
ជាតិ
ពានរង្វាន់សម្តេច ហ៊ុន សែន៖៣ពិន្ទុបើកឆាកសម្រាប់កំពង់ឆ្នាំង បាត់ដំបង និងព្រះសីហនុ សសយកបាត់ដំបង ឈ្នះ សូហ្វីយ៉ាប៉ៃលិន ៤ទល់នឹង១ នៅទីលាន វិទ្យាល័យ ហ៊ុន សែន នេត យ៉ង់
× មន្ទីរអយក ខេត្តកំពង់ឆ្នាំង និងស.ស.យ.ក ខេត្តបាត់ដំបង បានជ័យជម្នះនៅទឹកដីរៀងៗខ្លួននាការប្រកួតបើកឆាកពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៥ (ថ្នាក់ខេត្ត) នារសៀលថ្ងៃពុធ ទី១៧ ខែកុម្ភៈនេះ ខណៈស្វាយរៀងទទួលបានត្រឹម១ពិន្ទុ រីឯ មន្ទីរអយក ខេត្តកំពត រងនូវការខកចិត្ត។
ទីលានវិទ្យាល័យកំពង់ត្រឡាច មន្ទីរអយក ខេត្តកំពង់ឆ្នាំង បានស៊ុតបាល់បញ្ចូលទី១គ្រាប់ក្នុងតង់នីមួយៗ ដើម្បីទទួលជ័យជម្នះ ២-០ លើក្រុមរដ្ឋបាលខេត្តតាកែវ។ លទ្ធផលនេះ នាំឲ្យកំពង់ឆ្នាំងឈរលេខ១បណ្តោះអាសន្នក្នុងពូល A ដោយសារភ្នំពេញហ្គាឡាក់ស៊ី និងមន្ទីរ អយក ខេត្តកំពង់ស្ពឺ បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២។
នៅវិទ្យាល័យ នេត យ៉ង់ ស.ស.យ.ក ខេត្តបាត់ដំបង បានទទួលជ័យជម្នះ ៤-១ លើក្រុមសូហ្វីយ៉ាប៉ៃលិន ក្រោយនាំមុខ ៣-០ នៅតង់ទីមួយ។ បាត់ដំបងឈរលេខ២បណ្តោះអាសន្ននៅពូល B ដោយមាន៣ពិន្ទុស្មើ ខេត្តបន្ទាយមានជ័យ ដែលបានស៊ី ក្រុមស.ស.យ.ក ខេត្តពោធិ៍សាត់ ៤-០។
សម្រាប់ពូល D ឯណោះវិញ ការប្រកួតបើកឆាកមន្ទីរ អយក ខេត្តស្វាយរៀង និងមន្ទីរ អយក ខេត្តកំពង់ចាម នៅកីឡដ្ឋានខេត្តស្វាយរៀង បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ។ ក្រុមទាំងពីរចែករំលែកម្នាក់១ពិន្ទុ ខណៈខេត្តកណ្តាល មិនទាន់មានការប្រកួតនៅឡើយ។
សម្រាប់ការប្រកួតថ្ងៃនេះ មន្ទីរអយក ខេត្តកំពតជាក្រុមម្ចាស់ផ្ទះតែមួយគត់ដែលមិនមានពិន្ទុរាប់ ដោយសារចាញ់ ខេត្តព្រះសីហនុ ១-០។ ខេត្តព្រះសីហនុ ឈរលេខ១បណ្តោះអាសន្ននៅក្នុងពូល E បន្ទាប់ពីកោះកុងអែហ្វស៊ី និងមន្ទីរ អយក ខេត្តកែប ចែកគ្នាម្នាក់១ពិន្ទុក្រោយលទ្ធផលស្មើ ១-១ នាជំនួបកាលពីថ្ងៃអង្គារ៕
© រក្សាសិទ្ធិដោយ thmeythmey.com