កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Pirlo ថា Ronaldo ចង់រក​គ្រាប់​ឱ្យបាន​ច្រើន​ក្នុងជំនួប Juventus និង Porto
17, Feb 2021 , 6:29 pm        
រូបភាព
Cristiano Ronaldo នឹង​លេង​ឱ្យ​ក្រុម Juventus ក្នុងជំនួប​ទល់នឹង FC Porto ក្នុងការ​ប្រកួត Champions League ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​រាត្រី​ថ្ងៃទី​១៧ ខែកុម្ភៈ​នេះ វេលា​ម៉ោង ៣:០០​នាទី [​ម៉ោង​នៅ​កម្ពុជា​]​។ លោក Andrea Pirlo អះ​អា​ថា Ronaldo ចង់​ស៊ុត​បញ្ចូល​ទី​ឱ្យបាន​ច្រើន​គ្រាប់ ពេល​ប៉ះ​ក្រុម​នៅ​ប្រទេស​កំណើត​មួយ​នេះ​។​



Pirlo អ្នកចាត់ការ​ទូទៅ Juventus ក៏បាន​ផ្តាំ​កូនក្រុម​ត្រូវ​មានការ​ប្រុង​ប្រ​យ័​ត្ធ​ខ្ពស់​ក្នុងការ​ប្រកួត​ទល់នឹង​ក្រុម​ព័រ​ទុយ​ហ្គា​ល់​មួយ​នេះ ដើម្បី​កុំឱ្យ​ខកចិត្ត​ដូច​រដូវ​កាល​មុន ដែល​ពួកគេ​ត្រូវ Lyon ទម្លាក់​ពី​ក្របខណ្ឌ​អឺរ៉ុប​ត្រឹម​វគ្គ​១៦​ក្រុម​។​
 
Ronaldo ដែល​ឈានចូល​ដល់​វ័យ ៣៦​ឆ្នាំ​ថ្មីៗ​នេះ មិនដែល​លេង​តតាំង​ទល់នឹង​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ព័រ​ទុយ​ហ្គា​ល់​សម្រាប់​ពានរង្វាន់ Champions League ចាប់ពី​ខែវិច្ឆិកា ឆ្នាំ ២០១៦ ម្លេះ ពោលគឺ​តាំងពី​រូបគេ​លេង​ឱ្យ Real Madrid ក្នុង​ជ័យជម្នះ​២-១ លើ​ក្រុម Sporting CP​។ 
 
​ការវិលត្រឡប់​របស់​ម្ចាស់​ពាន Ballon d'Or ៥​សម័យ​ទៅកាន់​ទឹកដី​កំណើត ត្រូវបាន​លោក Pirlo យល់ថា​នេះ​ជាការ​ផ្តល់​កម្លាំងចិត្ត​បន្ថែមទៀត​សម្រាប់ Ronaldo ក្នុង​ការរក​គ្រាប់​បាល់​បន្ថែម​។​
​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​បាន​ប្រាប់​អ្នកកាសែត​ក្នុង​សន្និសីទ​ថា​៖ «Cristiano Ronaldo បាន​ត្រឡប់ទៅផ្ទះ​វិញ​នៅ​ព័រ​ទុយ​ហ្គា​ល់​។ គាត់​ចង់រក​គ្រាប់​បាល់​ឱ្យបាន​ច្រើនជាង​នេះ​បន្ថែមទៀត​»​។ 
​សម្រាប់​ជំនួប​មួយគូ​ទៀត​ដែល​ធ្វើ​នៅ​ម៉ោង​ដំណាលគ្នា​នេះ គឺ Sevilla ត្រូវ​ស្វាគមន៍ Borussia Dortmund នៅ​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ​៕

Tag:
 Champions League
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com