COVID-19
ជាតិ
​ច​ត្តា​ឡី​ស័ក​! អ្នក​គេច​វេះអា​ចរង​ពិន័យ​ដល់​៥​លាន​រៀល រីឯ​អ្នក​បញ្ចុះបញ្ចូល ឬ​ជួយ​លាក់បាំង​អាច​ដល់​៥០​លាន​រៀល​
18, Feb 2021 , 9:54 am        
រូបភាព
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ នេះ បានចេញ​អនុក្រឹត្យ​ចំនួន​២ ដែល​ផ្តោតលើ​ការពង្រឹង​វិធានការ​ច​ត្តា​ឡី​ស័ក​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​-១៩ និង​ការកែសម្រួល​មាត្រា​ស្តីពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​នៅតាម​ច្រកចេញចូល​។​

 
​អនុក្រឹត្យ​ទាំងពីរ​បាន​ផ្តោត​ជាពិសេស​ទៅលើ​ការផាកពិន័យ​ពាក់ព័ន្ធ​នឹង​ការមិន​គោរព​វិធាន​ច​ត្តា​ឡី​ស័ក​។ មាត្រា​៨​ថ្មី​នៃ​អនុក្រឹត្យ​ស្តីពី​ពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​នៅតាម​ច្រកចេញចូល ចែងថា អ្នកដំណើរ ឬ​ការី​នៃ​យាន​ដឹកជញ្ជូន ដែល​គេច​មិនឱ្យ​មន្ត្រី​ច​ត្តា​ឡី​ស័ក​ធ្វើការ​ត្រួតពិនិត្យ ឬ​មិន​សហការ​ជាមួយនឹង​មន្ត្រី​ច​ត្តា​ឡី​ស័ក ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ៥​លាន​រៀល និង​តម្រូវឱ្យ​អនុវត្ត​វិធានការ​សុខាភិបាល​។​
 
​រីឯ​ជន​ដែល​ផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬ​ជួយ​សម្រួល​ដោយ​ចេតនា​ដល់​អ្នកដំណើរ​ឬ​ការី​នៃ​យាន​ដឹកជញ្ជូន​ឲ្យ​គេច​ចេញពី​ការត្រួតពិនិត្យ ឬ​គេចវេះ​ពី​ការអនុវត្ត វិធានការ​ច​ត្តា​ឡី​ស័ក ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី​១០​លាន​ទៅ​៥០​លាន​រៀល​។​
 
​អនុក្រឹត្យ​ស្តីពី​វិធានការ​ច​ត្តា​ឡី​ស័ក​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចែង​លំ​អិតពី​កម្រៃ​ទាក់ទង​នឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក​។ បុគ្គល​ដែល​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក បុគ្គល​ដែល​គេច​ចេញពី​កន្លែង​ច​ត្តា​ឡី​ស័ក​ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក និង​បុគ្គល​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​មិន​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល​ដើម្បី​យក​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ ត្រូវ​រង​ពី​ពិន័យ​អន្តរការណ៍​ពី​១​លាន​រៀ​លទៅ​៥​លាន​រៀល​។​
 
​អ្នកផ្តើមគំនិត ដឹកនាំ ញុះញង់ បញ្ចុះបញ្ចូល ឬ​ជួយ​សម្រួល​ដល់​បុគ្គល​ឲ្យ​មានការ​គេចចេញ​ពី​ការត្រួតពិនិត្យ​របស់​ម​ន្ត្រី​ច​ត្តា​ឡី​ស័ក រួមទាំង​គ្រឹះស្ថាន​សុខាភិបាល​ឯកជន​ដែល​ជួយ​លាក់បាំង ឬ​មិនបាន​ជូនដំណឹង ត្រូវ​រង​ពិន័យ​អន្តរការណ៍​ពី​១០​លាន​ទៅ​៥០​លាន​រៀល​។​
 
​ក្រសួងសុខាភិបាល​ទទួល​បន្ទុក​លើ​ការពិន័យ​អន្តរការណ៍​។ ក្នុងករណី​ជនល្មើស​មិន ព្រម​បង់ប្រាក់​ពិន័យ​អន្តរការណ៍ ក្នុង​រយៈពេល​៣០​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ទទួលបាន​សេចក្ដីសម្រេច​ស្ដីពី​ការពិន័យ​អន្តរការណ៍ មន្ត្រី​ក្រសួងសុខាភិបាល​ដែលមាន​នីតិសម្បទា​ជា​នគរបាល យុត្តិធម៌ ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ជា​ធរមាន​។ 
 
​ការទទួល​ពិន័យ​អន្តរការណ៍​នេះ​មិន​ធ្វើ​ឲ្ជ​ន​ដែល​ប្រព្រឹត្ត​បទល្មើស​រួចផុត​ពី​ការទទួលខុសត្រូវ ខាង​ព្រហ្មទណ្ឌ​ផ្សេងទៀត​ដែលមាន​ចែង​នៅក្នុង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ព្រហ្មទណ្ឌ​ជា​ធរមាន​ឡើយ​។ ជន​ណា​ដែល​ក្លែងបន្លំ​ឯកសារ​ពាក់ព័ន្ធ​សុខភាព ក្នុង​គោលបំណង​គេចវេះ​ពី​ការអនុវត្ត វិធានការ​ច​ត្តា​ឡី​ស័ក ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ព្រហ្មទណ្ឌ​៕ 

អត្ថបទទាក់ទង
 

© រក្សាសិទ្ធិដោយ thmeythmey.com