កីឡាអន្តរជាតិ
អន្តរជាតិ
Porto ឈ្នះ Juventus ជា​លើកដំបូង​នៅ UCL ឯ Sevilla ចាញ់ Dortmund ក្នុង​ដី​
18, Feb 2021 , 10:49 am        
រូបភាព
FC Porto ស្គាល់​រសជាតិ​ឈ្នះ Juventus ជា​លើកដំបូង​ក្នុងការ​ប្រកួត Champions League នា​រយៈពេល​១៧​ឆ្នាំ តាមរយៈ​ជ័យជម្នះ​ដោយ​លទ្ធផល ២-១ នៅ​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ​។ Erling Braut Haaland ស៊ុត​ពីរ​គ្រាប់​ជួយ Borussia Dortmund យកឈ្នះ Sevilla ដល់ផ្ទះ​ក្នុង​លទ្ធផល ៣-២​។​



​នា​ជំនួប​ជើង​ទី​១ ដែល​ធ្វើ​នៅ​កីឡដ្ឋាន Estadio do Dragao នៅ​រាត្រី​ថ្ងៃទី​១៧ ខែកុម្ភៈ Mehdi Taremi បា​នរក​គ្រាប់​នាំមុខ​ឱ្យ​ម្ចាស់ផ្ទះ Porto ក្រោយ​ការប្រកួត​ដំណើរ​បាន​១​នាទី នៃ​វគ្គ​ទី​១​។ ចូលដល់​តង់​ទី​ពីរ ពោលគឺ​ត្រឹម​រយៈពេល​មិន​ដល់​១​នាទី​ផង ខ្សែប្រយុទ្ធ Moussa Marega បាន​បន្ថែម​គ្រាប់​ទី​២ ដើម្បី​នាំមុខ Juventus ពីរ​គ្រាប់ មុនពេល Federico Chiesa តាម​បាន​១​គ្រាប់​វិញ​នៅ​នាទី​៨២​។ ចប់​ការប្រកួត Porto ឈ្នះ Juventus ២-១​។​
 
​នេះ​ជា​ជ័យជម្នះ​លើកដំបូង​របស់​ក្រុម​ព័រ​ទុយ​ហ្គា​ល់ សម្រាប់​ការជួបគ្នា​ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​ទល់នឹង​ក្រុម​យក្ស​អ៊ីតាលី គិត​ចាប់ពី​ឆ្នាំ ២០០៤​មក​។ នេះ​មានន័យថា Juventus បានបញ្ចប់​កំណត់ត្រា​មិន​ចាញ់​របស់ខ្លួន​ក្រោម​ការដឹកនាំ​របស់លោក Andrea Pirlo ត្រឹម​រយៈពេល​១៧​ឆ្នាំ ខណៈ​សេះបង្កង់​ហាក់​ធ្លាក់​ទម្រង់​លេង​គួរសម​នៅ​រដូវ​កាល ២០២០-២១​នេះ​។​


 
​បើ​ទោះ​ចាញ់​នៅ​ជំនួប​នេះ តែ Juventus នៅមាន​ឱ្យ​កាស​ក្នុងការ​វាយបក​យកឈ្នះ​ក្នុងការ​ប្រកួត​ជើង​ទី​២​នៅ​ទឹកដី​ខ្លួន​វិញ ដែល​ធ្វើ​នៅ​រាត្រី​ថ្ងៃទី​៩ ខែមីនា​។​
 
​ដោយឡែក Borussia Dortmund បាន​យកឈ្នះ Sevilla ដល់ផ្ទះ​ក្នុង​លទ្ធផល ៣-២ នៅ​ជើង​ទី​១​។ ខ្សែប្រយុទ្ធ​វ័យក្មេង​ដែល​កំពុង​លេចធ្លោ Erling Braut Haaland រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​ឱ្យ​ក្រុម​អាល្លឺម៉ង់ ឯ​១​គ្រាប់​ទៀត​ធ្វើបាន​ដោយ Mahmoud Dahoud​។ Suso ជា​អ្នករ​គ្រាប់​នាំមុខ​ឱ្យ​ក្រុម​អេ​ស្ប៉ា​ញ Sevilla ហើយ Luuk de Jong រកបាន​គ្រាប់​ទី​២​។​
​តាមរយៈ​ជ័យជម្នះ​ក្រៅ​ដី​នេះ ធ្វើឱ្យ Dortmund ជា​ក្រុម​មានប្រៀប​សម្រាប់​ជំនួប​ជើង​ទី​២ ដែល​ត្រូវធ្វើ​នៅ​ទឹកដី​ខ្លួន នៅ​រាត្រី​ថ្ងៃទី​៩ ខែមីនា​៕
 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com