អន្តរជាតិ
ឥណ្ឌូណេស៊ី កំពុង​ជជែក​ជា​សមាជិក​អាស៊ាន​ផ្សេងទៀត​ដើម្បី​ដោះស្រាយ​វិបត្តិ​មី​យ៉ាន់​ម៉ា​
18, Feb 2021 , 8:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi (ខាងឆ្វេង) ជាមួយសមភាគីព្រុយណេ លោក Dato Erywan ។ រូបភាព៖ Twitter-Retno Marsudi
រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi (ខាងឆ្វេង) ជាមួយសមភាគីព្រុយណេ លោក Dato Erywan ។ រូបភាព៖ Twitter-Retno Marsudi
​ឥណ្ឌូណេស៊ី ដែល​ត្រូវបាន​ចាត់ទុកជា​បងធំ​របស់​អាស៊ាន កំពុង​ពិភាក្សា​ជាមួយ​រដ្ឋ​សមាជិក​ឯទៀត​ដើម្បី​រៀបចំ​ជំនួប​ថ្នាក់​រដ្ឋមន្ត្រីការបរទេស សំដៅ​រក​ដំណោះស្រាយ​បញ្ហានយោបាយ​នៅ​មី​យ៉ាន់​ម៉ា​។ ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី លោកស្រី Retno Marsudi នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ បាន​ទៅ​ព្រុយ​ណេ​ដែលជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២១ ដើម្បី​ជជែក​ពី​បញ្ហា​នេះ​។

 
​ថ្មី​នេះ ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក​ចូ​កូ វី​ដូ​ដូ និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មូ​ហ៊ី​ឌី​ន យ៉ា​ស៊ីន មាន​ជំនួប​ទ្វេភាគី​មួយ ដើម្បី​ជជែក​គ្នា​លើ​បញ្ហា​ទំនាក់ទំនង​ទ្វេភាគី​។ បញ្ហា​មី​យ៉ាន់​ម៉ា ក៏​ជា​របៀបវារៈ​មួយ​នៃ​កិច្ចប្រជុំ​នេះដែរ​។ ក្នុង​កិច្ចប្រជុំ​នោះ មេដឹកនាំ​ទាំងពីរ បាន​ប្រាប់​រដ្ឋមន្ត្រីការបរទេស​របស់ខ្លួន ឱ្យ​ស្នើ​ទៅ​ប្រធាន​អាស៊ាន​ឱ្យ​រៀបចំ​ជំនួប​ពិសេស​មួយ​។ 
 
​ក្នុង​ថ្ងៃទី​១៧ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ព្រុយ​ណេ ដែលជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន​ក្នុង​ឆ្នាំ​២០២១ ។ លោកស្រី​បាន​ជួប​ជាមួយ​ស៊ុ​លត​ង់​ព្រុយ​ណេ ហា​សា​ណា​ល់ ប៊ូល​គៀ ដើម្បី​ជជែក​ពី​បញ្ហា​មី​យ៉ាន់​ម៉ា និង​លទ្ធភាព​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​បរទេស​អាស៊ាន​។​
 
​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ប្រព័ន្ធ​អន​ឡាញ​ពី​ព្រុយ​ណេ លោកស្រី Retno Marsudi បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ស្តេច​ស៊ុ​លត​ង់ ក៏បាន​បញ្ជាក់​ពី​ភាពចាំបាច់ នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ក្នុងនាម​ជា​គ្រួសារ​មួយ​ដែរ​»​។ 
 
​បើតាម​លោកស្រី Marsudi ក្នុងនាម​ជា​គ្រួសារ វា​គឺជា​ការទទួលខុសត្រូវ​របស់​សមាជិក​អាស៊ាន ក្នុង​ការគោរព​គោលការណ៍​ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​អាស៊ាន​។ ក្នុង​ធម្មនុញ្ញ​អាស៊ាន បានចែង​ពី​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ​, អភិបាលកិច្ច​ល្អ​, នីតិរដ្ឋ លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​។ ចេញពី​ព្រុយ​ណេ ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី ត្រូវ​ទៅ​សិង្ហ​បុរី​បន្តទៀត​។ 
 
​មុន​ដំណើរ​ទស្សនកិច្ច​ទៅ​ព្រុយ​ណេ លោកស្រី Marsudi ក៏បាន​បញ្ជាក់​ផងដែរ​ថា យន្តការ​អាស៊ាន គួរតែ​ប្រើ​ឱ្យបាន​ល្អ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នៅ​មី​យ៉ាន់​ម៉ា​។ មិន​ត្រឹមតែ​ជាមួយ​អាស៊ាន​ប៉ុណ្ណោះ​ទេ រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី​រូបនេះ ក៏បាន​ជជែក​បញ្ហា​មី​យ៉ាន់​ម៉ា ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀត ដូចជា អាមេរិក ឥណ្ឌា ជប៉ុន និង​អង់គ្លេស​ផងដែរ​។ 
 
​ស្របពេល​នឹង​ឥណ្ឌូណេស៊ី​កំពុង​ស្វែងរក​ការគាំទ្រ​ឱ្យ​អាស៊ាន​បើក​កិច្ចប្រជុំ ស្ថានការណ៍​នៅក្នុង​មី​យ៉ាន់​ម៉ា កំពុង​តែមាន​ភាព​តានតឹង​។ ប្រជាជន បានមក​ធ្វើបាតុកម្ម​ជាច្រើន​ម៉ឺន​នាក់​នៅ​ស្ទើ​តែ​ទូទាំងប្រទេស ដើម្បី​ប្រឆាំង​រដ្ឋប្រហារ​យោធា​។ អ្នកចូលរួម​ក្នុង​បាតុកម្ម​នេះ មាន​ចាប់ពី​និស្សិត ព្រះសង្ឃ តារា​សម្តែង អ្នកដឹកនាំ​រឿង ប្រជាជន​សាមញ្ញ ដល់​អ្នកនយោបាយ​។ អ្នក​ទាំងនោះ បានបង្ហាញ​ការមិន​ពេញចិត្ត តាមរយៈ​ស្រែក​ទាមទារ​ឱ្យ​ក្រុម​យោធា​ចុះ​ចេញពី​អំណាច ដោះលែង​មេដឹកនាំ​ស៊ីវិល គោះ​ឆ្នាំង​គោះ​ចាន ចត​រថយន្ត​លើ​ដងផ្លូវ និង​ស្ពាន ក៏ដូចជា​ធ្វើ​កូដកម្ម​បិទផ្លូវ​រថភ្លើង​ជាដើម​។ 
 
​មនុស្ស​ជិត​៥០០​នាក់​ហើយ ត្រូវបាន​ចាប់ខ្លួន​។ លើសពីនោះ រដ្ឋាភិបាលយោធា ក៏បាន​ចេញ​ដីកាចាប់ខ្លួន​តារា​ល្បីឈ្មោះ​ចំនួន​៦​នាក់ ដែល​បាន​ប្រើប្រាស់​ប្រជាប្រិយភាព​របស់​ពួកគេ អំពាវនាវ​ឱ្យ​បុគ្គលិក​រដ្ឋ និង​មនុស្ស​ផ្សេងទៀត ចូលរួម​ធ្វើបាតុកម្ម និង​កូដកម្ម​ប្រឆាំង​ក្រុម​យោធា​។ មនុស្ស​ទាំង ៦​នាក់​នេះ ត្រូវ​ចោទ​ក្រោម​មាត្រា ៥០៥ នៃ​ក្រមព្រហ្មទណ្ឌ​មី​យ៉ាន់​ម៉ា ដែល​ហាមឃាត់​ការ​ញុះញង់​ប្រឆាំង​ក្រុម​យោធា​៕

Tag:
 ​ឥណ្ឌូណេស៊ី​
  មី​យ៉ាន់​ម៉ា​
  ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com