កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ទារ​៤០​លាន​ដុល្លារ ដើម្បី​វ៉ៃ​ជាមួយ​អ្នក​ប្រដាល់​មិនដែល​ចាញ់ Crawford
18, Feb 2021 , 9:59 pm        
រូបភាព
​កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន Manny Pacquiao ចង់បាន​ថ្លៃ​ខ្លួន​ចំនួន ៤០​លាន​ដុល្លារ​អាមេរិក ដើម្បី​ឡើង​វាយ​ទល់នឹង Terence Crawford នៅ​សង្វៀន​ក្នុងប្រទេស​កាតា​។​



Pacquiao ដែល​ទើប​ក្លាយជា​ប្រធាន​គណបក្សកាន់អំណាច​ហ្វីលីពីន PDP-Laban ខកខាន​ឡើង​ប្រកួត​ចាប់តាំងពី​ខែកក្កដា ឆ្នាំ ២០១៩ ម្លេះ ដ្បិត​ការវិលត្រឡប់​ទៅ​សង្វៀន​របស់ខ្លួន​ត្រូវបាន​ពន្យារពេល​ដោយសារ​វិបត្តិ​ជំងឺ COVID-19​។​
 
​យ៉ាងណាក៏ដោយ​បើតាម​ការចុះផ្សាយ​របស់​សែត MARCA ការ​ត្រឡប់​ទៅ​សង្វៀន​ជាថ្មី ដែល​អាច​នឹងត្រូវ​ប៉ះ​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក Crawford ផង​នោះ Pacquiao បានទាមទារ​ថ្លៃ​ខ្លួន​ដល់​ទៅ​៤០​លាន​ដុល្លារ​ឯណោះ​។​
 
​ស្តេច​ប្រដាល់​អាស៊ី វ័យ​៤៣​ឆ្នាំ​រូបនេះ បាន​ប្រាប់​ទៅ​លោក Bob Arum អតីត​ភ្នាក់ងារ​របស់ខ្លួន ដែល​បច្ចុប្បន្ន​ទៅធ្វើ​ការ​ជាមួយ Crawford ថា​៖ «​ខ្ញុំ​ចង់បាន​៤០​លាន ហើយ Crawford ទទួលបាន​១០​លាន​»​។​
 
Crawford វ័យ​៣៣​ឆ្នាំ អ្នក​ប្រដាល់​មិន​ស្គាល់​ចាញ់​សញ្ជាតិ​អាមេរិក ដែល​គេ​ជឿជាក់ថា​នឹងត្រូវ​ប៉ះ Errol Spence នៅ​ឆ្នាំ​២០២១​នេះ អះអាងថា​ខ្លួន​រង់ចាំ​ជានិច្ច​សម្រាប់​ការជួបគ្នា​ទល់នឹង Pacquiao នៅ​ជំនួប​បន្ទាប់​។​
 
​ស្របពេល​គ្នា​នេះដែរ កាសែត SunSport ក៏បាន​ចុះផ្សាយ​ដែរ​ថា កាលពី​ខែធ្នូ​កន្លងទៅ​លោក Arum មាន​កិច្ចព្រមព្រៀង​ជាស្រេច​ហើយ​សម្រាប់​ការជួបគ្នា​រវាង Crawford និង Pacquiao នៅ​សង្វៀន​ប្រទេស​កាតា​។ 
 
Crawford ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​៣​ស្ថាប័ន មាន​ប្រវត្តិ​ប្រកួត​៣៧​លើក​មិនដែល​ចាញ់ ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ចំនួន​២៨​លើក​។ ដោយឡែក អ្នក​ប្រដាល់ និង​ជា​អ្នកនយោបាយ​ហ្វីលីពីន Pacquiao មាន​ប្រវត្តិ​ប្រកួត ៧១​ដង ឈ្នះ​៦២ ចាញ់​៧ និង​ស្មើ​២ ក្នុងនោះ​ផ្តួល​ដៃគូ​មិន​ឲ្យ​តដៃ​រួច​ចំនួន​៣៩​លើក​៕

Tag:
 Manny Pacquiao
  Terence Crawford
© រក្សាសិទ្ធិដោយ thmeythmey.com