អន្តរជាតិ
បារាំង​និង​អាល្លឺម៉ង់ និយាយ​គ្នា​មិនទាន់​ត្រូវ​លើ​ការអភិវឌ្ឍ​យន្តហោះ​ចម្បាំង​ជំនាន់​ថ្មី​
18, Feb 2021 , 10:59 pm        
រូបភាព
ដោយ:
​បារាំង និង​អាល្លឺម៉ង់​ចាប់ផ្តើម​ពិភាក្សាគ្នា​ជាថ្មី​ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់គាំង​ក្នុង​គម្រោង​អភិវឌ្ឍ​យន្តហោះ​ចម្បាំង​រួមគ្នា​។ គម្រោង​រួមគ្នា​នេះ ជាការ​ចំណាយ​លើ​វិស័យ​ការពារជាតិ​ក្នុងតម្លៃ​ដ៏​ច្រើន​បំផុត ហើយក៏​ជា​ប្រភព​នៃ​ភាព​តានតឹង​រវាង​ប៉ារីស និង​បែរ​ឡាំង​លើ​វិស័យ​សន្តិសុខ និង​ឧស្សាហកម្ម​សព្វាវុធ​។​

 
​គម្រោង​ដែលមាន​តម្លៃ​ជាង​១២០​ពាន់​លាន​ដុល្លារ ដែលមាន​ឈ្មោះ​ប្រព័ន្ធ​ប្រយុទ្ធ​ផ្លូវអាកាស​នាពេល​អនាគត (FCAS) ជា​គម្រោង​រួម​ដែល​ផ្តួចផ្តើម​ដោយ​បារាំង និង​អាល្លឺម៉ង់ ដោយ​បន្ទាប់មក​ចូលរួម​ដោយ​អេ​ស្ប៉ា​ញ​។ គម្រោង​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​អភិវឌ្ឍ​យន្តហោះ​ថ្មី​ជំនួស​យន្តហោះ​ចម្បាំង Rafale របស់​បារាំង និង Eurofighter របស់​អាល្លឺម៉ង់​និង​អេ​ស្ប៉ា​ញ​នៅ​ឆ្នាំ​២០៤០​។​
 
​ទោះ​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០១៧ បន្ទាប់ពី​ទទួលបាន​ការយល់ព្រម​ពី​សភា​នៃ​ប្រទេស​បារាំង និង​អាល្លឺម៉ង់ ប្រទេស​ទាំងពីរ​នៅ​មិនទាន់​អាច​ដោះស្រាយ​លើ​ការចំណាយ ការមិនទុកចិត្ត​គ្នា ក៏ដូចជា​ទំនួល​ខុសត្រូវ​ការងារ​។ ជាក់ស្តែង​កាលពី​ខែ​ដើមខែ​កុម្ភៈ​កន្លងទៅ ប្រធានាធិបតី​បារាំង និង​អធិការបតី​អាល្លឺម៉ង់​ពុំ​អាច​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះឡើយ ដោយ​នាំឱ្យ​ទឹកប្រាក់​ជាង​៦​ពាន់​លាន​ដុល្លារ​មិនអាច​យកទៅ​ប្រើប្រាស់​ក​ម្រោ​ង​នេះ​បាន​។​
 
​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ មន្ត្រី​ការពារជាតិ​បារាំង អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញ ក៏ដូចជា​តំណាង​ក្រុមហ៊ុន​Dassault, Airbus និង Indra ជួបពិភាក្សា​នៅ​រដ្ឋធានី​ប៉ារីស​ដើម្បី​ដោះស្រាយ​ឧបសគ្គ​ទាំងនោះ​។ កម្មសិទ្ធិបញ្ញា​ក៏​ជា​ចំណ​យ​ច​ច​ចម្បង​មួយ​ដែល​ភាគី​ទាំងឡាយ​និយាយ​គ្នា​មិនត្រូវ​ផងដែរ​។​
 
​ក្រុមហ៊ុន Dassault បារម្ភ​ចំពោះ​ការទាមទារ​របស់​អាល្លឺម៉ង់​ដែល​ចង់បាន​ចំណេះដឹង​ស្តីពី​ការ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ ចំណែក​ក្រុមហ៊ុន Airbus វិញ ចង់បាន​ចំណែក​ស្មើគ្នា​ក្នុង​កិច្ចការ​អភិវឌ្ឍ​ប្រព័ន្ធ​យន្តហោះ​ចម្បាំង​ថ្មី​នេះ​។ វត្តមាន​របស់​អេ​ស្ប៉ា​ញ​ក្នុង​ឆ្នាំ ២០១៩ កាន់តែ​ធ្វើឱ្យ​ការងារ​នេះ​កាន់តែ​ស្មុគស្មាញ​បន្ថែមទៀត​លើ​ការបែងចែក​ការងារ​គ្នា​។ អាល្លឺម៉ង់​ទាមទារ​ឱ្យ​បារាំង​អនុញ្ញាតឱ្យ​ខ្លួន​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​ប្រទេស​ទាំងពីរ​នឹង​អភិវឌ្ឍ​រួមគ្នា ទៅប្រើ​ប្រាស់​ក្នុង​គម្រោង​ដទៃទៀត​នាពេល​អនាគត​។​
 
​ការស្វែងរក​ចំណុចរួម​មិនឃើញ​រវាង​បារាំង​និង​អាល្លឺម៉ង់​នេះហើយ ក៏​នាំឱ្យ​គំនិត​ពីរ​ដែល​ក្នុងការ​សាងសង់​គំរូ​យន្តហោះ​។ បើ​ដូចនេះ​មែន គម្រោង​ទាំងពីរ​នោះ​នឹង​បង្ហាញ​ពី​គំនិត​ផ្សេងគ្នា​នៃ​កម្មវិធី FCAS ដែរ​។ 
 
​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា តំណាងរាស្ត្រ​បារាំង​មួយរូប​លើកឡើង​ពី​ភាពមិន​ទុកចិត្ត​លើ​ស្ថិរភាព​នៃ​គម្រោង​នេះ​។ តំណាងរាស្ត្រ​មិន​បញ្ចេញ​ឈ្មោះ​រូបនេះ​ជឿថា បារាំង ប្រហែលជា​ងាយ​ធ្វើការ​ជាង​បើសិនជា​ដៃគូ​ក្នុង​គម្រោង​នេះ​ជា​អង់គ្លេស ព្រោះ​ប្រទេស​ទាំងពីរ​មាន​ទស្សន​នៃ​ការធ្វើ​សង្គ្រាម​ដូចគ្នា​។ បារាំង និង​អង់គ្លេស​ធ្លាប់​ចាប់ដៃគ្នា​អភិវឌ្ឍ​យន្តហោះ​ដឹក​អ្នកដំណើរ​លឿន​ជាង​សំឡេង Concorde នៅ​អំឡុង​ទសវត្សរ៍​៧០ ដែល​យន្តហោះ​នោះ​បន្ត​ប្រតិបត្តិការ​ដល់​ឆ្នាំ​២០០៣​។​
 
​សូមបញ្ជាក់ថា បារាំង​មានបំណង​ធ្វើ​ទំនើប​កម្មវិស័យ​យោធា​របស់ខ្លួន ជាពិសេស​វិស័យ​ទ័ពអាកាស ចំណែក​អាល្លឺម៉ង​វិញ​ពុំទាន់​ចង់​ធ្វើ​ទំនើបកម្ម​អ្វី​ឡើយ ដោយ​ទ័ពអាកាស​របស់ខ្លួន​ប្រើប្រាស់​ផលិតផល​ក្រុមហ៊ុន Airbus ដែលមាន​តម្លៃថោក​ក្នុងការ​ថែទាំ និង​រៀបចំ​។ រដ្ឋមន្ត្រី​ការពារជាតិ​បារាំង និង​អាល្លឺម៉ង់ នឹង​ជួបគ្នា​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​៕
 
 

Tag:
 បារាំង​
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com