តុលាការភ្នំពេញ បានបន្តបើកសវនាការ លើសំណុំរឿងរបស់សកម្មជននៃអតីតគណបក្សប្រឆាំង នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ វា ជាសវនាការលើកទី៤ហើយ តែសនាការទាំង៤លើកនេះ មិនទាន់ឈានការសម្រេចសេចក្តីអ្វីឡើយ។
លោក ឡោ ជុនធី មេធាវីការពារក្តី ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា មានជនជាប់ចោទតែ៤នាក់ប៉ុណ្ណោះ ដែលជាកូនក្តីរបស់លោក បានចូលរួមសវនាការលើកទី៤នេះ ហើយក្នុងចំណោម៤នាក់នោះ ចៅក្រម សួរបានតែ២នាក់ទេ គឺលោក នៅ វិចិត្រ និងយុវជន ហ៊ី សុខជា។ លោកមេធាវី អះអាងថា សវនាការលើកនេះ ក៏មិនសូវខុសពីលើកមុនដែរ ដោយចៅក្រម ផ្តោតខ្លាំងទៅលើការចោទសួររឿងចូលរួមគាំទ្រផែនការមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ (ផែនការ៩វិច្ឆិកា)។
យុវជន ហ៊ី សុខជា ធ្លាប់បង្ហោះសារលើបណ្តាញសង្គម បង្ហាញការគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី និងធ្លាប់ទៅជួបលោក សម រង្ស៊ី នៅម៉ាឡេស៊ី។ កាលនោះ លោក សម រង្ស៊ី បានទៅជួបអ្នកគាំទ្រនៅម៉ាឡេស៊ី ហើយបាននិយាយដល់ផែនការមាតុភូមិនិវត្តរបស់លោក។
លោកមេធាវី ឡោ ជុនធី លើកឡើងពីចម្លើយរបស់យុវជន ហ៊ី សុខជា ដែលសារភាពក្នុងសវនាការថា រូបគេ បានទៅម៉ាឡេស៊ី ដើម្បីចូលរួមសិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំ ដោយគ្មានបំណងទៅជួបលោក សម រង្ស៊ី ដើម្បីប្រជុំឬពិភាក្សាពីផែនការ៩វិច្ឆិកាឡើយ។
ដោយឡែក លោក នៅ វិចិត្រ វិញ មិនបានបង្ហោះសារលើទំព័រហ្វេសប៊ុកឬទៅជួបលោក សម រង្ស៊ី នៅម៉ាឡេស៊ីនោះទេ តែលោក ធ្លាប់ជួបជុំគ្នាហើយបានជជែកគ្នាខ្លះៗពីផែនការវិលត្រឡប់របស់លោក សម រង្ស៊ី។ នេះជាចម្លើយរបស់លោក នៅ វិចិត្រ ដែលផ្តល់ទៅចៅក្រម ក្នុងសវនាការ ហើយត្រូវបានលោកមេធាវី ឡោ ជុនធី ប្រាប់មកសារព័ត៌មានថ្មីៗ។
យោងតាមចម្លើយទាំងនេះ លោកមេធាវី យល់ថា អ្វីដែលកូនក្តីរបស់លោកបានធ្វើ គឺមិនពាក់ព័ន្ធនឹងបទល្មើសឡើយ។ លោក បញ្ជាក់ថា៖«តាមផ្លូវច្បាប់ ដូចជា មិនដូចការចោទប្រកាន់ទេ»។
សំណុំរឿងខាងលើនេះ ត្រូវបានតុលាការ លើកយកទៅបើកសវនាការជំនុំជម្រះលើកទី១ កាលពីដើមខែធ្នូ ឆ្នាំ២០២០។ សវនាការលើកទី៥ នឹងត្រូវធ្វើឡើង នៅថ្ងៃទី២៥ ខែកុម្ភៈ ហើយនឹងធ្វើឡើងជាបន្តបន្ទាប់ទៀត។ បើតាមលោកមេធាវី ឡោ ជុនធី សវនាការនេះ ត្រូវតុលាការ គ្រោងបើករហូតដល់ខែមេសា ឆ្នាំ២០២១ ទើបអាចបញ្ចប់។ តែលោកមេធាវី មិនប្រាកដឡើយថា សវនាការនេះ អាចបញ្ចប់នៅខែមេសា តាមការគ្រោងទុករបស់តុលាការឬក៏អត់។
មនុស្ស ដែលស្ថិតក្នុងសំណុំរឿងនេះ មានដល់ទៅជាង១០០នាក់ឯណោះ ដោយភាគច្រើនជាអ្នកសកម្មជននិងជាអ្នកគាំទ្ររបស់អតីតគណបក្សប្រឆាំង ហើយក៏មានមួយចំនួន ជាមន្ត្រីអង្គការសង្គមស៊ីវិល។ ពួកគេ ជាប់បទចោទចំនួន២ដូចគ្នា គឺបទរួមគំនិតក្បត់ [ជាតិ] និង បទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ អង្គហេតុ ដែលធ្វើឲ្យពួកគេ រងបទចោទទាំង២នេះ គឺដោយសារតែតុលាការ សង្ស័យថា ពួកគេ ជាប់ពាក់ព័ន្ធនឹងផែនការ៩វិច្ឆិការបស់លោក សម រង្ស៊ី។
រដ្ឋាភិបាលកម្ពុជា ចាត់ទុកការរៀបចំផែនការវិលត្រឡប់របស់លោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ថាដើម្បីមកផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ យ៉ាងណា លោក សម រង្ស៊ី និងក្រុមប្រឆាំងមិនបានវិលចូលស្រុកតាមការគ្រោងទុកឡើយ។ លោក ចោទរដ្ឋាភិបាលថា បានហាមក្រុមហ៊ុនយន្តហោះ មិនឲ្យដឹងលោកមកកម្ពុជា ព្រោះខ្លាចវត្តមានរបស់លោក ខណៈកាលនោះ រដ្ឋាភិបាល តបវិញថា លោក មិនហ៊ានមកខ្លួនឯង។
លោក សម រង្ស៊ី និងមេដឹកនាំជាន់ខ្ពស់មួយចំនួនទៀត ដែលកំពុងរស់នៅឯក្រៅប្រទេស ត្រូវតុលាការកម្ពុជា ចោទពីបទឧបឃាត គឺសំដៅលើការផ្តើមគំនិតរៀបផែនការផ្តួលរំលំរដ្ឋាភិបាល៕