COVID-19
អន្តរជាតិ
Pfizer ថា វ៉ាក់សាំងខ្លួនថយប្រសិទ្ធភាពមួយភាគទល់នឹងកូវីដ-១៩ ទម្រង់ថ្មីនៅអាហ្វ្រិកខាងត្បូង ក្រុមហ៊ុនផលិតឱសថ Pfizer។ រូបភាព៖AFP
× លទ្ធផលនៃមន្ទីរពិសោធន៍បង្ហាញថា មេរោគកូវីដ-១៩ ទម្រង់ថ្មីដែលមានប្រភពពីអាហ្វ្រិកខាងត្បូង អាចនឹងកាត់បន្ថយសមត្ថភាពក្នុងការបង្កើតភាពស៊ាំរបស់វ៉ាក់សាំង Pfizer/BioNTech រហូតដល់ទៅ២ភាគ៣។ នេះបើតាមការប្រកាសសរបស់ក្រុមហ៊ុន Pfizer នៅថ្ងៃទី១៨ ខែមករា។ ក្រុមហ៊ុនPfizer ក៏អះអាងថា ខ្លួនពុំទាន់អាចបញ្ជាក់ឱ្យប្រាកដឡើយថា វ៉ាក់សាំងដែលខ្លួនអភិវឌ្ឍ អាចនឹងមានប្រសិទ្ធភាពប្រឆាំងទៅនឹងការបំប្លែងខ្លួនថ្មីៗទៀតនៅពេលអនាគតឬយ៉ាងណាឡើយ។
ក្នុងការស្រាវជ្រាវរវាងសាខាសាកលវិទ្យាល័យវេជ្ជាសាស្ត្រតិចសាស់ (UTMB) និងក្រុមហ៊ុន Pfizer អ្នកវិទ្យាសាស្ត្រយកវីរុសដែលមានទម្រង់ថ្មី ទៅធ្វើតេស្តលើឈាមរបស់អ្នកដែលទទួលបានវ៉ាក់សាំងPfizer ។ ការស្រាវជ្រាវនេះ បង្ហាញថា ការណ៍ដែលធ្វើមេរោគលែងរីកលូតលាស់ធ្លាក់ចុះដល់ទៅជាង២ភាគ៣ ធៀបទៅនឹងការធ្វើតេស្តផ្សេងទៀត។
លើសពីនោះ អ្នកវិទ្យាសាស្ត្រមិនទាន់ច្បាស់ទេថា ការថយចុះជាង២ភាគ៣នេះ នឹងធ្វើឱ្យវ៉ាក់សាំងលែងអាចប្រើការកើតក្នុងការទប់ស្កាត់ទម្រង់ថ្មីរបស់មេរោគនៅឡើយនោះទេ។ ប៉ុន្តែលោក Pei-Yong Shi សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ UTMB ជឿថាវ៉ាក់សាំង Pfizer នៅអាចមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ទម្រង់ថ្មីនេះ។ នេះយោងតាមទីភ្នាក់ងារព័ត៌មានReuters។
«យើងមិនទាន់ដឹងតួលេខអប្បរមាក្នុងការបញ្ឈប់ការឆ្លងមេរោគឡើយ។ យើងមិនមានតួលេខច្បាស់លាស់ឡើយ»។ យ៉ាងណាក្តី លោកសង្ស័យថា ការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ ទំនងជាអាចមានកម្រិតខ្ពស់លើសពីការចាំបាច់ក្នុងការបង្កើតការការពារពីជំងឺ។
បើទោះបីជាវ៉ាក់សាំងថមថយប្រសិទ្ធភាពក៏ពិតមែន វ៉ាក់សាំងនេះនៅអាចផ្តល់ការការពារខ្លះប្រឆាំងនឹងការឈឺធ្ងន់ និងស្លាប់ដោយសារជំងឺកូវីដ-១៩។ សម្រាប់អ្នកជំនាញសុខភាពអ្វីដែលសំខាន់បំផុត គឺការផ្តល់ការពារក្នុងកម្រិតមួយដើម្បីធ្វើយ៉ាងណាកុំឱ្យមានអ្នកជំងឺច្រើនជាងសមត្ថភាពដែលមន្ទីរពេទ្យអាចទទួលយកបាន។ ក្រុមហ៊ុន Pfizer និងBioNTech ក៏កំពុងធ្វើតេស្តលើប្រសិទ្ធភាពនៃវ៉ាក់សាំងខ្លួនលើទម្រង់ថ្មីដែលមានប្រភពពីប្រស៊ីលផងដែរ។
លោក Shi និយាយថា មានការងារជាច្រើនទៀតដែលត្រូវធ្វើដើម្បីយល់ពីការការពាររបស់វ៉ាក់សាំងទល់នឹងទម្រង់មេរោគថ្មី។ ជាក់ស្តែងការពិសោធត្រូវធ្វើឡើងដើម្បីកំណត់កម្រិតអង់ទីគ័រក្នុងការការពាររាងកាយ។ ក្រុមហ៊ុន Pfizer និយាយថាខ្លួនកំពុងពិភាក្សាជាមួយនិយ័តករសុខាភិបាលអាមេរិកចំពោះការអភិវឌ្ឍវ៉ាក់សាំងប្រភេទថ្មីមួយផ្សេងទៀត ឬចាក់មួយដូសថែមទៀតបើចាំបាច់ក្នុងការធ្វើឱ្យមេរោគលែងរីករាលដាលក្នុងរាងកាយ។
ចំណែកការស្រាវជ្រាវរបស់ក្រុមហ៊ុន Moderna វិញ ក៏បង្ហាញផងដែរថា ប្រសិទ្ធភាពនៃវ៉ាក់សាំងខ្លួនធ្លាក់ចុះដល់ទៅ៦ដង ទល់ទៅនឹងមេរោគកូវីដ-១៩ទម្រង់ថ្មីដែលមានប្រភពពីអាហ្វ្រិកខាងត្បូង។ ក្រៅតែពីPfizer និង Moderna វ៉ាក់សាំងរបស់ក្រុមហ៊ុនAstraZeneca ក៏ថមថយប្រសិទ្ធភាពក្នុងការការពារផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com