អន្តរជាតិ
អង់គ្លេស និង​កាណាដា​ដាក់ទណ្ឌកម្ម​លើ​មេដឹកនាំ​របប​យោធា​មី​យ៉ាន់​ម៉ា​
19, Feb 2021 , 10:07 am        
រូបភាព
ប៉ូលិសមីយ៉ាន់ម៉ាឈរត្រៀមទប់ទល់ការតវ៉ា។ រូបថត AFP
ប៉ូលិសមីយ៉ាន់ម៉ាឈរត្រៀមទប់ទល់ការតវ៉ា។ រូបថត AFP
​បន្ទាប់ពី​អាមេរិក ដល់​វេន​អង់គ្លេស និង​កាណាដា​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​របប​យោធា​មី​យ៉ាន់​ម៉ា​ដែល​ដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​នៅ​ខែកុម្ភៈ​នេះ​។ អង់គ្លេស ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​សំខាន់ៗ​បីនាក់​ក្នុង​ក្បាលម៉ាស៊ីន​រដ្ឋាភិបាលយោធា តែ​មិនមាន​ឈ្មោះ​ប្រមុខ​របប​យោធា​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង ឡើយ ចំណែក​កាណាដា​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​៩​នាក់​ដែរ​។ ទណ្ឌកម្ម​រួម​មានការ​បង្កក​ទ្រព្យសម្បត្តិ និង​ការ​រឹតត្បិត​ការធ្វើដំណើរ​។​

 
​ក្នុង​សេចក្ដីប្រកាស​ថ្ងៃទី​១៨ ខែកុម្ភៈ អង់គ្លេស​បានដាក់​ទណ្ឌកម្ម​លើ​រដ្ឋមន្ត្រី​ពីរ​នាក់ និង​អនុរដ្ឋមន្ត្រី​ម្នាក់ ​ទាក់ទង​ការបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្រោយ​ការធ្វើ​រដ្ឋប្រហារ​។ អ្នក​ទាំងបី​រួមមាន​រដ្ឋមន្ត្រី​ការពារជាតិ Mya Tun Oo, រដ្ឋមន្ត្រី​មហាផ្ទៃ Soe Htut និង​អនុរដ្ឋមន្ត្រី​មហាផ្ទៃ Than Hlaing ។ ពួកគេ​ទាំងបី នឹងត្រូវ​អង់គ្លេស​បង្កក​ទ្រព្យសម្បតិ្ត ហើយ​មិនត្រូវ​បានអនុញ្ញាត​ឱ្យធ្វើ​ដំណើរ​ទៅកាន់​អង់គ្លេស​ឡើយ​។ 
​អគ្គមេបញ្ជាការ​កងទ័ព ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង និង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​ទណ្ឌកម្ម​ឡើយ ព្រោះ​ស្ថិតក្រោម​ទណ្ឌកម្ម​អង់គ្លេស​ស្រាប់​ហើយ​។  
 
«​យើង​រួមជាមួយ​សម្ពន្ធមិត្ត​អន្តរជាតិ នឹង​ឱ្យ​យោធា​មី​យ៉ាន់​ម៉ា​ទទួលខុសត្រូវ​ចំពោះ​ការបំពាន​សិទ្ធិមនុស្ស និង​ស្វែងរក​យុត្តិធម៌​ឱ្យ​ប្រជាជន​មី​យ៉ាន់​ម៉ា​។​» រដ្ឋមន្ត្រីការបរទេស​អង់គ្លេស Dominic Raab បញ្ជាក់​បែបនេះ​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ​។ បន្ថែម​ពីលើ​ទណ្ឌកម្ម អង់គ្លេស​ក៏​ចេញ​វិធានការ​ដើម្បី​បញ្ចៀស​ការផ្ដល់​ជំនួយ​មិនផ្ទាល់​ដល់​យោធា​ផងដែរ​។​
 
​នៅ​ថ្ងៃ​ដដែល កាណាដា​ក៏​ប្រកាស​ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​៩​នាក់​ដែរ ​ទាក់ទង​ការឃុំខ្លួន​មនុស្ស​ទ្រង់ទ្រាយ​ធំ ការប្រើ​កម្លាំង និង​ការ​រឹតត្បិត​សេរីភាព​ប្រជាធិបតេយ្យ​។ ក្នុង​សេចក្ដីថ្លែងការណ៍​មួយ ប្រមុខ​ការទូត​កាណាដា Marc Garneau ក៏​ប្ដេជ្ញា​ធ្វើការ​ជាមួយ​ដៃគូ​អន្តរជាតិ​ ដើម្បី​នាំយក​រដ្ឋាភិបាល​ជាប់​ឆ្នោ​តាម​ប្រជាធិបតេយ្យ​ ឱ្យ​ដឹកនាំ​ប្រទេស​វិញ និង​ស្នើឱ្យ​របប​យោធា​ដោះលែង​អ្នក​ជាប់ឃុំ​ពេលធ្វើ​រដ្ឋប្រហារ​។​
 
​មកទល់ពេលនេះ របប​យោធា បាន​ចាប់ខ្លួន​មនុស្ស​ជាង​៥០០​នាក់​ហើយ ​ដែល​រាប់ទាំង​លោកស្រី អ៊ុង​សាន ស៊ូ​ជី ផងដែរ​។ អាជ្ញាធរ​ ក៏​ចាប់ខ្លួន​បាតុករ​ជា​បន្តបន្ទាប់ ​អំឡុងពេល​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​ថ្ងៃទី​១ ខែកុម្ភៈ​។ បុគ្គល​ជាច្រើន​ទៀត ក៏​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​ត្រូវ​ចាប់ខ្លួន ដែល​ក្នុងនោះ​ក៏មាន​តារា​ល្បីឈ្មោះ​ ប្រចាំ​ប្រទេស​ដែល​ត្រូវ​ចោទថា ញុះញង់​ឱ្យ​ប្រជាជន​ប្រឆាំង​រដ្ឋអំណាច​។​
 
​ជិត​២០​ថ្ងៃ​មកនេះ សម្ពាធ​ពី​អន្តរជាតិ​ក៏​បន្ត​ធ្លាក់​លើ​របប​សឹក​មី​យ៉ាន់​ម៉ា​។ ក្រុម​ប្រទេស Quad ដែលមាន​អាមេរិក ជប៉ុន អូស្ត្រាលី និង​ឥណ្ឌា ចង់ឃើញ​ការវិលត្រឡប់​ទៅរក​ប្រជាធិបតេយ្យ​វិញ​នៅ​មី​យ៉ាន់​ម៉ា​។ ក្នុង​សេចក្ដីប្រកាស​ ក្រោយ​ជំនួប​រដ្ឋមន្ត្រីការបរទេស ក្រសួងការបរទេស​អា​មេ​រិ​ក​បញ្ជាក់ថា លោក អាន់​តូ​នី ប្លី​ង​ឃិន បាន​ជជែក​ជាមួយ​សម​ភាគី​បី​ប្រទេស​ទៀត ​ពី​ភាពចាំបាច់​ក្នុង​ការបង្កើតឡើងវិញ​រដ្ឋាភិបាល​ជាប់ឆ្នោត​ស៊ីវិល​។​
 
​ប្រមុខ​ការទូត​ជប៉ុន លោក Toshimitsu Motegi និយាយថា លោក​ឯកភាព​នឹង​រដ្ឋមន្ត្រីការបរទេស​អាមេរិក ឥណ្ឌា និង​អូស្ត្រាលី ដែល​ទាមទារ​មី​យ៉ាន់​ម៉ា ​ត្រូវមាន​ប្រជាធិបតេយ្យ​ឡើងវិញ​ឱ្យបាន​លឿន​៕
 
 
 
 
 

Tag:
 អង់គ្លេស​
  កាណាដា​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com