អន្តរជាតិ
រដ្ឋបាល​លោក បៃ​ឌិន ដក​សំណើ​ដាក់ទណ្ឌកម្ម​អ៊ីរ៉ង់ ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​
19, Feb 2021 , 1:59 pm        
រូបភាព
ទង់ជាតិអាមេរិក និងអ៊ីរ៉ង់។ រូបភាព៖AFP
ទង់ជាតិអាមេរិក និងអ៊ីរ៉ង់។ រូបភាព៖AFP
ដោយ:
​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​ចូ បៃ​ឌិន បាន​ដក​លិខិតបញ្ជាក់​ពី​ការដាក់ទណ្ឌកម្ម​ឡើងវិញ​លើ​អ៊ីរ៉ង់​ក្នុង​គោលបំណង​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ។ រដ្ឋបាល​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជា​អ្នក​ដាក់​លិខិត​ជូនដំណឹង​ដាក់ទណ្ឌកម្ម​នេះ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ឆ្នាំ​២០១៩ ។ ការសម្រេចចិត្ត​នេះ ត្រូវ​មើលឃើញថា ជា​ជំហរ​វិជ្ជមាន​មួយ​របស់​អាមេរិក​ក្នុងការ​ត្រឡប់​ចូល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​អ៊ីរ៉ង់​។​

 
​លោក Richard Mills ឯកអគ្គរដ្ឋទូត​អាមេរិក​ស្តីទី​ប្រចាំ​អង្គការសហប្រជាជាតិ (UN) នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ បាន​ផ្ញើលិខិត​ទៅ​ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​ដក​សំណើ​ដាក់ទណ្ឌកម្ម​ដែល​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទាមទារ​ឱ្យ​សមាជិក​ទាំង​១៥ ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ជាថ្មី កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩​។ ការទាមទារ​របស់លោក ត្រាំ ធ្វើឡើង​ក្រោយ​ទណ្ឌកម្ម​អន្តរជាតិ​លើ​អ៊ីរ៉ង់​លើ​ការហាមឃាត់​ការជួញដូរ​អាវុធ ត្រូវ​ចប់​នៅ​ឆ្នាំ​២០២០​។ 
 
 
​អាមេរិក បានដាក់​ទណ្ឌកម្ម​ឯកតោភាគី​ប្រឆាំង​អ៊ីរ៉ង់​ដែរ​លើ​វិស័យ​ប្រេង សេដ្ឋកិច្ច និង​ធនាគារ ដែល​ប្រទេស​នេះ​ត្រូវការ​ជា​ចាំបាច់​។ លោក ត្រាំ បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ក្នុង​ឆ្នាំ ២០១៨ ដោយ​ចោទ​អ៊ីរ៉ង់​ពី​ការបំពាន​ទណ្ឌកម្ម​នេះ​។ ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ឯកតោភាគី​របស់​អាមេរិក​ទៀតសោត ត្រូវបាន​ក្រុមប្រឹក្សាសន្តិសុខ​ចាត់ទុកជា​សកម្ម​ភាពខុស​ច្បាប់​អន្តរជាតិ ព្រោះ​អាមេរិក​ដែល​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង លែងមាន​សិទ្ធិ​ក្នុងការ​ធ្វើ​អ្វី​ទៀតឡើយ​។​
 
​កន្លងមក លោក បៃ​ឌិន បានប្រកាស​ពី​បំណង​ក្នុង​ការចូលរួម​កិច្ចព្រមព្រៀង​នេះ​វិញ ប៉ុន្តែ​ទាមទារ​ឱ្យ​អ៊ីរ៉ង់​គោរព​កាតព្វកិច្ច​ខ្លួន​ជាមុនសិន​។ អ៊ីរ៉ង់​បានប្រកាស​ពី​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ក្នុង​កម្រិត​២០​ភាគរយ និង​បណ្តេញ​មន្ត្រី UN មិន​ឱ្យចូល​ពិនិត្យ​ទីតាំង​នុយក្លេអ៊ែរ​របស់ខ្លួន​ចាប់ពី​ថ្ងៃទី​២១ ខែកុម្ភៈ​តទៅ បើ​អាមេរិក​មិន​ដក​ទណ្ឌកម្ម​។ ដូចនេះ ការដក​គម្រោង​ដាក់ទណ្ឌកម្ម​ខាងលើ ទំនង​ជួយ​ឱ្យ​ការចរចា​មាន​ភាពជឿនលឿន​។​
 
​ជាមួយគ្នានេះ នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ មន្ត្រី​ក្រសួងការបរទេស​អាមេរិក និយាយថា អាមេរិក នឹង​យល់ព្រម​តាម​ការអញ្ជើញ​ពី​សហភាព​អឺរ៉ុប​ក្នុង​កិច្ចប្រជុំ​ភាគី​នៃ​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ដែលមាន​អង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី ចិន អាមេរិក និង​អ៊ីរ៉ង់​។​
 
«​បើ​អ៊ីរ៉ង់​ត្រឡប់មក​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​ទៅនឹង​កាតព្វកិច្ច​នៃ​កិច្ចព្រមព្រៀង អាមេរិក​នឹងធ្វើ​ដូចគ្នា និង​ត្រៀមខ្លួន​ពិភាក្សា​ជាមួយ​អ៊ីរ៉ង់​»​។ នេះ​ជា​សេចក្តីថ្លែងការណ៍​របស់ អង់គ្លេស បារាំង និង​អាល្លឺម៉ង់​ថ្ងៃទី​១៨ ខែមករា​។ 
 
​បើ​ទីភ្នាក់ងារ​ព័ត៌មាន Reuters អ្នកការទូត​បារាំង​និយាយថា ការប្តូរ​ជំហរ​របស់​ក្រុង​វ៉ាស៊ីនតោន​ដូចជា​ការដក​សំណើ​ទណ្ឌកម្ម និង​ការត្រៀម​ជជែក​ជាមួយ​គ្រប់ភាគី​ទាំងអស់ ជាការ​បើកចំហ​សម្រាប់​អ៊ីរ៉ង់ តែ​ព្រមាន​ថា ផ្លូវ​វែងឆ្ងាយ​នាពេលខាងមុខ​ពោរពេញ​ដោយ​ឧបសគ្គ​។ ចំណែក​មន្ត្រី​ក្រសួងការបរទេស​អាមេរិក​និយាយថា អ្នកណា​បោះដៃ​ធ្វើ​សម្បទាន​មុន​ជា​រឿង​មួយ ប៉ុន្តែ​អ្វីដែល​សំខាន់​នៅ​រយៈពេល​វែង​គឺ​ការកំណត់​លើ​អ្វីដែល​ចាត់ទុកជា​ការបំពាន​កិច្ចព្រមព្រៀង​៕
 
 
 
 
 

Tag:
 ​អាមេរិក​
  អ៊ីរ៉ង់​
  បារាំង​
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com