ពិតណាស់ផ្លែឈើ គឺល្អចំពោះសុខភាពដោយវាមានផ្ទុកសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃ វីតាមីន និងសារធាតុរ៉ែជាច្រើនប្រភេទ។ សំខាន់ជាងនេះទៅទៀតផ្លែឈើ គឺគ្មានផ្ទុកជាតិខ្លាញ់មិនល្អនិងកូឡេស្តេរ៉ូលអាក្រក់ឡើយ។ ប៉ុន្តែបើនិយាយពីរសជាតិនិងសារធាតុចិញ្ចឹមដែលល្អសម្រាប់សុខភាព គឺគ្មានផ្លែឈើអ្វីអាចយកឈ្នះលើផ្លែឈើត្រូពិចឡើយ។ ទោះជាយ៉ាងណាក៏មិនមែនមានន័យថាផ្លែឈើត្រូពិចគ្រប់មុខសុទ្ធតែមានផ្ទុកបរិមាណសារធាតុចិញ្ចឹមស្មើៗគ្នាឡើយ។ ដូច្នេះទើបថ្ងៃនេះវេបសាយសុខភាព Health.com.kh បង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរព្យាយាមទទួលទានផ្លែឈើត្រូពិច ៖
១. កាត់បន្ថយការរលាកក្នុងរាងកាយ
ការទទួលទានផ្លែម្នាស់អាចជួយកាត់បន្ថយការរលាកផ្សេងៗក្នុងរាងកាយតាមរយៈអង់ស៊ីម bromelain ដែលវាមានផ្ទុក។ បន្ថែមពីនេះម្នាស់ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C រួមទាំងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតដូចជា ម៉ង់កាណែស វីតាមីន B ជាតិសសៃ និងជាតិទង់ដែងដែលល្អសម្រាប់រក្សាសុខភាពរាងកាយរឹងមាំ។ ម្នាស់មានផ្ទុកជាតិស្ករទាបបំផុត ដូច្នេះអ្នកអាចទទួលទានវាបានគ្រប់ពេលដោយគ្មានការបារម្ភ។ ក៏ព្រោះតែបរិមាណនៃវីតាមីន C ខ្ពស់ ការទទួលទានផ្លែម្នាស់ទៀងទាត់អាចពង្រឹងប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺផ្សេងៗជាច្រើន។ ជាតិសសៃនៃផ្លែម្នាស់ក៏មានច្រើនគ្រប់គ្រាន់ដើម្បីរក្សាសម្ពាធឈាមធម្មតា និងការរំលាយអាហារប្រក្រតីផងដែរ។ លើសពីនេះទៅទៀត សារធាតុម៉ង់កាណែសនៃផ្លែម្នាស់ គឺចាំបាច់ណាស់ក្នុងការបង្កើនពង្រឹងសុខភាពឆ្អឹង និងសុខភាពជាលិកាភ្ជាប់។ ដូច្នេះហើយទើបការទទួលទានផ្លែម្នាស់ទៀងទាត់អាចជួយឱ្យអ្នកជៀសផុតពីហានិភ័យនៃជំងឺពុកឆ្អឹង ជាពិសេសចំពោះស្ត្រីដែលអស់រដូវ។
២. បង្កើនអារម្មណ៍ល្អប្រសើរ
តើអ្នកធ្លាប់ដឹងទេថាការទទួលទានផ្លែឈើត្រូពិចដូចជាចេកអាចជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរបាន? នេះក៏ព្រោះតែចេកមានផ្ទុកបរិមាណខ្ពស់នៃវីតាមីន B6 ដែលទទួលខុសត្រូវសម្រាប់ការគ្រប់គ្រងអារម្មណ៍។
៣. បញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ
ផ្លែឈើត្រូពិចមួយប្រភេទទៀតដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារនោះ គឺផ្លែបឺរ។ ផ្លែឈើត្រូវពិចនេះ គឺល្អណាស់សម្រាប់បន្ថយកម្រិតនៃកូឡស្តេរ៉ូលមិនល្អទប់ស្កាត់បញ្ហាទាក់ទងនឹងបេះដូងដូចជាសម្ពាធឈាមឡើងខ្ពស់និងគាំងបេះដូង។ ការទទួលទានផ្លែបឺររួមជាមួយបន្លែផ្សេងទៀតពិតជាអាចជួយបង្កើនការស្រូបយកសារធាតុចិញ្ចឹមដែលរាងកាយត្រូវការចាំបាច់។ ផ្លែបឺរក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃ dietary រួមទាំងជាតិទង់ដែង វីតាមីន K វីតាមីន C វីតាមីន D វីតាមីន B វីតាមីន E ប៉ូតាស្យូម សារធាតុ Sterols សារធាតុ Lutein និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយរក្សាតុល្យភាពនៃកម្រិតកូឡេស្តេរ៉ូលធ្វើឱ្យចរន្តឈាមរត់មានលក្ខណៈកាន់តែប្រសើរឡើង ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ បង្កើនសុខភាពភ្នែក និងទប់ស្កាត់ជំងឺមហារីក។
៤. កាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់
ការរួមបញ្ចូលផ្លែល្ហុងនិងផ្លែស្វាយក្នុងរបបអាហារជាវិធីដ៏ល្អបំផុតមួយដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់។ នេះក៏ព្រោះតែផ្លែឈើត្រូពិចទាំងពីរមុខនេះមានផ្ទុកសារធាតុ carotenoids។
៥. ទប់ស្កាត់អាការៈខ្សោះជាតិទឹកក្នុងរាងកាយ
ភាគច្រើននៃពួកយើងពឹងផ្អែកលើទឹកនិងភេសជ្ជៈកីឡាផ្សេងៗដើម្បីជួយរក្សាជាតិទឹកក្នុងរាងកាយជាពិសេសក្រោយពេលបែកញើសខ្លាំងបន្ទាប់ពីហាត់ប្រាណ។ ប៉ុន្តែថាតើអ្នកធ្លាប់ដឹងទេថាការទទួលទានទឹកដូងក៏អាចជួយរក្សាជាតិទឹកក្នុងរាងកាយបានកាន់តែប្រសើរ? បន្ថែមពីនេះទឹកដូងក៏អាចផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតចំពោះសុខភាពផងដែរ។
៦. ជួយរក្សាសុខភាពតម្រងនោម
មូលហេតុមួយផ្សេងទៀតដែលអ្នកគួរបង្កើនការទទួលទានផ្លែឈើត្រូពិចនោះ គឺវាល្អសម្រាប់សុខភាពតម្រងនោម។ ការទទួលទានចេកពិតជាអាចជួយសម្រួលដល់មុខងារតម្រងនោមដែលកាត់បន្ថយហានិភ័យនៃជំងឺតម្រងនោមផ្សេងតាមរយៈសមាសធាតុ phenolic ដែលផ្លែឈើនេះមានផ្ទុក៕