ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្ន​! មុន​ហាត់ប្រាណ មិនគួរ​ធ្វើ​អ្វីខ្លះ​?
22, Feb 2021 , 6:59 am        
រូបភាព
​ទម្លាប់​មួយចំនួន​មុន​ធ្វើ​លំ​ហាត់ប្រាណ​អាច​នឹង​ផ្ដល់​ផល​ល្អ ឬ​អាក្រក់​ស្មាន​មិន​ដល់ ដូច្នេះ​អ្នក​ចាំបាច់​ត្រូវតែ​ប្រុងប្រយ័ត្ន​! ថា​តើ​មុន​ធ្វើ​លំ​ហាត់ប្រាណ អ្នក​គួរ​ចៀសវាង​ទម្លាប់​អ្វីខ្លះ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អ្វីដែល​មិនគួរ​ធ្វើ​មុនពេល​ហាត់ប្រាណ ៖

 
១. កុំ​ចាប់​ផ្ដើមធ្វើ​លំ​ហាត់ប្រាណ​នៅពេល​ពោះ​ទទេរ​មិនទាន់​ទទួលទាន​អ្វី​
 
​ទោះជា​យ៉ាងណាក៏ដោយ ប្រសិនបើ​អ្នក​មិនទាន់​ញ៊ាំ​អ្វី​សោះ​កំឡុងពេល​ពី ២ ទៅ ៣ ម៉ោង​មុន​ធ្វើ​លំ​ហាត់ប្រាណ នោះ​រាងកាយ​អាច​នឹង​ចាប់ផ្ដើម​ប្រើប្រាស់​ប្រូតេអ៊ីន​ជា​ថាមពល​។ នេះ​មានន័យថា​អ្នក​នឹងមាន​ផ្ទុក​ប្រូតេអ៊ីន​តិចជាង​មុន​សម្រាប់​សាច់ដុំ​ដើម្បី​ជួសជុល​និង​លូតលាស់​។ ម្យ៉ាងវិញទៀត​ប្រសិនបើ​អ្នក​ផ្ដោតលើ​ការប្រើប្រាស់​ខ្លាញ់​ជា​ប្រភព​ចម្បង​នៃ​ថាមពល ក៏​មិនមែន​មានន័យថា​រាងកាយ​នឹង​ដុតបំផ្លាញ់​កាឡូរី​បន្ថែម​ដែរ​។​
 
២. កុំ​ទទួលទាន​ទឹក​ច្រើនពេក​មុនពេល​ហាត់ប្រាណ​
 
​ការរក្សា​ជាតិ​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​មុន​ធ្វើ​លំ​ហាត់ប្រាណ គឺ​សំខាន់ ប៉ុន្តែ​ចៀសវាង​ការ​ទទួលទាន​ច្រើនពេក​! បើ​មិន​ដូច្នោះ​ទេ​ឈាម​របស់​អ្នកនឹង​ព្យាយាម​រក្សា​តុល្យភាព​កម្រិត​អំបិល​។ កោសិកា​អាច​នឹង​ហើម ហើយ​អ្នក​ក៏​អាច​ជួបប្រទះ​អាកា​រៈ​វិលមុខ ឈឺចាប់ និង​សូម្បីតែ​ក្អួត​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ទទួលទាន​ទឹក​ប្រមាណ​ពី ៤៤៤​មី​លី​លីត្រ ទៅ ៥៩០ មី​លី​លីត្រ​កំឡុងពេល ១ ទៅ ២ ម៉ោង​មុនពេល​ហាត់​។ ១៥ នាទី​មុនពេល​ចាប់ផ្ដើម ចូរ​ទទួលទាន​ទឹក​ប្រមាណ ២៣៦ មី​លី​លីត្រ ទៅ ២៩៦ មី​លី​លីត្រ​។ អ្នក​អាច​ត្រូវ​ទទួលទាន​ទឹក​ច្រើនជាង​នេះ ប្រសិនបើ​អ្នក​បែកញើស​ច្រើន ឬ​អាកាសធាតុ​រាង​ក្ដៅ​។​
 
៣. កុំ​ស្លៀក​ស្ដើង ឬ​ក្រាស់​ច្រើន​ជាន់​ពេក​
 
​សូម្បីតែ​អ្នកធ្វើ​លំ​ហាត់ប្រាណ​នៅ​ថ្ងៃ​ដែលមាន​អាកាសធាតុ​ត្រជាក់​បំផុត​នៃ​ឆ្នាំ​ក៏ដោយ ក៏​អ្នក​មិនគួរ​ស្លៀកពាក់​ច្រើន​ជាន់​ពេក​ដែរ​។ ការធ្វើ​លំ​ហាត់ប្រាណ​អាចធ្វើឱ្យ​សីតុណ្ហភាព​រាងកាយ​កើនឡើង ហើយ​បែកញើស​ច្រើន​។ ដូច្នេះ​ប្រសិនបើ​ខ្យល់​ត្រជាក់​បក់​មក​ប៉ះ ញើស​នឹង​ហួត​យ៉ាង​លឿន ហើយ​អ្នក​ប្រាកដ​ជាមាន​អារម្មណ៍​ព្រឺ​ត្រជាក់​។ ផ្ទុយ​មកវិញ​នៅ​ថ្ងៃ​ដែលមាន​អាកាសធាតុ​ក្ដៅ ចូរ​ជ្រើសរើស​សម្លៀកបំពាក់​សាច់​ក្រណាត់​ដែល​អនុញ្ញាតឱ្យ​ស្បែក​ដកដង្ហើម​បាន ហើយ​ផ្ដល់​ផាសុកភាព​ងាយ​ធ្វើ​ចលនា​។​
 
៤. កុំ​ចាប់​ផ្ដើមធ្វើ​លំ​ហាត់ប្រាណ​ដោយ​មិន​សម្រាក​ឱ្យបាន​ត្រឹមត្រូវ​ជាមុនសិន​
 
​ថ្ងៃ​សម្រាក គឺ​សំខាន់​ណាស់​សម្រាប់​រាងកាយ​ដើម្បី​ជុស​ជួល​និង​ពង្រឹង​សុខភាព​ឡើងវិញ​។ ហើយ​វា​ក៏​ជា​ផ្នែក​ដ៏​ចាំបាច់​បំផុត​មួយ​នៃ​កាលវិភាគ​ធ្វើ​លំ​ហាត់ប្រាណ​របស់​អ្នក​។ ប្រសិនបើ​អ្នក​រំលង​ថ្ងៃ​សម្រាក នោះ​អ្នក​អាច​នឹង​ជួបប្រទះ​អាកា​រៈ​អស់កម្លាំង​ខ្លាំង​។ ការអនុញ្ញាតឱ្យ​រាងកាយ​បាន​សម្រាក គឺ​ល្អ​សម្រាប់​សាច់ដុំ​ដើម្បី​មានឱកាស​ជាសះស្បើយ​និង​លូតលាស់​ទប់ស្កាត់​ការ​ឆាប់​អស់កម្លាំង​។ អ្នកនឹង​គេង​បាន​ស្រួល​កាត់បន្ថយ​ហានិភ័យ​នៃ​ការរង​របួស​។​
 
៥. កុំ​ទទួលទាន​កាហ្វេ​
 
​ពិតណាស់​កាហ្វេ​អ៊ី​ន​អាចជួយ​ផ្ដល់​ថាមពល និង​ការផ្ដោត​អារម្មណ៍​កំឡុងពេល​ធ្វើ​លំ​ហាត់ប្រាណ ប៉ុន្តែ​មិនបាន​យូរ​ឡើយ​។ ការរំលាយ​កាហ្វេ​អ៊ី​ន​ច្រើនពេក​អាច​នាំឱ្យ​ការ​កន្ត្រាក់​ត្រូវ​ប្រមូលផ្ដុំ​ក្នុង​ពោះវៀន​ដែល​បង្កើន​ចលនា​ពោះវៀន​។ ជា​លទ្ធផល​អ្នក​អាច​ចូល​បន្ទប់ទឹក​ញឹកញាប់​កំឡុងពេល​ហាត់ប្រាណ​។ នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ផលប៉ះពាល់​ប៉ុណ្ណោះ ខណៈដែល​អ្នក​អាច​ជួបប្រទះ​អាកា​រៈ​អស់កម្លាំង ពិបាក​គេង​លក់ ចង្វាក់បេះដូង​លោត​ញាប់​ខុស​ប្រក្រតី ថប់​បារម្ភ ក្រហាយ​ទ្រូង និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​៕
 
​ត្រួតពិនិត្យ​ដោយ ​www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com