កីឡាជាតិ
ជាតិ
ចំណាត់ថ្នាក់ FIFA Ranking មិនសូវ​ប្រែប្រួល ខណៈ​កម្ពុជា​បន្ត​ឈរ​លេខ​១៧៣
19, Feb 2021 , 7:29 pm        
រូបភាព
ដោយ: រួបរួម
​ក្រុម​ជម្រើសជាតិ​កម្ពុជា​នៅតែ​បន្ត​ឈរ​លេខ​រៀង​ទី​១៧៣​នៃ​តារាង​ចំណាត់ថ្នាក់ FIFA World Ranking ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ​។ វិបត្តិ​កូ​វីដ​-១៩ នាំ​ឲ្យ​មានការ​កាត់បន្ថយ​ការប្រកួត​អន្តរជាតិ​ជាច្រើន ដោយ​បែលហ្ស៊ិក រក្សា​តំណែង​លេខ​មួយ ខណៈ​បណ្តា​ប្រទេស​អាហ្វ្រិក​មានការ​ប្រែប្រួល​ខ្លះ​។​

 
​ចំណាត់ថ្នាក់​ដំបូង​សម្រាប់​ឆ្នាំ​២០២១​នេះ ផ្អែកលើ​លទ្ធផល​ប្រកួត​៤៣​លើកចុងក្រោយ (​ក្នុងនោះ​១​ប្រកួត​ប្រព្រឹត្តទៅ​កាលពី​ខែធ្នូ ឆ្នាំ​២០២០)​។ ជំនួប​៣២​ប្រកួត​ត្រូវបាន​រៀបចំឡើង​ក្រោម​ក្របខណ្ឌ​នៃ​ពានរង្វាន់ African Nations Championship (CHAN)​។​
 
​ក្រុម​ដែលមាន​ការប្រកួត​ច្រើនជាងគេ គឺ​កា​មេ​រូ​ន ហ្គី​ណេ ម៉ាលី និង​ម៉ា​រ៉ុ​ក ដែលមាន​៦​ប្រកួត​រៀងៗ​ខ្លួន​។ ម៉ា​រ៉ុ​ក​ជា​ប្រទេស​ដែលមាន​ពិន្ទុ​ឡើង​ខ្ពស់​ជាងគេ (+៧​ពិន្ទុ​) ខណៈ​ម៉ាលី មាន​ចំណាត់ថ្នាក់​ឡើង​៣​លំដាប់​។ អ៊ូ​ហ្គ​ង់​ដា ធ្លាក់ចុះ​៦​ពិន្ទុ ហើយ​ក្រុម​ជម្រើសជាតិ​មួយ​នេះ រួមជាមួយ​ស៊ីម​បា​វ៉េ ធ្លាក់ចុះ​៤​ចំណាត់ថ្នាក់​។ កោះ Cook Islands ដែល​ខកខាន​ប្រកួត​ជាង​១​ឆ្នាំកន្លះ មិនត្រូវ​បានដាក់​ក្នុង​ចំណាត់ថ្នាក់​នោះឡើយ​។​
 
​ប្រទេស​ចំនួន​៣២​ដែល​ស្ថិតនៅលើ​កំពូល​តារាង (Top 32) ក្នុង​ចំណាត់ថ្នាក់​ចុងក្រោយ រក្សា​ទីតាំង​របស់ខ្លួន​ដដែល ដោយ​បែលហ្ស៊ិក​ឈរ​ចំណាត់ថ្នាក់​លេខ​១ បន្ទាប់មក បារាំង ប្រេ​ស៊ី​ល អង់គ្លេស ព័រ​ទុយ​ហ្គា​ល់ អេ​ស្ប៉ា​ញ អា​ហ្ស​ង់​ទីន អ៊ុយ​រូ​ហ្គា​យ ម៉ិ​ក​ស៊ិ​ក និង​អ៊ីតាលី​។​
 
​ការប្រកួត​អន្តរជាតិ​ចុងក្រោយ​របស់​កម្ពុជា គឺ​កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​វគ្គ​ជម្រុះ FIFA World Cup 2022 ដោយ​កម្ពុជា​បាន​ចាញ់​ហុងកុង ២-០ នៅ​កីឡដ្ឋាន​របស់​ហុងកុង​។ កម្ពុជា​រក្សា​លេខ​រៀង​ទី​១៧៣​ក្នុងចំណោម​២១០​ប្រទេស​ម្រា​ប់​តារាង FIFA World Ranking​។​
 
​នៅ​តំបន់​អាស៊ី ជប៉ុន​បន្ត​ឈរលើ​គេ (២៧) បន្ទាប់មក អ៊ីរ៉ង់ (២៩), កូរ៉េខាងត្បូង (៣៨), អូស្ត្រាលី (៤១), កាតា (៥៨), អា​រ៉ា​ប៊ី​សា​អូឌីត (៦៧), អ៊ីរ៉ាក់ (៦៩), អេ​មី​រ៉ា​ត​អារ៉ាប់​រួម (៧៤), ចិន (៧៥) និង​ស៊ី​រី (៧៦)​។​
 
​វៀតណាម​រក្សា​ចំណាត់ថ្នាក់​ខ្ពស់ជាង​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដោយនៅ​លេខ​រៀង​ទី​៩៣​។ ថៃ​គឺជា​ក្រុម​តែមួយ​ក្នុង​តំបន់​ដែល​កើន​១​ពិន្ទុ (១១០) បន្ទាប់មក ហ្វីលីពីន (១២៤), មី​យ៉ាន់​ម៉ា (១៣៧), ម៉ាឡេស៊ី (១៥៣), សិង្ហ​បុរី (១៥៨), ឥណ្ឌូណេស៊ី (១៧៣), កម្ពុជា (១៧៣), ឡាវ (១៨៨), ព្រុយ​ណេ (១៩១) និង​ទី​ម័​រ​ខាងកើត (១៩៧)៕
 

Tag:
 FIFA World Ranking
© រក្សាសិទ្ធិដោយ thmeythmey.com