ជាតិ
ចំណូលពីការលក់ស្លាកលេខពិសេសមានជាង១៦លានដុល្លារនៅឆ្នាំ២០២០
× ភ្នំពេញ៖ ឆ្នាំ២០២០ គណៈកម្មការអន្តរក្រសួង លក់ស្លាកលេខពិសេសបានជាង១៦លានដុល្លារ ក្នុងនោះមានជាង៤,៦ម៉ឺនស្លាកលេខ។ នេះបើតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រី្តក្រសួងសារធារ និងដឹកជញ្ជូន។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសាធារណការនិងដឹកជញ្ជូនឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ឆ្នាំ២០២០ គណៈកម្មការអន្តរក្រសួងបានចុះបញ្ជីលេខពិសេសសម្រាប់រថយន្តគ្រួសារនិងរថយន្តធុនស្រាលជាង៤,២ម៉ឺនស្លាកលេខ ដែលស្មើនឹង៨,៨៥លានដុល្លារ។
លោកថា ចំនួនដែលលក់បាននៅឆ្នាំ២០២០នេះ គឺកើនឡើងជាង៤៥ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ ចំណែក ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មលក់លេខពិសេសផ្ទាល់ខ្លួននៅឆ្នាំ២០២០ លក់បានជាង៣,៧ពាន់ស្លាកលេខ ដែលស្មើនឹង៨លានដុល្លារ។
ការលក់ស្លាកលេខពិសេសសម្រាប់រថយន្តគ្រួសារ រថយន្តធុនស្រាល និងស្លាកលេខពិសេសផ្ទាល់ខ្លួន សរុបក្នុងឆ្នាំ២០២០ មានជាង ៤,៦ម៉ឺនស្លាកលេខ ដែលស្នើនឹង ១៦លានដុល្លារ។
របាយការណ៍ក្រសួងសាធារណ និងដឹកជញ្ជូន ក៏បានបង្ហាញដែរថា ពេញឆ្នាំ២០២០នេះ មានយានយន្តជាង៤៥ម៉ឺនគ្រឿងបានចុះបញ្ជី។ យានយន្តជាង៤៥ម៉ឺនគ្រឿងនេះ បើធៀបនឹងឆ្នាំ២០១៩ គឺមានការថយចុះ ពោលគឺឆ្នាំមុខរហូតដល់ជាង៦៤ម៉ឺនគ្រឿង ដែលបានចុះបញ្ជី៕
© រក្សាសិទ្ធិដោយ thmeythmey.com