ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
មន្ត្រី​ច្បាប់​រដ្ឋាភិបាល​៖ អ្នក​ចែករំលែក​ព័ត៌មាន​មិន​ពិត ក៏​ស្ថិតក្នុង​ការស្រាវជ្រាវរ​បស់​សមត្ថកិច្ច​ដែរ​
19, Feb 2021 , 9:29 pm        
រូបភាព
លោក គឹម សន្តិភាព ចូលរួមកិច្ចប្រជុំមួយជាមួយមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ (រូបពីក្រសួងយុត្តិធម៌)
លោក គឹម សន្តិភាព ចូលរួមកិច្ចប្រជុំមួយជាមួយមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ (រូបពីក្រសួងយុត្តិធម៌)
​មិនមែន​តែ​អ្នកបង្កើត​ព័ត៌មាន​ក្លែងក្លាយ​ទេ អ្នក​ដែល​ចូលរួម​ចែករំលែក​បន្ត ក៏​អាច​ត្រូវ​សមត្ថកិច្ច ស្រាវជ្រាវ​និង​ហៅ​ទៅ​សួរនាំ​ដែរ​។ នេះ​ជាការ​បកស្រាយ​របស់​ម​ន្ត្រី​ច្បាប់​នៃ​ក្រសួងយុត្តិធម៌​។


​ករណី​អ្នកគ្រូ​ម្នាក់ ទទួលមរណភាព​ដោយសារ​ជំងឺរលាកស្រោមខួរ​កម្រិត​ធ្ងន់ តែ​ត្រូវ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន នាំគ្នា​អះអាងថា ទទួលមរណភាព​ដោយសារ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ឈ្មោះ​ស៊ី​ណូ​ហ្វា​ម​របស់​ចិន បាន​ក្លាយជា​ប្រធានបទ​មួយ ក្នុង​សន្និសីទ​សារព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការកែសម្រួល​អនុក្រឹត្យ​ដាក់ពិន័យ​លើ​អ្នក​បំពាន​វិធានការ​ច​ត្តា​ឡី​ស័ក នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រោម​វត្តមាន​របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង លោក គឹម សន្តិភាព រដ្ឋ​លេខា​ធិ​ការ​ក្រសួងយុត្តិធម៌​។ 
 
​អ្នកស្រី ឱ វណ្ណឌី​ន បំភ្លឺ​ជាថ្មី​ថា អ្នកគ្រូ​រូបនោះ គឺ​ទទួលមរណភាព​ដោយសារ​ជំងឺរលាកស្រោមខួរ​កម្រិត​ធ្ងន់ មិនមែន​ដោយសារ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​-១៩​របស់​ចិន​ឡើយ​។ លោក គឹម សន្តិភាព យល់ថា អ្នកបង្កើត​ព័ត៌មាន​មិន​ពិត​នេះ គឺមាន​គោលបំណង​ច្បាស់លាស់ ក្នុងការ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ក្នុងសង្គម និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ បាត់​ទំនុកចិត្ត​ទៅលើ​វ៉ាក់សាំង​របស់​ចិន​។

លោក បកស្រាយ​ថា អ្នកបង្កើត​ព័ត៌មាន​ក្លែងក្លាយ ត្រូវ​ប្រឈម​នឹង​បទល្មើស​តាម​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ គឺ​ចែង​ពីបទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម ដោយ​អ្នកប្រព្រឹត្ត ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី​៦​ខែ​ទៅ​២​ឆ្នាំ និង​ត្រូវ​ពិន័យ​ប្រាក់​ពី​១​លាន​រៀល​ទៅ​៤​លាន​រៀល​។ 
 
​បើតាម​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងយុត្តិធម៌​រូបនេះ មិនមែន​តែ​អ្នកបង្កើត​ព័ត៌មាន​ក្លែងក្លាយ​ទេ អ្នក​ចែករំលែក​បន្ត ក៏ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ច្បាប់​និង​ស្ថិតក្រោម​ការស្រាវជ្រាវរ​បស់​សមត្ថកិច្ច​ដែរ​។ លោក បញ្ជាក់ថា​៖«​ចង់​មិន​ចង់​អ្នក ដែល​ចែកចាយ​ព័ត៌មាន​មិន​ពិត សមត្ថកិច្ច មាន​កាតព្វកិច្ច​ក្នុងការ​សួរនាំ អ៊ីចឹង​ត្រូវ​ខាត​ទាំង​ពេលវេលា ត្រូវ​ជាប់ជំពាក់​ជាមួយ​ទោសទណ្ឌ​ទៀត បើ​គ្មាន​ទឡ្ហីករណ៍​ច្បាស់លាស់ ក្នុងការ​ដោះ​បន្ទុក​ឲ្យ​រួច​ផុតពី​ការចោទប្រកាន់​»​។  
 
​ជាមួយគ្នានេះ លោក អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ពិនិត្យមើល​ប្រភពព័ត៌មាន​ឲ្យ​បាន​ច្បាស់​ជាមុនសិន ថា​ពិត​ឬ​មិន​ពិត មុននឹង​ចែករំលែក​បន្ត ដើម្បី​ចៀស​ផុតពី​ការទទួលខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​។ 
 
​អ្នកស្រី ឱ វណ្ណឌី​ន ចាត់ទុកជា​ឧក្រិដ្ឋជន ចំពោះ​អ្នកបង្កើត​ព័ត៌មាន​មិន​ពិត ដែលថា​មាន​អ្នកស្លាប់ ដោយសារ​ការចាក់​វ៉ាក់សាំង​របស់​ចិន​។ បន្ថែម​ពីនេះ អ្នកស្រី ហៅ​ការបង្កើត​ព័ត៌មាន​មិន​ពិត​នេះ ថា​ជាការ​បំពុលសង្គម និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិធានការ​សុខាភិបាល ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ និង​ធ្វើ​ឲ្យ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​វ៉ាក់សាំង​និង​ការ​ទប់​ស្តា​ក់​ជំងឺ​កូ​វីដ​-១៩ មាន​ភាពច្របូកច្របល់​។ អ្នកស្រី បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច ចាត់វិធានការ​តាមច្បាប់ ទៅលើ​អ្នកបង្កើត​ព័ត៌មាន​មិន​ពិត​ទាំងនេះ​៕   
 
 
 
 

Tag:
 COVID-19
  គឹម សន្តិភាព​
  ព័ត៌មាន​ក្លែងក្លាយ
© រក្សាសិទ្ធិដោយ thmeythmey.com