ជាតិ
រដ្ឋាភិបាល ចាត់ទុកប្រតិកម្មរបស់NGOលើអនុក្រឹត្យច្រកទ្វារអ៊ីនធឺណិតថា «មានចរិតនយោបាយ»
× ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានច្រានចោលការប្រតិកម្មរបស់អង្គការសង្គមស៊ីវិល ដែលចោទថា រដ្ឋាភិបាលបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ(National Internet Gateway) គឺមានបំណងចាប់យកទិន្នន័យពីអ្នកប្រើប្រាស់ និងរឹតត្បិតសេរីភាពបញ្ចេញមតិ ដោយយកគំរូចិនមកអនុវត្ត។ ក្រសួងអះអាងថា ការចោទប្រកាន់ទាំងនេះ គឺគ្មានមូលដ្ឋាននិងមានចរិតនយោបាយ។
ក្រសួងប្រៃសណីយ៍ចេញនៅថ្ងៃទី១៩កុម្ភៈនេះ បានសេចក្ដីប្រកាសព័ត៌មានឆ្លើយតបនឹងបណ្ដាញសង្គមស៊ីវិលថា ច្រកទ្វារអ៊ីនធឺណិតជាតិបង្កើតឡើងស្ទើរគ្រប់ប្រទេសទាំងអស់ មិនមែននៅតែកម្ពុជាឡើយ។ ក្រសួងសង្កត់ធ្ងន់ថា គោលបំណងនៃបង្កើតច្រកទ្វារអ៊ីនធឺណិត គឺដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។
«ការរៀបចំអនុក្រឹត្យស្ដីពីច្រកទ្វារអ៊ីនធឺណិតជាតិនេះ មានគោលបំណងបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូលជាតិដោយផ្អែកលើគោលការណ៍ប្រកួតប្រជែងស្មើភាពនិងស្មោះត្រង់ និងតម្លាភាពរវាងរដ្ឋនិងប្រតិបត្តិករ ព្រមទាំងជួបទប់ស្កាត់នូវការលួចតភ្ជាប់បណ្ដាញឆ្លងដែនខុសច្បាប់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ការគំរាមកំហែងតាមអ៊ីនធឺណិត រូបភាពអាសអាភាស និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញជាដើម»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ ដោយបន្ថែមថា ការរៀបចំអនុក្រឹត្យស្ដីពីច្រកទ្វារអ៊ីនធឺណិតជាតិ ធ្វើឡើងដោយបើកចំហ និងពិគ្រោះយោបល់ជាមួយអ្នកជំនាញវិស័យទូរគមនាគមន៍ ប្រតិបត្តិករឯកជន និងស្ថាប័នពាក់ព័ន្ធជាច្រើនលើក។
បើតាមលោក មាស ប៉ូ នៅកម្ពុជា មានប្រតិបត្តិករនៃក្រុមហ៊ុនអ៊ីនធឺណិតចំនួន៣៧ ហើយមានក្រុមហ៊ុនចំនួន១៧ ត្រូវបានលុបនិងព្យួរអាជ្ញាប័ណ្ណវិញ។
នៅមាត្រា៤ ក្នុងអនុក្រឹត្យច្រកទ្វារអ៊ីនធឺណិតចែងថា ច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវបានបង្កើតឡើង ដើម្បីសម្រួលនិងគ្រប់គ្រងការតភ្ជាប់បណ្ដាញអ៊ីនធឺណិតក្នុងប្រទេសនិងអន្តរជាតិ។ ច្រកទ្វារអ៊ីនធឺណិតជាតិរួមមាន ច្រកទ្វារអ៊ីនធឺណិតក្នុងប្រទេស សម្រាប់ផ្លាស់ប្ដូរទិន្នន័យអ៊ីនធឺណិតក្នុងប្រទេសនិងច្រកទ្វារអ៊ីនអន្តរជាតិ សម្រាប់ផ្លាស់ប្ដូរទិន្នន័យអ៊ីនធឺណិតក្នុងប្រទេសនិងអន្តរជាតិ៕
Tag:
អនុក្រឹត្យច្រកទ្វារអ៊ីនធឺណិត
© រក្សាសិទ្ធិដោយ thmeythmey.com