ជាតិ
សុខភាព
សម្តេចហ៊ុន សែន៖ ករណីស្ត្រីចិនលួចចេញពីចត្តាឡីស័ក ដោយសារសន្តិសុខសណ្ឋាគារបើកដៃ
× ភ្នំពេញ៖ ស្ត្រីជនជាតិចិន២នាក់ ក្នុងចំណោម៤នាក់ ដែលលួចចេញពីកន្លែងធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា មានវិជ្ជមានកូវីដ-១៩(COVID-19)។ បើតាមប្រសាសន៍សម្តេច ហ៊ុន សែន នេះគឺជាការធ្វេសប្រហែសនៃកន្លែងចត្តាឡីស័ក ដែលបង្កហានិភ័យធ្វើឱ្យឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
ថ្លែងពីចេញគេហដ្ឋាននៅទីក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ខែកុម្ភៈ សម្តេចហ៊ុន សែន បានបញ្ជាឱ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងវិធានការធ្វើចត្តាឡីស័កឱ្យខ្ជាប់ខ្ជួនបំផុត ដើម្បីបញ្ចៀសការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ បន្ទាប់ពីជនជាតិចិន៣២នាក់ តេស្តវិជ្ជមានជាបន្តបន្ទាប់ក្នុងរយៈពេល១០ម៉ោងចន្លោះពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ។
សម្តេចនាយករដ្ឋមន្ត្រីរូបនេះ មានប្រសាសន៍ដូច្នេះ៖«កុំឱ្យដូច កាលកើតឡើងនៅប៉ុន្មានថ្ងៃមុនដែលមានស្ត្រី៤នាក់ បានរួចចេញពីសណ្ឋាគារ[ធ្វើចត្តាឡីស័ក] ទៅកម្សាន្តនៅខាងក្រៅ ហើយក៏ទើបចូលត្រឡប់មកវិញ។...ក្រោយត្រឡប់មកវិញមាន២នាក់ក្នុងចំណោមស្ត្រីទាំង៤នាក់នោះ គឺបានរកឃើញវិជ្ជមានកូវីដ-១៩។ ហើយខ្ញុំជឿជាក់ថាស្ត្រី២នាក់ ក៏នឹងឆ្លងកូវីដ-១៩ ដូចគ្នាដែរ។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ស្ត្រីជនជាតិចិនទាំង៤នាក់ខាងលើដែលអាចលួចចេញពីកន្លែងចត្តាឡីស័កបាន គឺ ដោយសារសន្តិសុខរបស់សណ្ឋាគារសុខា ជួយជម្លៀសចេញ។
ករណីសហគមន៍ដែលសម្តេច ដាក់ឈ្មោះថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានរកបន្ទាប់ពីមានអ្នកជំងឺទៅសុំលិខិតបញ្ជាក់សុខភាពពីក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្តរជាតិ ដែលក្រោយ វត្ថុសំណាកបង្ហាញថា វិជ្ជមានកូវីដ-១៩។
ការស្រាវជ្រាវជាបន្តបន្ទាប់ ក្រុមសុខាភិបាលបានឃើញបានរកឃើញជនជាតិ២៨នាក់វិជ្ជមាន ហើយបន្ថែម៤នាក់ទៀតមុនពេលដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្សាយផ្ទាល់។ តាមឯកសារដែលថ្មីៗទទួលបាន អ្នកជំងឺភាគច្រើន ត្រូវបានឃើញនៅក្នុងចំណោមអ្នកចូលក្លិបកម្សាន្ត N8 ក្បែរពហុកីឡដ្ឋានជាតិ។
ក្លិប N8 អគារ ទីតាំងកម្សាន្ត កន្លែងស្នាក់នៅផ្សេងៗដែលពាក់ព័ន្ធ ត្រូវតម្រូវឲ្យបិទទ្វារបណ្តោះអាសន្ន រីឯច្រកចេញកោះពេជ្រ ក៏ត្រូវរឹតបន្តឹងផងដែរ។
នាព្រឹកថ្ងៃទី២០ខែកុម្ភៈ នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសពីការករណីវិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់ទៀត (ចិនទាំងអស់) នៅក្នុងរាជធានីភ្នំពេញ ដោយសម្តេចដាក់ឈ្មោះថាជាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ការរកឃើញនេះ បានធ្វើឱ្យកម្ពុជាកើននូវចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ រហូត៥១៦នាក់ ដោយក្នុងនោះ មាន៤៧០នាក់ បានជាសះស្បើយ៕
Tag:
COVID-19
សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com