ជាតិ
ក្រុមហ៊ុន​កូកាកូឡា នឹង​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ញែក​សំរាម​យកទៅ​កែច្នៃ​
21, Feb 2021 , 7:59 am        
រូបភាព
​សៀមរាប​៖ ក្រុមហ៊ុន​កូកាកូឡា (Coca-Cola) បាននិងកំពុង​ចូលរួម​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា លើ​ការងារ​លើកស្ទួយ​បរិស្ថាន​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ ថ្មីៗ​នេះ ក្រុមហ៊ុន​ទើបនឹង​បង្ហើប​គម្រោង​ថ្មី​មួយទៀត លើ​ការងារ​ញែក​សំរាម ដើម្បី​យកទៅ​កែច្នៃ​ប្រើប្រាស់​ឡើងវិញ​។ ក្រុមហ៊ុន​ភេសជ្ជៈ​មួយ​នេះ មានការ​ជឿជាក់ថា កិច្ចសហប្រតិបត្តិការ​លើ​ការងារ​បរិស្ថាន​នេះ នឹង​ជួយ​កាត់បន្ថយ​ការបំពុល​បរិស្ថាន ក៏ដូចជា​ធ្វើឱ្យ​បរិស្ថាន​ក្នុង​តំបន់​អង្គរ​កាន់​តែមាន​ភាពល្អ​ប្រសើរ​បន្ថែមទៀត​។​

 
​ដើម្បី​ជ្រាប​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម 
 
 
 
​នាយក​ផ្នែក​ច្បាប់​និង​កិច្ចការ​សាធារណៈ​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន កូកាកូឡា លោក រស់ សោភា បានលើកឡើង​ពី​គម្រោង​កម្មវិធី​សំខាន់ៗ​ចំនួន​ពីរ ដែល​ក្រុមហ៊ុន​លោក​គ្រោង​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ទាក់ទង​នឹង​បញ្ហា​បរិស្ថាន​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ គម្រោង​នោះ មាន​ជាអាទិ៍ ការបែងចែក​សំរាម​យក​កែច្នៃ​និង​ប្រើប្រាស់​ឡើងវិញ ក្នុងន័យ​កាត់បន្ថយ​ការបំពុល​បរិស្ថាន​ក្នុង​តំបន់​ទេសចរណ៍វប្បធម៌​អង្គរ​។ មួយទៀត​គឺ​គម្រោង​ពង្រឹងគុណភាព​ចំណីអាហារ និង​រៀបចំ​ទៅតាម​ស្ដង់ដា​សម្រាប់​ទេសចរ​។ ថ្លែង​ក្នុង​ពិធី​ប្រគល់​អណ្ដូងទឹក​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ លោក រស់ សោភា ពន្យល់ថា​៖« យើង​នឹង​ផ្តល់នូវ​ជំនាញ​ជា​មូលដ្ឋាន​ដល់​ប្រតិបត្តិ​ករ​ផ្នែក​ម្ហូបអាហារ គឺ​ផ្តល់​វិធានការ​អនាម័យ ការគ្រប់គ្រង​ម្ហូបអាហារ ដើម្បី​កសាង​ទំនុកចិត្ត​ដល់​ទេសចរ​»​។​


 
​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បានឱ្យដឹងថា វា​ពិត​ជាមាន​សារសំខាន់​ណាស់​ដែល​វិស័យ​ឯកជន​មាន​កិច្ចសហប្រតិបត្តិការ​ក្នុងន័យ​រួមចំណែក​អភិវឌ្ឍន៍​ការងារ​បរិស្ថាន​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ លោក​បន្ថែមថា កិច្ច​សហប្រតិបត្តិ​ខាងលើ​នឹង​ជួយ​លើកកម្ពស់​សោភ័ណភាព បរិស្ថាន និង​អនាម័យ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ ស័ក្ដិ​សមជា​បេតិកភណ្ឌ​ពិភពលោក និង​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ទេសចរ​កាន់តែខ្លាំង​ឡើង​។ 
 
​ក្នុង​ការងារ​បរិស្ថាន​នេះដែរ ក្រុមហ៊ុន​កូកាកូឡា បានប្រគល់​អណ្ដូងទឹក​មួយគ្រឿង បំពាក់​ឧបករណ៍​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ដើម្បី​ស្រោចស្រព​ថ្នាល​បណ្ដុះ​កូនឈើ ក្នុងភូមិ​លាងដៃ​។ តំណាង​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល ចាត់ទុក​ឧបករណ៍​នេះ​ថា រួមចំណែក​មួយផ្នែក​ក្នុងការ​កាត់បន្ថយ​ការបំពុល​បរិស្ថាន ព្រោះ​កន្លងមក ដោយសារ​គ្មាន​អគ្គិសនី​ចូលដល់ ថ្នាល​បណ្ដុះ​កូនឈើ​ខាងលើ​ត្រូវ​ពឹង​លើ​ម៉ាស៊ីនភ្លើង​ដើម្បី​ទាញ​ទឹក​ស្រោចស្រព​។ ដូច្នេះ អណ្ដូងទឹក​ដើរ​ដោយ​ថាមពលព្រះអាទិត្យ នឹង​ទាញ​ទឹក​មកប្រើប្រាស់​ដោយ​ស្វ័យប្រវត្តិ និង​តាម​តម្រូវការ​ប្រើប្រាស់​៕
 














 

Tag:
 សំរាម​
  បរិស្ថាន​
  អង្គរ​
 
© រក្សាសិទ្ធិដោយ thmeythmey.com