ជាតិ
អាជ្ញាធរ​ចុះ​រើ​សំណង់ផ្ទះ​ដែល​មិន​ទទួលយក​ដំណោះស្រាយ​ក្នុងការ​អភិវឌ្ឍ​ស្ទឹង​សៀមរាប​
20, Feb 2021 , 5:12 pm        
រូបភាព
​សៀមរាប​៖ កម្លាំងចម្រុះ មាន​នគរបាល កងរាជអាវុធហត្ថ​ខេត្ត រួម​និង​គ្រឿងចក្រ​ជាច្រើន​គ្រឿង បាន​ចាប់​កាយ​ឈូស​របង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​១១​គ្រួសារ ដែល​កន្លងមក​ពួកគេ​មិនទាន់​ទទួលយក​ការដោះដូរ​ជា​ថ្នូរ​ក្នុងការ​ចាកចេញ​ពី​ដី​ចំណី​មាត់​ស្ទឹង​សៀមរាប​ចាប់ពី​ស្ពាន​នាគ​រហូតដល់​ស្ពាន​រ៉ក​រ៉ា​ក​។ ប្រតិបត្តិការ​នេះ បង្កឱ្យមាន​ការតវ៉ារ​យៈ​ពេល​ខ្លី បន្ទាប់ពី​តំណាង​២​រូប ត្រូវបាន​អាជ្ញាធរ​ចាប់​យកទៅ​ឃុំ​នៅ​ស្នងការ​នគរបាល​ខេត្ត​។​

 
 
​កម្លាំងចម្រុះ​ដែល​ដឹកនាំ​ដោយ​អភិបាលរង​ខេត្តសៀមរាប លោក លី សំរិទ្ធ បាន​ចាប់​អនុវត្តន៍​ការ​ឈូស​របង និង​រុះរើ​សំណង់​ប្រជាពលរដ្ឋ​ចំនួន​១១​គ្រួសារ ដែល​ប៉ះពាល់​ក្នុង​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​មាត់​ស្ទឹង​សៀមរាប​។ ពួកគេ ស្ថិតក្នុង​ចំណោម​ពលរដ្ឋ​ជាង​៤០០​គ្រួសារ​ទៀត ដែល​អាជ្ញាធរ​តម្រូវឱ្យ​រុះរើ​សំណង់ផ្ទះ​ជាបន្ទាន់ ដើម្បី​អភិវឌ្ឍន៍​និង​ស្ដារ​ផ្លូវ​ស្រប​មាត់​ស្ទឹង​ឡើងវិញ​។​
 
​ភ្លាមៗ​នោះដែរ រដ្ឋបាល​ខេត្តសៀមរាប​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​ប្រតិបត្តិ​ការរុះរើ​ខាងលើនេះ​។ ខ្លឹមសារ​នោះ​បញ្ជាក់ថា ក្នុង​ការងារ​អនុវត្តន៍​ខាងលើ​មាន​ប្រជាពលរដ្ឋ​មិន​ស្ម័គ្រ​ចិត្តបាន​រារាំង​មិនឱ្យ​ក្រុមការងារ​ចម្រុះ​អាច​អនុវត្តន៍​ការងារ ហើយ​អាជ្ញាធរ​សម្រេច​នាំខ្លួន​មនុស្ស​២​រូប (​ស្រី​១) ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដើម្បី​បញ្ជៀ​ស​ហានិភ័យ​ផ្សេងៗ​។ តាម​ខ្លឹមសារ​ដដែល ត្រឹម​រសៀល​ថ្ងៃទី​២០ កុម្ភៈ នេះ ពលរដ្ឋ​មួយចំនួន​ក៏​ស្ម័គ្រចិត្ត​ព្រម​ទទួលយក​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ផងដែរ​។ 
 
​រាជរដ្ឋាភិបាល​បានរៀបចំ​គោលនយោបាយ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើដី​ចំណី​មាត់​ស្ទឹង​ចាប់ពី​ចំណុច​ស្ពាន​នាគ ដល់​ស្ពាន​អង្គរ សរុប​ចំនួន ៤៣១​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ដី​ទំហំ ២០​គុណ​៣០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក ស្រុក​បន្ទាយស្រី​។ យ៉ាងណា ពលរដ្ឋ​១១​គ្រួសារ​ទៀត ដែល​អះអាងថា ខ្លួន​មិនអាច​ទទួលយក​គោលនយោបាយ​នេះ​បានទេ ព្រោះ​ដី​ផ្ទះ​ពួកគេ​មាន​ទំហំ​ធំ និង​មិនមែនជា​ពលរដ្ឋ​ចូលមក​តាំងទី​ខុសច្បាប់​ឡើយ​។ ពួកគេ​ស្នើ​ឱ្យមាន​ដំណោះស្រាយ​សមរម្យ ទើប​ព្រម​ចាក​ចាញ​។​


 
​យ៉ាងណា លោក លី សំរិទ្ធ អ្នកនាំពាក្យ​ខេត្តសៀមរាប អះអាងថា អាជ្ញាធរ​មិនមាន​គោលការណ៍​ណា​ផ្សេង​ឡើយ ហើយ​ការអនុវត្ត​នេះ គឺ​ធ្វើ​ឈរលើ​ស្ដង់ដា​តែមួយ​។ លោក​បន្ថែមថា ទោះ​រស់នៅ​រយៈពេល​យូរ និង​មាន​ទំហំ​ផ្ទះ​ធំ​ប៉ុណ្ណា​ក៏ដោយ ក៏​ការរស់នៅ​នោះ មិន​ស្របច្បាប់​ឡើយ​។​
 
​គួរ​បញ្ជាក់ថា តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប មិនមែន​មានតែ​ទីតាំង​ខាងលើ​នោះទេ​ដែល​ត្រូវ​អនុវត្តន៍​រុះរើ ក្នុងនោះ ការដោះស្រាយ​ផលប៉ះពាល់​លើដី​ចំណី​ស្ទឹង​សៀមរាប ដែល​កាលពី​គម្រោង​ស្ដារ​ជំហាន​ទី​១​ក្នុង​ឆ្នាំ​២០១១ ចាប់ពី​ស្ពាន​នាគ រហូតដល់​ស្ពាន​ក្រវាត់ក្រុង មាន​ប្រវែង ៤៦០០​ម៉ែត្រ នៅសល់​ប្រជាពលរដ្ឋ​៥​គ្រួសារ​ទៀត ដែល​បដិសេធ​មិន​ព្រម​ទទួលយក​ការដោះស្រាយ ក្នុងពេលដែល​ពលរដ្ឋ​ជាង​៦០០​គ្រួសារ​នៅពេលនោះ បាន​ស្ម័គ្រចិត្ត​។ រដ្ឋបាលខេត្ត​បញ្ជាក់ថា គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត នឹង​ដឹកនាំ​កម្លាំងចម្រុះ បន្ត​រុះរើ​ចំណុច​សេសសល់​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ​៕
 

 
 
 

Tag:
 សំណង់​ខុសច្បាប់​
  ស្ទឹង​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com