កីឡាអន្តរជាតិ
អន្តរជាតិ
Everton ចាំ២២ឆ្នាំ ទើបបានឈ្នះ Liverpool លើកដំបូងនៅទឹកដី Anfield ក្រុមកីឡាករ Everton អបអរជ័យជម្នះរបស់ខ្លួនលើ Liverpool។ រូបថត Everton FC
× ជំនួបរវាងក្រុមនៅក្រុង Merseyside តែមួយក្នុងក្របខណ្ឌ Premier League គឺជាសុបិនដែលក្លាយជាការពិតសម្រាប់ Everton ដោយបានយកឈ្នះ Liverpool ២-០ លើកដំបូងនៅកីឡដ្ឋាន Anfield បើគិតចាប់តាំងពីឆ្នាំ១៩៩៩មក។
ក្រៅពីឈ្នះម្ចាស់ហង្សក្រហម ក្រោយរង់ចាំអស់២២ឆ្នាំ Everton ក៏បានកត់ត្រាជ័យជម្នះលើក្រុមនៅក្រុងតែមួយលើកដំបូងផងដែរ បើគិតចាប់តាំងពីឆ្នាំ២០១០មក ខណៈ Liverpool ចាញ់ក្នុងទឹកដី៤ប្រកួតជាប់គ្នាជាលើកដំបូងបើគិតចាប់តាំងពីឆ្នាំ១៩២៣មក។
ប្រកួតបាន៣នាទី James Rodriguez បានបញ្ជូនបាល់ទៅ Richarlison ទាត់បញ្ចូលទីគ្រាប់ទីមួយសម្រាប់ Everton ហើយក្រុមភ្ញៀវនេះ បន្ថែមមួយគ្រាប់ទៀតនៅនាទី៨៣ តាមរយៈការទាត់ប៉េណាល់ទីរបស់ Gylfi Sururdsson ក្រោយ Trent Alexander-Arnold បង្កកំហុសលើ Dominic Calvert-Lewin នៅតំបន់គ្រោះថ្នាក់។
ជ័យជម្នះនេះ នាំឲ្យ Everton មាន៤០ពិន្ទុស្មើ Liverpool ដោយឈរនៅចំណាត់ថ្នាក់លេខ៧បណ្តោះអាសន្ន។ ទោះបីហង្សក្រហមមានប្រៀបលើសំណល់គ្រាប់បាល់បញ្ចូលទី ប៉ុន្តែ Everton នៅសល់មួយប្រកួតតាមពីក្រោយ ពោលគឺប្រកួតបាន២៤លើក រីឯ Liverpool បាន២៥លើកហើយ។
ជំនួបគូផ្សេងទៀត Wolverhampton ឈ្នះ Leeds United ១-០, Chelsea ស្មើ ១-១ ជាមួយម្ចាស់ផ្ទះ Southampton, Burnley និង West Brom បញ្ចប់ការប្រកួតដោយគ្មានការស៊ុតបាល់បញ្ចូលទី រីឯ Fulham ឈ្នះ Sheffield United ក្នុងលទ្ធផល ១-០។
សម្រាប់ជំនួបនៅរាត្រីនេះ West Ham ស្វាគមន៍ Tottenham Hotspur នៅម៉ោង៧ បន្តដោយជំនួបរវាង Aston Villa និង Leicester City, Arsenal និង Manchester City, Manchester United និង Newcastle United៕
© រក្សាសិទ្ធិដោយ thmeythmey.com