ជាតិ
សេដ្ឋកិច្ច
CDC អនុម័តឲ្យក្រុមហ៊ុនកូរ៉េបង្កើតរោងចក្រដំឡើងម៉ូតូ-កង់ប្រើអគ្គិសនី នៅខេត្តកណ្តាល
× ភ្នំពេញ៖ ក្រុមហ៊ុន ONION MOBILITY CO., LTD ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តជាផ្លូវការឱ្យបង្កើតរោងចក្រដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តដែលប្រើប្រាស់ដោយថាមពលអគ្គិសនី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ខេត្តកណ្តាល។ ក្រុមហ៊ុនONION MOBILITY គឺជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនMVL ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង។
ការចុះផ្សាយរបស់CDCបានបញ្ជាក់ថា ONION MOBILITY បានបោះទុន២០លានដុល្លារ ក្នុងការបង្កើតរោងចក្រដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តប្រើថាមពលអគ្គិសនី ហើយអាចបង្កើតការងារជូនពលរដ្ឋ បានជិត៤០០កន្លែង។ ជាមួយគ្នានេះ CDC ក៏បានអនុម័តឱ្យ២ក្រុមហ៊ុនផ្សេងទៀត បើករោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ និងផលិតសំបកកង់យានយន្ត នៅខេត្តស្វាយរៀង ផងដែរ។
បើតាមCDC ក្រុមហ៊ុនទាំង២នោះ មានSHANE (CAMBODIA) FURNITURE បង្កើតរោងចក្រផលិតសាឡុង គ្រែ និងគ្រឿងសង្ហារឹមគ្រប់ប្រភេទក្នុងតម្លៃវិនិយោគ៤៧,៧លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត។ តាមរយៈការបង្កើតរោងចក្ររបស់ក្រុមហ៊ុននេះ គឺអាចបង្កើតការងារបានជាង៨00កន្លែង ខណៈក្រុមហ៊ុន CART TIRE CO., LTD ក៏អាចចូលរួមផ្តល់ឱកាសការងារដល់ពលរដ្ឋបាន៣៨០កន្លែងទៀតនៅក្នុងខេត្តស្វាយរៀង ផងដែរ។
CDC បានលើកឡើងថា ក្រុមហ៊ុនCART TIRE បានបោះទុនវិនិយោគប្រមាណ ១៥លានដុល្លារ បង្កើតរោងចក្រផលិតសំបកកង់យានយន្ត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ បាវិត ៕
Tag:
បរិស្ថាន
CDC
កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com