COVID-19
អន្តរជាតិ
ម៉ាឡេស៊ី ពន្លឿនថ្ងៃចាក់វ៉ាក់សាំង ខណៈទទួលវ៉ាក់សាំង Pfizer
× ម៉ាឡេស៊ី សម្រេចចិត្តពន្លឿនកាលបរិច្ឆេទចាក់វ៉ាក់សាំងពីរថ្ងៃ ខណៈវ៉ាក់សាំងកូវីដ-១៩ ជើងដំបូងរបស់ក្រុមហ៊ុន Pfizer បានទៅដល់ប្រទេសនេះនៅថ្ងៃទី២១ ខែកុម្ភៈ។ វ៉ាក់សាំងកូវីដ-១៩ នឹងបន្តទៅដល់ម៉ាឡេស៊ីនៅសប្ដាហ៍ខាងមុខទៀត សម្រាប់កម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលដែលគ្រោងចាក់ឱ្យប្រជាជន៨០ភាគរយនៅឆ្នាំ២០២១នេះ។
វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ចំនួន៣១២៣៩០ដូស ទៅដល់ម៉ាឡេស៊ីនៅថ្ងៃទី២១ ខែកុម្ភៈ។ នេះជាចំនួនវ៉ាក់សាំងដែលម៉ាឡេស៊ីទទួលបាននៅជំហានដំបូងពីក្រុមហ៊ុន។ រដ្ឋមន្ត្រីវិទ្យាសាស្ត្រម៉ាឡេស៊ី Khairy Jamaluddin និយាយថា វ៉ាក់សាំងជើងទីពីរ នឹងទៅដល់ម៉ាឡេស៊ីនៅថ្ងៃទី២៦ ខែដដែល ហើយវ៉ាក់សាំងដែលនៅសល់នឹងទៅត្រូវដឹកជញ្ជូនរៀងរាល់ពីរសប្ដាហ៍។ ម៉ាឡេស៊ី បញ្ជាទិញវ៉ាក់សាំងពី Pfizer ចំនួន៣២លានដូស។
ក្រៅពីវ៉ាក់សាំងដែលអភិវឌ្ឍដោយក្រុមហ៊ុន Pfizer និង BioNTech ម៉ាឡេស៊ី ក៏នឹងទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនចិន Sinovac Biotech ផងដែរ។ បើតាមលោក Khairy វ៉ាក់សាំងពីចិន នឹងទៅដល់ម៉ាឡេស៊ីនៅថ្ងៃទី២៧ ខែកុម្ភៈ។ លោកមិនបញ្ជាក់ចំនួនជាក់លាក់ឡើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
បន្ទាប់ពីទទួលវ៉ាក់សាំង ម៉ាឡេស៊ី ក៏មិនបង្អង់ពេលដែរក្នុងការចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន។ រដ្ឋមន្ត្រីម៉ាឡេស៊ីនិយាយថា កម្មវិធីចាក់វ៉ាក់សាំង នឹងរំកិលមកថ្ងៃទី២៤ ខែកុម្ភៈ ដែលលឿនជាងការគ្រោងទុកពីរថ្ងៃ។ នាយករដ្ឋមន្ត្រី មូហ៊ីឌីន យ៉ាស៊ីន និងអគ្គនាយកសុខាភិបាល Noor Hisham Abdullah ជាអ្នកទទួលវ៉ាក់សាំងមុនគេ។
ម៉ាឡេស៊ី ជាប្រទេសរងគ្រោះដោយសារជំងឺកូវីដ-១៩ ខ្លាំងជាងគេមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសនេះកត់ត្រាករណីឆ្លងប្រមាណ២៨ម៉ឺននាក់ និងមានអ្នកស្លាប់ជាងមួយពាន់នាក់៕
Tag:
ម៉ាឡេស៊ី
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com