COVID-19
ជាតិ
សង្គមជាតិ
ត្រឹមតែ១ថ្ងៃ ទីតាំងជិត២០០០កន្លែង ចុះឈ្មោះប្រើប្រាស់ QR Code «Stop COVID»
× ក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីកម្ពុជាដាក់ឱ្យប្រើប្រាស់ប្រព័ន្ធQR Code «ទប់ស្កាត់កូវីដ Stop Covid» គឺមានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រជាដើម ចំនួន១,៩៥៤ បានចុះឈ្មោះបង្កើតQR Code នេះ សម្រាប់ប្រើប្រាស់។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី២១កុម្ភៈ ឆ្នាំ២០២១។
តាមរយៈចំនួនជិត២ពាន់ទីតាំងនានាខាងលើដែលបានឱ្យប្រើប្រាស់ប្រព័ន្ធQR Code «ទប់ស្កាត់កូវីដ Stop Covid» គឺមានមនុស្សជាង១១,០០០នាក់ បានស្កេនQR Code នេះ។ ក្រសួងប្រៃសណីយ៍ បានអះអាងថា ការចុះឈ្មោះប្រើប្រាស់ប្រព័ន្ធQR Code «ទប់ស្កាត់កូវីដ Stop Covid»យ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លីត្រឹម២៤ម៉ោងនេះ គឺបានបញ្ជាក់ពីការគាំទ្រ និងការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋ ក្នុងការចូលរួមការពារសុខភាពសាធារណៈសម្រាប់ទាំងអស់គ្នា។
កម្ពុជាបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធQR Code «Stop COVID» គឺបន្ទាប់ពីការប្រកាសនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កាលពីថ្ងៃព្រឹកម្សិលមិញ ដែលរហូតថ្ងៃទី២១ខែកុម្ភៈនេះ មានមនុស្ស៤៣នាក់ហើយ បានឆ្លងកូវីដ-១៩នៅព្រឹត្តិការណ៍សហគមន៍លើកទី៣នេះ ខណៈក្រសួងសុខាភិបាលកំពុងស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត។
ក្រសួងប្រៃសណីយ៍ក៏ដូចគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមអំពាវនាវដល់ម្ចាស់អាជីវកម្មគ្រឹះស្ថាននានា និងសាធារណជនចូលរួមប្រើប្រាស់ប្រព័ន្ធQR Code «ទប់ស្កាត់កូវីដ Stop Covid» នេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងកាត់បន្ថយផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចនិងសង្គមដោយសារការរាតត្បាតនៃជំងឺនេះ។
សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងការប្រើនប្រាស់ប្រព័ន្ធស្កេនQR Code នេះ សាធារណជនអាចទាក់ទងទៅមជ្ឈមណ្ឌលទំនាក់ទំនងបឋមនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈលេខកូដខ្លី ១២៣ ឬ ០៩៩ ៨៨៨ ៥១៦/ ០១២ ៩៧៩ ០៧៩ ដោយឥតគិតថ្លៃ។
គិតត្រឹមថ្ងៃទី២១កុម្ភៈ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៥៣៣នាក់។ ក្នុងនោះមាន៤៧៣នាក់ ជាសះស្បើយ និង៦០នាក់ទៀត កំពុងសម្រាកព្យាយាមនៅមន្ទីរពេទ្យនានា៕
© រក្សាសិទ្ធិដោយ thmeythmey.com