COVID-19
ជាតិ
លោក ឃួង ស្រេង ៖ សន្តិសុខដែលជម្លៀសស្ត្រីចិន ពីកន្លែងចត្តាឡីស័ក នឹងទទួលពិន័យតាមអនុក្រឹត្យ
22, Feb 2021 , 2:10 pm        
រូបភាព
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ (រូបពីហ្វេសប៊ុកផ្លូវការរបស់លោក)
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ (រូបពីហ្វេសប៊ុកផ្លូវការរបស់លោក)
ភ្នំពេញ៖ សន្តិសុខសណ្ឋាគារសុខា ដែលជម្លៀសស្ត្រីចិន៤នាក់ ពីកន្លែងចត្តាឡីស័ក នឹងទទួលពិន័យតាមអនុក្រឹត្យរដ្ឋាភិបាល ដោយគ្មានការលើកលែង។ នេះបើតាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។



លោក ឃួង ស្រេង បានបញ្ជាក់ថា សន្តិសុខរូបនោះ កំពុងជាប់ចត្តាឡីស័ក ១៤ថ្ងៃសិន ក្រោយពីបានទំនាក់ទំនងផ្ទាល់ជាមួយស្ត្រីជនជាតិចិន។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អភិបាលរាជធានីភ្នំពេញរួបនេះ បាននិយាយដូច្នេះថា៖« សន្តិសុខនោះ យើងឱ្យគាត់ចត្តាឡីស័កសិន ថាតើគាត់មានជំងឺ ឬអត់ជំងឺកូវីដ-១៩ សិនជាបឋម យើងត្រូវជួយសង្គ្រោះជីវិតគាត់ ឱ្យគាត់ថែទាំអាយុជីវិតរបស់គាត់ ។ នៅពេលថែទាំហើយ គាត់ផុតពីជំងឺរាតត្បាតហើយទើបយើងពិនិត្យទោសទណ្ឌទៅលើរូបគាត់ ដែលបានល្មើសនោះ តាមអនុក្រឹត្យ»។
 
លោក ឃួង ស្រេង មិនទាន់អាចកំណត់ថា សន្តិសុខនោះ នឹងទទួលទោសទណ្ឌកម្រិតណាទេ ដោយអាស្រ័យលើការពិភាក្សា និងវាយតម្លៃរបស់អ្នកជំនាញច្បាប់។ ចំណែកលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក៏មិនអាចបញ្ជាក់ពីកម្រិតទោសរបស់សន្តិសុខបានដែរ។
 
សន្តិសុខសណ្ឋាគាររូបនោះ បានជម្លៀសស្ត្រីចិន៤នាក់ចេញពីកន្លែងធ្វើចត្តាឡីស័ក កាលពីពេលថ្មីៗនេះ។ ក្នុងចំណោមស្ត្រី៤នាក់នោះ មានស្ត្រី២នាក់ វិជ្ជមានកូវីដ-១៩(COVID-19)។ សម្តេច ហ៊ុន សែន ចាត់ទុកទង្វើបែបនេះ គឺជាការធ្វេសប្រហែសនៃកន្លែងចត្តាឡីស័ក ដែលបង្កហានិភ័យធ្វើឱ្យឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
 
សម្ដេច ហ៊ុន សែន បានហៅករណីនេះ ជា«ព្រឹត្តិការណ៍២០ កុម្ភៈ»។ ថ្លែងចេញពីគេហដ្ឋាននៅទីក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ខែកុម្ភៈ សម្តេច ហ៊ុន សែន  បានបញ្ជាឱ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងវិធានការធ្វើចត្តាឡីស័កឱ្យខ្ជាប់ខ្ជួនបំផុត ដើម្បីបញ្ចៀសការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
 
កាលពីថ្ងៃទី១៨ កុម្ភៈ សម្តេច ហ៊ុន សែន បានចេញអនុក្រឹត្យចំនួន២ ដែលផ្តោតលើការពង្រឹងវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ និងការកែសម្រួលមាត្រាស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល។
 
មាត្រា៨ថ្មីនៃអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ចែងថា អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូន ដែលគេចមិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល និងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល។
 
រីឯជនដែលផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនាដល់អ្នកដំណើរឬការីនៃយានដឹកជញ្ជូនឲ្យគេចចេញពីការត្រួតពិនិត្យ ឬគេចវេះពីការអនុវត្ត វិធានការចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី១០លានទៅ៥០លានរៀល។
 
អនុក្រឹត្យដដែល បានចែងទៀតថា បុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក បុគ្គលដែលគេចចេញពីកន្លែងចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក និងបុគ្គលធ្វើចត្តាឡីស័កដែលមិនសហការជាមួយមន្ត្រីសុខាភិបាលដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវរងពីពិន័យអន្តរការណ៍ពី១លានរៀលៅ៥លានរៀល។
 
អ្នកផ្តើមគំនិត ដឹកនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដល់បុគ្គលឲ្យមានការគេចចេញពីការត្រួតពិនិត្យរបស់មន្ត្រីចត្តាឡីស័ក រួមទាំងគ្រឹះស្ថានសុខាភិបាលឯកជនដែលជួយលាក់បាំង ឬមិនបានជូនដំណឹង ត្រូវរងពិន័យអន្តរការណ៍ពី១០លានទៅ៥០លានរៀល។
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប៥៦៨នាក់ ដោយ៤៧៥នាក់បានជាសះស្បើយ។ អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឡើងដល់៧៦នាក់ហើយ៕
 

Tag:
 ឃួង ស្រេង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com