ក្រុមហ៊ុន ខេ ស៊ីមេន បានប្រារព្ធពិធីក្រុងពាលី សម្ពោធដំណើរការផលិត នូវផលិតផលស៊ីម៉ងត៍ដែលអភិវឌ្ឍថ្មីរបស់ខ្លួន ជាមួយនឹងសំបកបាវថ្មី នៅឯរោងចក្រ កំពត ស៊ីមេន របស់ខ្លួននៅខេត្តកំពត។
លោក រ៉ាត់ឆាយុត កាសេមឆៃសិរី (Ratchayut Kasemchaisiri) នាយកក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា បានដឹកនាំគណៈគ្រប់គ្រងជាន់ខ្ពស់ដទៃទៀត រៀបចំប្រារព្ធពិធីសម្ពោធនេះ និងបានធ្វើដំណើរទស្សនកិច្ច ពិនិត្យមើលខ្សែច្រវាក់ផលិតកម្ម នៅក្នុងរោងចក្រ កំពត ស៊ីមេន ។
ពិធីសម្ពោធនេះ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ គឺមួយសប្ដាហ៍ បន្ទាប់ពីពិធីជួបជុំតំណាងចែកចាយប្រចាំឆ្នាំ ដែលក្រុមហ៊ុន ខេ ស៊ីមេន បានរៀបចំឡើង ដើម្បីបង្ហាញការផ្លាស់ប្ដូររូបរាងថ្មី រូបមន្តថ្មី និងផលិតផលថ្មីរបស់ស៊ីម៉ងត៍ ខេ ស៊ីមេន ទៅដល់តំណាងចែកចាយ និងដៃគូអភិវឌ្ឍន៍គម្រោងសំណង់មកពីទូទាំងប្រទេស ។
លោក រ៉ាត់ឆាយុត កាសេមឆៃសិរី នាយកក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា បានមានប្រសាសន៍នៅឯពិធីក្រុងពាលី ក្នុងបរិវេណរោងចក្រ កំពត ស៊ីមេន នៅខេត្តកំពត យ៉ាងដូច្នេះ ៖ «នៅឆ្នាំ២០២១នេះ យើងចាប់ផ្ដើមទសវត្សរ៍ថ្មី ជាមួយនឹងការអភិវឌ្ឍទម្រង់ថ្មី សម្រាប់ស៊ីម៉ងត៍ ខេ ស៊ីមេន ។ ការអភិវឌ្ឍថ្មីនេះ គឺផ្ដើមចេញពីមហិច្ឆតាដ៏រឹងមាំរបស់យើង ដើម្បីរក្សាភាពឈានមុខគេរបស់យើង នៅក្នុងចំណែកទីផ្សារ និងភាពល្អប្រណីតលើសគេ ផ្នែកម៉ាកយីហោ»។
លោក រ៉ាត់ឆាយុត បានបន្ថែមថា ៖ «គោលដៅចុងក្រោយបំផុតរបស់យើង គឺនាំមកនូវនវានុវត្តន៍ និងកំណើនប្រកបដោយចីរភាព សម្រាប់វិស័យសំណង់ និងការរស់នៅ នៅកម្ពុជា ដែលនឹងផ្ដល់គុណភាពរស់នៅកាន់តែប្រសើរឡើង ដល់ប្រជាជនកម្ពុជាគ្រប់រូប»។
ស៊ីម៉ងត៍ ខេ ស៊ីមេន ឥឡូវនេះ មានសំបកបាវថ្មី ហើយរចនាបថនៃសំបកបាវថ្មីនេះ គឺកើតចេញពីឆន្ទៈមោះមុតរបស់យើង ក្នុងការបោះជំហានឲ្យលឿន ឆ្ពោះទៅរកអនាគត ដោយប្រើកេរដំណែលនិងបទពិសោធន៍របស់យើង ក្នុងនាមជាម៉ាកយីហោខ្មែរដំបូងគេបំផុត នៅក្នុងទីផ្សារកម្ពុជា។
ស៊ីម៉ងត៍ ខេ ស៊ុបពែរ មានរូបមន្តថ្មី។ វាត្រូវបានអភិវឌ្ឍឲ្យក្លាយជាស៊ីម៉ងត៍ ដែលអាចប្រើបានសម្រាប់ការងារចម្រុះ។ អ្នកប្រើប្រាស់ នឹងវាយតម្លៃខ្ពស់ចំពោះគុណតម្លៃរបស់ ខេ ស៊ុបពែរ ជាស៊ីម៉ងត៍មួយប្រភេទ សម្រាប់ការងារចម្រុះគ្រប់មុខ គឺការចាក់សាប និងគ្រឿងបង្គុំស្រាលៗ ការរៀបឥដ្ឋ និងការងារបូក ។
រីឯផលិតផលថ្មី គឺ ស៊ីម៉ងត៍ ខេ ផោវើរ ផ្លាស្ទ័ររីង វិញ ត្រូវគេចាត់ទុកថា ជាស៊ីម៉ងត៍បូកដែលល្អបំផុត ដែលធ្វើឲ្យជញ្ជាំងមានភាពរលោងស្អាតបំផុត និងគ្មានស្នាមប្រេះ៕
(អត្ថបទពាណិជ្ជកម្ម)