ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ជំរុញសហគ្រិនខ្មែរឱ្យបង្កើត«គំរូអាជីវកម្មថ្មី»ដោយប្រើបច្ចេកវិទ្យាជាជំនួយ សម្តេច ហ៊ុន សែន។ រូបថត៖ ទំព័រហ្វេសប៊ុកសម្តេច
× ភ្នំពេញ៖ សហគ្រិននៅកម្ពុជា គួរតែគិតពី«គំរូអាជីវកម្មប្រភេទថ្មី» ដោយប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន នៅក្នុងសារលិខិតស្តីពីទិវាជាតិទីក្រុងស្អាតលើកទី៩ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៧កុម្ភៈ ឆ្នាំ២០២១ ។
សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្នសកលលោកបានផ្លាស់ប្តូរទៅរករបត់ថ្មី ដែលបច្ចេកវិទ្យាឌីជីថល បាននាំមកនូវវិធីសាសាស្ត្រអនុវត្តការងារ, ទម្លាប់ ការរស់នៅ និងជីវិតថ្មី។
«ការរីករាលដាលនៃជំងឺកូវីដ-១៩(COVID-19)ជាសកល បានជំរុញឱ្យយើងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែខ្លាំងជាងមុន»។ នេះបើតាមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបន្ថែមថា វិនិយោជិក ឬបុគ្គលិកក៏គួរគិតគូរពីការពង្រឹងសមត្ថភាពជំនាញ ដើម្បីមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការបត់បែនទៅតាមការប្រែប្រួលឆាប់រហ័សនៃចរន្តសេដ្ឋកិច្ច។
លើសពីនេះទៀត វិនិយោជិក ឬបុគ្គលិកគ្រប់រូប ត្រូវពង្រឹងសមត្ថភាព និងគុណភាព ជាពិសេសការបង្កើនផលិតភាព ដើម្បីត្រៀមខ្លួនក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារ ។ បើតាមសម្ដេច ទីផ្សារការងារ នឹងកាន់តែរួមតូចចង្អៀតនៅពេលខាងមុខ ហើយខ្សែច្រវាក់ផ្គត់ផ្គង់កាន់តែបង្រួមខ្លី។
ស្ថិតនៅក្នុងបរិបទថ្មីនៃវិបត្តិកូវីដ-១៩នេះ សម្តេចហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប គួរតែខិតខំចាប់យកនិន្នាការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ជីវភាពប្រចាំថ្ងៃផងដែរ ដូចជា៖ ការរៀនពីចម្ងាយ (រៀនតាមអនឡាញ_Online) និងទិញទំនិញអនឡាញ ជាដើម...។
កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២០ មានធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម (SME) ចំនួន ២៧ បានទទួលកញ្ចប់ជំនួយហិរញ្ញវត្ថុឥតសំណងពីសហគ្រិនខ្មែរ (KE) ដែលជាស្ថាប័នចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជួយជំរុញអាជីវកម្មរបស់ពួកគេឱ្យកាន់តែប្រសើរ និងក្លាយជាអាជីវកម្មគំរូ។
តាមរយៈកម្មវិធីកញ្ចប់ជំនួយទាំង២ជុំនេះ សហគ្រិនខ្មែរបានទទួលពាក្យស្នើសុំពីធុរកិច្ចបង្កើតថ្មីក៏ដូចជា សហគ្រាសធុនតូច និងមធ្យមសរុបចំនួន២៧៨ មកពីវិស័យកសិកម្ម កសិកម្មកែច្នៃ សិប្បកម្មកែច្នៃ សេវាកម្ម និងបច្ចេកវិទ្យាព័ត៌មានវិទ្យា៕
© រក្សាសិទ្ធិដោយ thmeythmey.com