រថយន្ត
អន្តរជាតិ
អឺរ៉ុបត្រូវបានស្នើដាក់ទីតាំងសាករថយន្តអគ្គិសនីឲ្យបាន១លានកន្លែងនៅឆ្នាំ២០២៤
22, Feb 2021 , 8:19 pm        
រូបភាព
ដោយ: ធីតា
ក្រុមអ្នកបរិស្ថាន ក៏ដូចជាក្រុមផលិតរថយន្ត និងបណ្តាអ្នកប្រើប្រាស់ បានស្នើទៅបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប (EU) ដាក់គោលដៅរៀបចំទីតាំងសាករថយន្តអគ្គិសនីសាធារណៈ (EV Public Chargers) ឲ្យបាន១លានកន្លែងនៅឆ្នាំ២០២៤ និងដល់៣លានទីតាំងនៅឆ្នាំ២០២៩។

 
ក្នុងលិខិតរួមគ្នា សមាគមសហគ្រាសផលិតយានយន្តអឺរ៉ុប (ACEA) រួមជាមួយក្រុមអ្នកបរិស្ថាន និងបណ្តាអ្នកពាក់ព័ន្ធលើវិស័យដឹកជញ្ជូន បានស្នើទៅស្នងការទទួលអាកាសធាតុ ដឹកជញ្ជូន ឧស្សាហកម្ម និងថាមពលអឺរ៉ុប ឲ្យប្រើប្រាស់ច្បាស់ហេដ្ឋារចនាសម្ព័ន្ធដើម្បីកំណត់គោលដៅលើការបំពាក់ទីតាំងសាករថយន្តអគ្គិសនី។
 
លោក William Todts នាយកប្រតិបត្តិក្រុមហ៊ុនមួយ ដែលស្ថិតក្នុងចំណោមអ្នកផ្ញើលិខិត បានលើកឡើងថា៖ «ប្រសិនបើយើងគិតគូពីបម្រែបម្រួលអាកាសធាតុ យើងត្រូវការការយកចិត្តទុកលើសេវាកម្មអគ្គិសនី។ យើងមិនចង់មានតែមានងាយស្រួលបញ្ចូលចរន្តនៅន័រវេស ឬហូឡង់នោះឡើយ ប៉ុន្តែចង់បាននៅទូទាំងអឺរ៉ុបទាំងមូល»។
 
លិខិតបានលើកឡើងពីតម្រូវការរថយន្តអគ្គិសនីកាន់តែខ្ពស់នៅតំបន់អឺរ៉ុប ហើយការបំពាក់ទីតាំងសាកឲ្យបាន១លានកន្លែងនៅឆ្នាំ២០២៤ និង៣លានកន្លែងនៅឆ្នាំ២០២៩ ក៏នឹងបង្កើនការងារបន្ថែមរាប់លានផងដែរ ហើយព្រមទាំងជួយឲ្យទ្វីបអឺរ៉ុបទាំងមូលឈានដល់គោលដៅបរិស្ថានរបស់ខ្លួន។
 
ប្រទេសជាសមាជិក EU ចំនួន២៧ ស្ថិតក្នុងគោលដៅដែលបានស្នើ។ អាល្លឺម៉ង់ត្រូវបានស្នើឲ្យបំពាក់ពីជិត៤០ម៉ឺនទីតាំងនៅឆ្នាំ២០២៤ដល់ជាង១លានទៅឆ្នាំ២០១៩ រីឯបារាំងពីជាង២០ម៉ឺន ទៅជាង៥៥ម៉ឺនទីតាំង។ 
 
គោលដៅធំៗបន្ទាប់ទៀតរួមមាន ហូឡង់ ស៊ុយអែត អ៊ីតាលី អេស្ប៉ាញ បែលហ្ស៊ិក ដាណឺម៉ាក អូទ្រីស ព័រទុយហ្គាល់ និងហ្វាំងឡង់ជាដើម៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com