កីឡាអន្តរជាតិ
អន្តរជាតិ
ម្តាយ​របស់ Ronaldinho អតីត​វីរបុរស​ប្រេ​ស៊ី​ល និង Barcelona ស្លាប់​ដោយសារ​កូ​វីដ​-១៩
22, Feb 2021 , 11:29 pm        
រូបភាព
​អ្នកស្រី Dona Miguelina ម្តាយបង្កើត​របស់ Ronaldinho អតីត​កីឡាករ​បាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល និង​ក្លិប Barcelona បានទទួល​មរណភាព​ក្នុង​អាយុ​៧១​ឆ្នាំ ដោយសារ​កូ​វីដ​-១៩ បន្ទាប់ពី​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យក្រុង Porto Alegre កាលពី​ចុងឆ្នាំ​២០២០​។​

 
​កាលពី​ថ្ងៃទី​២១ ខែធ្នូ Ronaldinho បានប្រកាស​ជា​សាធារណៈ​ពី​ស្ថានភាព​សុខភាព​ម្តាយ​របស់ខ្លួន ដោយបាន​បួងសួង​ឲ្យ​គាត់​ឆាប់​ជាសះស្បើយ​។​
 
​ក្លិប Atletico Mineiro ក៏ដូចជា Barcelona បាន​ចូលរួម​រំលែក​ទុក្ខ​អតីត​កីឡាករ​របស់ខ្លួន​នៅលើ​បណ្តាញ​សង្គម រីឯ​កីឡាករ​ល្បីៗ​ជាច្រើន ក្នុងនោះ​មាន Lionel Messi ផងដែរ​នោះ ក៏បាន​លើកទឹកចិត្ត​ដល់​មិត្ត​រួម​ក្រុម​របស់ខ្លួន​ផងដែរ​។​
 
Ronaldinho ផ្ទាល់​ក៏​ធ្លាប់មាន​វិជ្ជមាន​កូ​វីដ​-១៩ ផងដែរ ប៉ុន្តែ​មិនមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ឡើយ ដែល​ក្រោយមក​បានជា​សះស្បើយ​។​
 
​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២២ ខែកុម្ភៈ​នេះ ប្រេ​ស៊ី​ល​មាន​អ្នក​ឆ្លង​ជាង​១០,១៦​លាន​នាក់ ដែល​ស្ថិតនៅ​លំដាប់​ទី​បី​បន្ទាប់ពី​សហរដ្ឋអាមេរិក និង​ឥណ្ឌា ប៉ុន្តែ​មាន​អ្នកស្លាប់​ជាង​២៤,៦៥​ម៉ឺន​នាក់ ដែលជា​តួលេខ​ច្រើនជាងគេ​លំដាប់​ទី​ពីរ បន្ទាប់ពី​សហរដ្ឋអាមេរិក​៕
 

Tag:
 Ronaldinho
© រក្សាសិទ្ធិដោយ thmeythmey.com