COVID-19
ជាតិ
មានករណីវិជ្ជមានកូវីដ-១៩ ចំនួន​២៥នាក់ទៀតនៅកម្ពុជា និងឃើញករណីបំប្លែងថ្មី៣នាក់
23, Feb 2021 , 8:08 am        
រូបភាព
ទិដ្ឋភាពយកវត្ថុសំណាកនៅវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី កាលពីថ្ងៃទី២១ ខែកុម្ភៈ
ទិដ្ឋភាពយកវត្ថុសំណាកនៅវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី កាលពីថ្ងៃទី២១ ខែកុម្ភៈ
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាលនាព្រឹកនេះ បាន​ប្រកាសពីករណីឆ្លងកូវីដ-១៩ ចំនួន​២៥នាក់ទៀតនៅកម្ពុជា ដែលក្នុងនោះ២៣ករណីពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយភាគច្រើនជាជនជាតិចិន។  ជាមួយគ្នានេះ ក្រសួងបានរកឃើញអ្នកជំងឺ៣នាក់ជាករណីបំប្លែងថ្មី។ ចំណែក ២ករណីទៀត ជាកងទ័ពមួកខៀវកម្ពុជា ដែលធ្វើដំណើរពីប្រទេសអាហ្វ្រិកបន្តជើងហោះហើរនៅឥណ្ឌា និងមកដល់កម្ពុជានៅថ្ងៃទី២១កុម្ភៈ។




អ្នកជំងឺពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន២៣នាក់ មានចិន២១នាក់ និងខ្មែរ២នាក់ ដែលរស់នៅទីតាំងផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ មានដូចជា តាមសណ្ឋាគារ, មូលដ្ឋានខណ្ឌបឹងកេងកង បឹងព្រលឹត និងកោះពេជ្រ ជាដើម។ រីឯស្ត្រីខ្មែរអាយុ២០ឆ្នាំម្នាក់ មានអាសយដ្ឋាននៅឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

២១នាក់ ត្រូវបាន​ដាក់សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ ប៉ុន្តែអ្នកជំងឺ២នាក់ទៀត មាន​ស្ត្រីខ្មែរអាយុ៤៣ឆ្នាំ មិនព្រមទៅសម្រាកព្យាបាល​ដោយមានកូនតូចនៅជាមួយ រីឯបុរសចិនអាយុ២៣ឆ្នាំ មិនអាចទាក់ទងបាន។ 

២ករណីទៀត លើ​កងទ័ពមួកខៀវកម្ពុជា ដែលជាបុរសអាយុ ៣៥ឆ្នាំ និង៤០ឆ្នាំ ដែលបានធ្វើដំណើរពីប្រទេសអាហ្វ្រិក បន្តជើងហោះហើរនៅប្រទេសឥណ្ឌា មកដល់កម្ពុជានៅថ្ងៃទី២១កុម្ភៈ។ អ្នកទាំង២ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅសាលារក្សាសន្តិភាពពហុសាស្ត្រកំពង់ស្ពឺ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដដែល ក្នុងចំណោមករណីឆ្លងក្នុងសហគមន៍ទាំង២៣នេះ មានអ្នកជំងឺ៣នាក់ ជាករណីបំប្លែងថ្មី ដែលមានលទ្ធភាពឆ្លងបន្តក្នុងសហគន៍លឿន។ ដូច្នេះក្រសួងបានទទូចឲ្យពលរដ្ឋបន្តអនុវត្តវិធានការអនាម័យ «៣កុំ ៣ការពារ»ឱ្យបាន​មត់ចត់ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ ក្នុងសហគមន៍។ ជាមួយគ្នានេះ ក្រសួងក៏អំពាវនាវឲ្យពលរដ្ឋទាំងអស់ ដែលបានពាក់ព័ន្ធ ឬធ្វើដំណើរចេញចូលទីតាំង ពាក់ព័ន្ធទាំង២៣ទីតាំង ទៅធ្វើតេស្តរកកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រែក្រោមសម្រាប់ពលរដ្ឋធម្មតា មជ្ឈមណ្ឌលកោះពេជ្រសម្រាប់ជនជាតិចិន និងពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់អ្នករត់តាក់ស៊ី រឺម៉កកង់បី។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៣កុម្ភៈ កម្ពជារកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥៩៣ករណី ​អ្នកសះស្បើយ ៤៧៥ករណី ខណៈអ្នកកំពុងសម្រាកព្យាបាលមានចំនួន ១១៦នាក់។ សូមបញ្ជាក់ថា ​​អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានដល់ទៅ ៩៩នាក់ហើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com