COVID-19
ជាតិ
ជនបរទេស ប្រឈមនឹងការបណ្តេញចេញ ហើយអាចលែងបានចូលកម្ពុជាវិញ បើគេចពីការធ្វើចត្តាឡីស័ក សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តនៃកម្ពុជា។ (រូបពីទំព័រហ្វេសប៊ុករបស់ សម្ដេច ហ៊ុន សែន)
× ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា សម្រេចឲ្យបណ្ដេញជនបរទេសនិងលែងឲ្យត្រឡប់ចូលកម្ពុជាវិញ បើជនបរទេសនោះគេចវេះ និងមិនចូលរួមសហការក្នុងការធ្វើចត្តាឡីស័ក។ ការសម្រេចនេះ ធ្វើឡើងតាមសំណើររបស់លោក ឌី វិជ្ជា អគ្គស្នងការរងនរគបាលជាតិ និងអនុគណៈកម្មការស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យផ្ទុកកូវីដ-១៩ កាលពីថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២១។
លោក ឌី វិជ្ជា អះអាងក្នុងសំណើថា ក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យផ្ទុកកូវីដ-១៩ តែងតែជួបប្រទេះបញ្ហាប្រឈមនៅពេលប្រតិបត្តិការ ដោយសារបុគ្គលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ មិនព្រមសហការ។ លោក ជម្រាបសម្តេចនាយករដ្ឋមន្រ្តីថា ពួកគេមិនព្រមផ្ដល់ការសម្ភាស ផ្ដាច់ទំនាក់ទំនង រត់គេចមិនព្រមធ្វើចត្តាឡីស័ក ហើយម្ចាស់ទីតាំងមួយចំនួនក៏មិនព្រមសហការ។ ករណីទាំងនេះ ធ្វើឲ្យក្រុមការងាររបស់លោក មានភាពយឺតយ៉ាវនិងខ្វះចន្លោះ ក្នុងការទប់ស្កាត់ការរីករាលដាលកូវីដ-១៩។
ដោយសារបញ្ហានេះ លោក ឌី វិជ្ជា បានស្នើទៅប្រមុខរដ្ឋាភិបាល ឲ្យអនុវត្តច្បាប់បន្ថែម ចំពោះបុគ្គលណាដែលមិនអនុវត្តតាមវិធានសុខាភិបាលលើការធ្វើចត្តាឡីស័ក គេចវេះមិនព្រមចូលព្យាបាលឬមិនសហការផ្ដល់កិច្ចសម្ភាស រួមទាំងម្ចាស់ទីតាំងដែលមិនព្រមផ្ដល់ព័ត៌មានក្នុងការស្រាវជ្រាវ។
វិធានការបន្ថែម ចំពោះបុគ្គលណាដែលមិនព្រមសហការជាមួយក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលលសង្ស័យផ្ទុកកូវីដ-១៩ គឺត្រូវបិទទីតាំងអាជីវកម្មនិងដកហូតអាជ្ញាប័ណ្ណ។ លោក ឌី វិជ្ជា សុំការសម្រេចពីសម្តេចនាយករដ្ឋមន្រ្តីថា៖«ចំពោះជនបរទេស សូមគោរពស្នើសុំ បណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា និងហាមចូលប្រទេសសាជាថ្មី។ ចំពោះជនជាតិខ្មែរសូមគោរពស្នើសុំចាត់វិធានការតាមផ្លូវច្បាប់»។
សំណើទាំងបីចំណុចនេះ ត្រូវបានសម្ដេច ហ៊ុន សែន ចារយល់ព្រមឲ្យអនុវត្ត។
ជុំវិញករណីគេចវេះ និងមិនព្រមសហការជាមួយក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យផ្ទុកកូវីដ-១៩ នៅថ្ងៃទី២៣កុម្ភៈនេះ មានអ្នកផ្ទុកកូវីដ-១៩ថ្មីចំនួន២នាក់ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ មិនព្រមសហការជាមួយក្រុមការងាររបស់ក្រសួងសុខាភិបាល។ អ្នកទាំងពីរនាក់នោះ ជាជនជាតិខ្មែរ និងម្នាក់ទៀត ជាជនជាតិចិន។ ក្រសួងសុខភិបាលបានបញ្ជាក់ថា អាជ្ញាធរ មិនអាចទាក់ទងអ្នកទាំងពីរនាក់បានឡើយ ហើយពួកគេ ក៏មិនព្រមចូលសម្រាកព្យាបាលដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៣កុម្ភៈ កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៩៣នាក់ ដោយក្នុងនោះ អ្នកជាសះស្បើយ៤៧៥នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលមានចំនួន១១៦នាក់។ សូមបញ្ជាក់ថា អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានដល់ទៅ ៩៩នាក់ហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com