ពីនេះ ពីនោះ
ឲ្យតែ«កូវីដ-១៩»កើនឡើង ថៅកែ និងបុគ្គលិកមើលមុខគ្នាមិនចំឬ?
23, Feb 2021 , 3:12 pm        
រូបភាព
ដោយ: ថ្មីៗ
សុធីរ និងសំណាង សល់ពេលទំនេរពីការងារ ក៏សម្រេចចិត្តបន្តផឹកកាហ្វេដូចសព្វដង ទោះបីស្ថានភាពកូវីដ ដូចជាក្តៅជាងមុនក៏ដោយ។ ក្លើទាំងពីរជជែកគ្នាពីរឿងថៅកែ និងបុគ្គ លិកក្នុងបរិបទកូវីដ។


 
សុធីរ៖ ករណីនេះ មិនមែនជារឿងរបស់អ្ហែង និងអញទេ។ តែអញលឺគេថា ថៅកែ និងបុគ្គលិកអារម្មណ៍មិនល្អសោះនៅពេលកូវីដវាយលុកខ្លាំងម្តងៗ។ ហេតុអីទៅ? 
 
សំណាង៖ ជាការពិត នៅក្នុងជំនួញ អារម្មណ៍មួម៉ៅត្រូវតែកើតឡើងចំពោះថៅកែ ព្រោះ បញ្ហាសុខភាពមនុស្សកំពុងសម្លាប់សុខភាពសេដ្ឋកិច្ច។ ថៅកែបាត់បង់ចំណូល ដូច្នេះ ពួកគេ ចង់មិនចង់ ពិតជាមានអារម្មណ៍មិនល្អឡើយ។ រីឯ បុគ្គលិកវិញ…! 
 
សុធីរ៖ បុគ្គលិកវិញម៉េចដែរ? 

សំណាង៖ មានបុគ្គលិកខ្លះ ជួយអាណិតថៅកែ។ ពួកគេប្រឹងប្រែងជួយថៅកែធ្វើដូចមេ្តចឲ្យរកចំណូលបានខ្លះនៅក្នុងបរិបទកូវីដនេះ។ បុគ្គលិកដែលអាណិតថៅកែខំប្រឹងប្រែងបង្កើតយុទ្ធសាស្រ្តផ្សេងៗ គំនិតថ្មីៗ ដើម្បីជួយរកចំណូលបន្ថែមសម្រាប់ក្រុមហ៊ុនឬស្ថាប័ន។ ពួកគេប្រកាន់យកគំនិត«បង្កើតឱកាស»ក្នុងបរិបទប្រឈម។ 
 
សុធីរ៖ អ្ហែងចង់មានន័យម្យ៉ាងទៀតថា មានបុគ្គលិកខ្លះ មិនចង់ធ្វើការទេនៅពេលផ្ទុះកូវីដ? 
 
សំណាង៖ វាពិតជាមានហើយ។ តែគេពិបាកបន្ទោសណាស់ ព្រោះ វាជារឿងអាយុជីវិតរបស់គេ។ គេខ្លាច ដូច្នេះ គេមិនចង់ធ្វើការទេ។ តែក៏មានបុគ្គលិកខ្ជិលខ្លះដែរ ដែលមានលេសច្រើន ច្រើនតែទម្លាក់កំហុសទៅលើស្ថានការកូវីដដោយនិយាយថា ពួកគេមិនអាចធ្វើអ្វីបានទាំងអស់ ព្រោះតែកូវីដ។ ពួកគេ គិតតែពីនិយាយថា កូវីដ កូវីដ…ពិបាកណាស់។  
 
បើតាមអញគិត បើអាច បុគ្គលិកគួរបន្តធ្វើការងារមួយចំនួនដែលអាចធ្វើបានទៅតាមមធ្យោបាយរៀងៗខ្លួន ដោយគ្រាន់តែប្រកាន់ខ្ជាប់នូវគោលការណ៍សុវត្ថិភាពខ្ពស់បំផុតទៅ ជាការស្រេច។  
 
សុធីរ៖ បើតាមអញសង្កេត កូវីដ កន្លងមក ធ្វើឲ្យមនុស្សមួយចំនួនចេះធ្វើការតាមអនឡានច្រើនជាងមុនទៅទៀត។ អាហ្នឹងយ៉ាងម៉េចដែរ? 
 
សំណាង៖ ដូចអញនិយាយខាងដើមអ៊ីចឹង។ អ្នកចូលចិត្តធ្វើការ គេស្វែរកមធ្យោបាយធ្វើការឲ្យខាងតែបាន។ កូវីដ គឺគ្រោះថ្នាក់មែន តែស្ថានភាពនេះ ក៏បានបង្កើតឲ្យមានសេវាកម្មលក់ដូរតាមអនឡាញកាន់តែច្រើន, ការទូទាត់តាមអនឡាញកាន់តែច្រើន, ការសិក្សាតាមអនឡាញកាន់តែច្រើន, ការងារជាច្រើនត្រូវបានបង្កើតឡើងតាមអនឡាញក្នុងកាលៈទេសៈដ៏លំបាកនេះ។ សរុបសេចក្តីមក អ្នកស្រឡាញ់ការងារ អ្នកអាណិតក្រុមហ៊ុន ពួកគេបានខិតខំជួយជ្រោមជ្រែងក្រុមហ៊ុនតាមលទ្ធភាពដែលអាចធ្វើបាននៅក្នុងបរិបទរបៀបរស់នៅ និងរបៀបធ្វើអាជីវកម្មបែបថ្មី។ រីឯ «អ្នកខ្ជិលធ្វើការ» អង្គុយតែទម្លាក់កំហុសទៅលើ«កូវីដ»តែប៉ុណ្ណោះ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com