ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចង់​បំបាត់​ក្លិន​មាត់​មិនល្អ​ពេលព្រឹក កុំ​រំលង​អត្ថបទ​នេះ​
24, Feb 2021 , 6:59 am        
រូបភាព
​ក្រៅពី​កង្វះ​អនាម័យ​មាត់​ធ្មេញ​ហើយ​នោះ ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​ក៏​អាច​បណ្ដាលមកពី​កត្តា​មួយចំនួន​ផ្សេងទៀត​ផងដែរ​។ កត្តា​ទាំងនោះ​រួមមាន​បញ្ហា​ស្ងួត​ក្នុង​មាត់​, អាហារ​មួយចំនួន​ដូចជា​ខ្ទឹមស​និង​ខ្ទឹមបារាំង និង​ស្ថានភាព​សុខភាព​ដូចជា​ការ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​បំបាត់​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​នៅពេល​ព្រឹក ៖

 
១. កុំ​ប្រើប្រាស់​ទឹក​ខ្ពុរមាត់​រាល់ពេល​ក្រោយ​ដុស​សម្អាត​ធ្មេញ​
 
​ខណៈដែល​វា​ជា​ការពិត​ដែល​ទឹក​ខ្ពុរមាត់​នឹងធ្វើ​ឱ្យ​ខ្យល់​ដង្ហើម​ស្រស់ថ្លា​ក្នុង​រយៈពេល​ខ្លី​មួយ​ក៏ដោយ ប៉ុន្តែ​វា​ក៏​អាច​បណ្ដាលឱ្យ​ស្ងួត​ក្នុង​មាត់​ផងដែរ​។ នេះ​ក៏​ព្រោះតែ​ទឹក​ខ្ពុរមាត់​ភាគច្រើន​មាន​ផ្ទុក​ជាតិ​អាល់កុល​ដែល​ជះ​ផលប៉ះពាល់​លើ​ការផលិត​ទឹកមាត់​របស់​មាត់​។ អ្វីដែល​គួរឱ្យកត់សម្គាល់​ទៀត​នោះ គឺ​រាងកាយ​ផលិត​ទឹកមាត់​ក្នុង​បរិមាណ​តិច​នៅពេល​យប់ ហើយ​កោសិកា​ងាប់ៗ​ប្រមូលផ្ដុំ​លើ​អណ្ដាត​និង​អញ្ចាញ​ដែ​ើ​បង្កបញ្ហា​ក្លិន​មាត់​មិនល្អ​នៅពេល​អ្នក​ក្រោក​ឡើង​។​
 
២. កុំ​គេង​ចំហ​រមាត់​
 
​ភាគច្រើន​នៃ​ពួកយើង​ដកដង្ហើម​តាម​មាត់​ខណៈពេល​គេង ហើយ​នេះ​ក៏​ជា​មូលហេតុ​បង្ក​អាកា​រៈ​ស្ងួត​និង​បង្កើន​បាក់តេរី​ក្នុង​មាត់​។ ម្យ៉ាងវិញទៀត​ការដកដង្ហើម​តាម​មាត់​ថែមទាំង​អាច​បង្កបញ្ហា​ដង្កូវ​ស៊ី​ធ្មេញ​និង​ហូរឈាម​អញ្ចាញ​ជា​លទ្ធផល​នៃ​បញ្ហា​ធុំក្លិន​មាត់​រ៉ាំរ៉ៃ​។ ការដកដង្ហើម​តាម​មាត់​ជះ​ផលប៉ះពាល់​ដល់​កម្រិត​អាស៊ី​បាស​pH ក្នុង​មាត់​និង​ផ្លាស់ប្ដូរ​ប្រភេទ​នៃ​បាក់តេរី​ក្នុង​មាត់​។​
 
៣. ខ្ពុរមាត់​ជាមួយ​ប្រេង​អូ​លីវ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ខ្ពុរ​ប្រេង​អូ​លីវ​ចំនួន ១ ស្លាបព្រា​បាយ​ក្នុង​មាត់​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី ជាការ​ស្រេច​។​
 
៤. ប្រយ័ត្ន​ក្នុងការ​ទទួលទាន​កាហ្វេ​
 
​កាហ្វេ​អាច​បង្កបញ្ហា​ស្ងួត​ក្នុង​មាត់​ដោយ​ធ្វើឱ្យ​រាងកាយ​ផលិត​ទឹកមាត់​តិចជាង​មុន​។ ម្យ៉ាងវិញទៀត​មនុស្ស​ភា​គ​ច្រើន​តែង​បន្ថែម​ទឹកដោះគោ ឬ​គ្រី​ម​ក្នុង​កាហ្វេ ហើយ​ផលិតផល​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ជា​ញឹកញយ​ធ្វើឱ្យ​ខ្យល់​ដង្ហើម​មាន​ក្លិន​មិនល្អ​។​
 
៥. កុំ​ភ្លេច​ដុស​សម្អាត​អណ្ដាត​
 
​អណ្ដាត​ក៏​ជា​កន្លែង​ដែល​សម្បូរ​បាក់តេរី​បង្ក​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​ផងដែរ​។ ប្រសិនបើ​អ្នក​មិនសូវ ឬ​មិន​ធ្លាប់​ដុស​សម្អាត​អ្ដា​ត​សោះ​នោះ​អ្នក​ប្រាកដជា​ចៀស​មិន​ផុតពី​បញ្ហា​ធុំក្លិន​មាត់​នៅ​ពេក​ក្រោក​ឡើង​ឡើយ​។ អ្នក​មិនចាំបាច់​ត្រូវតែ​ប្រើ​ឧបករណ៍​កោស​សម្អាត​អណ្ដាត​នោះទេ ត្រឹមតែ​ច្រាស់​ដុសធ្មេញ​ដែលមាន​ស​សៃ​ទន់​ក៏​គ្រប់គ្រាន់​ហើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com