COVID-19
ជាតិ
គណៈសង្ឃ​នាយ​កឱ្យ​គ្រប់​វត្ត​បន្ត​ពង្រឹង​ការអនុវត្ត​វិធានការ «៣​ការពារ និង​៣​កុំ​»
23, Feb 2021 , 8:29 pm        
រូបភាព
សម្តេច នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃគណៈសង្ឃនាយកកម្ពុជា (រូប​ពី​ទំព័រហ្វេសប៊ុក​លេខាធិការដ្ឋាន​គណៈសង្ឃនាយក)
សម្តេច នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃគណៈសង្ឃនាយកកម្ពុជា (រូប​ពី​ទំព័រហ្វេសប៊ុក​លេខាធិការដ្ឋាន​គណៈសង្ឃនាយក)
​ភ្នំពេញ​៖ ក្រោយ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្វាយ​និង​ប្រគេន​ដំណឹង​ដល់ សម្ដេច ព្រះ​រាជាគណៈ ព្រះ​មេគណ​រាជធានី​-​ខេត្ត ព្រះ​អនុគណ​ក្រុង​-​ស្រុក​-​ខណ្ឌ និង​ព្រះចៅអធិការ​គ្រប់​វត្ត នៅ​ទូទាំងប្រទេស​កម្ពុជា រឹតបន្តឹង​ការអនុវត្ត​វិធានការ​សុខភាព “៣​ការពារ និង​៣​កុំ​” ក្នុង​វិធានការ ការពារ​កូ​វីដ​-១៩ ចាប់​ពីថ្ងៃ​ប្រគេន​ដំណឹង​នេះ​តទៅ​។ នេះ​បើតាម​សេចក្ដី​ទូលថ្វាយ ប្រគេន និង​ជូនដំណឹង​របស់ គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​



​ក្នុង​សេចក្ដីជូនដំណឹង​ដដែល​បាន​បញ្ជាក់ថា ព្រះ​មេគណ​រាជធានី​-​ខេត្ត ត្រូវ​ណែនាំ​បន្ថែម​ដល់ ព្រះ​អនុគណ ព្រះចៅអធិការ​គ្រប់​វត្ត ឱ្យ​អនុវត្ត​គោលការណ៍​គម្លាត​សង្គម ឱ្យបាន​ខ្ជាប់ខ្ជួន ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល និង​សេចក្ដីណែនាំ​នានា​របស់​ក្រសួង​ធម្មការ និង​សាសនា ព្រមទាំង​គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា កន្លងមក​។ 
 
​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ចូលរួម​ថែរក្សា​សុខភាព​ទាំងអស់គ្នា តាមរយៈ​ការពាក់​ម៉ាស​ការពារ ការលាង​សម្អាត​ដៃ​នឹង​សាប៊ូ ឬ​អា​អាល់កុល និង​ចៀសវាង ឬ​បើ​ចៀស​មិនបាន​ត្រូវ​កាត់បន្ថយ លុបចោល ឬ​ពន្យា​ពេល​ឱ្យ​បានជា​អតិបរមា​នូវ​ការជួប​ជុំគ្នា ឬ​ការប្រជុំ ក្នុង​ព្រឹត្តិការណ៍​ដែល​បង្កឱ្យមាន​មនុស្ស​ច្រើន​ជាដើម​។​
 
​រៀបចំ​ឱ្យមាន​កន្លែង​ពិនិត្យ​សុខភាព មុនពេល​ចូលក្នុង​ទីធ្លា​វត្ត​អារាម ព្រះវិហារ ឬ​សាលាឆាន់ ត្រូវមាន​ឧបករណ៍ វាស់​កម្ដៅ សាប៊ូ ជែ​ល ឬ​ទឹក​អាល់កុល សម្រាប់​លាង​សម្អាត​ដៃ​ជាប្រចាំ និង​ដាច់ខាត​ត្រូវ​ពាក់​ម៉ាស ឬ​ប្រើ​ក្រដាស​ខ្ទប់មាត់​នៅពេល​ក្អក ឬ​កណ្ដាស់ និង​ត្រូវ​រក្សា​គម្លាត សុវត្ថិភាព​ពី​ម្នាក់​ទៅ​ម្នាក់ទៀត ដូចជា គង់ អង្គុយ ឈរ ឬ​ឈរ​រង់ចាំ ឬ​ឈរ​ជជែក​គ្នា​ឱ្យនៅ​គម្លាត​ពីគ្នា យ៉ាងតិច​មួយ​ម៉ែត្រ​កន្លះ​ឡើងទៅ​។​
 
​វិធានការ​បី​ការពារ​ដែល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​នោះ មាន ១- ពាក់​ម៉ាស់​, ២- លាងដៃ និង​៣- គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ដោយ​ចាប់ពី ១​ម៉ែត្រ​កន្លះ​ឡើងទៅ ឱ្យបាន​គ្រប់គ្នា នៅ​គ្រប់​ទីកន្លែង និង​អនុវត្ត​ឱ្យបាន​គ្រប់គ្នា​។ 
 
​រីឯ​បី​កុំ រួមមាន ១- កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក​រក​កន្លែង​មាន​ខ្យល់​ចេញចូល  ២- កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ និង​៣- កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​ជាដើម ពេល​ជួបគ្នា អ្នកមាន​ផ្តាសាយ ឬ​សង្ស័យ​មាន​ជំងឺ​កូ​វីដ​-១៩ កុំ​ចេញ​ក្រៅ ឬ​កុំមក​កន្លែង​៕
 
 

Tag:
 សាសនា​
  កូ​វីដ​-១៩
 
© រក្សាសិទ្ធិដោយ thmeythmey.com