«Cambodia: Kingdom of Wonder» លើឯកសណ្ឋានក្លិប Shimizu S-Pulse នៃក្របខណ្ឌកំពូលជប៉ុន
កីឡាជាតិ
ជាតិ
«Cambodia: Kingdom of Wonder» លើឯកសណ្ឋានក្លិប Shimizu S-Pulse នៃក្របខណ្ឌកំពូលជប៉ុន
24, Feb 2021 , 2:30 pm        
រូបភាព
ដោយ: រួបរួម
កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន Taica និងក្លិបបាល់ទាត់ Shimizu S-Pulse បានចុះហត្ថលេខាលើការសម្រេចដាក់ឡូហ្គោ «Cambodia: Kingdom of Wonder» លើឯកសណ្ឋានក្រុម Shimizu S-Pulse នៃក្របខណ្ឌ J1 League។ ពិធីត្រូវបានរៀបចំនៅសណ្ឋាគារ Imperial ក្រុងតូក្យូ ក្រោមវត្តមានលោក អ៊ឹង រចនា ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសជប៉ុន និងការចូលរួមថ្លែងសារតាមប្រព័ន្ធអនឡាញពីសំណាក់លោក Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាផងដែរ។

 
អក្សរ «Cambodia: Kingdom of Wonder» ត្រូវរចនានៅលើខោខាងមុខ ផ្នែកខាងឆ្វេង នៃក្រុមបាល់ទាត់ Shimizu S-Pulse ដែលកំពុងលេងនៅ J1 League ក្របខណ្ឌកំពូលរបស់ជប៉ុន។ «ចាប់តាំងពីឃើញពលរដ្ឋខ្មែរកាន់តែស្រឡាញ់បាល់ទាត់ យើងសម្រេចចិត្តដាក់ឡូហ្គោ “Cambodia, Kingdom of Wonder” (កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ) ដែលជាផ្នែកមួយនៃការផ្សព្វផ្សាយឧស្សាហកម្មទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។ នេះជាការអះអាងរបស់ក្រុមហ៊ុន Taica ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន។ 
 
ក្រុម Taica ដែលមានសកម្មភាពវិនិយោគនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំជាពិសេសផ្នែកភោជនីយដ្ឋាន បានមើលឃើញពីឥទ្ធិពលនៃវិស័យកីឡដ្ឋាន លើការលើកកម្ពស់ឧស្សាហកម្មទេសចរណ៍នៅកម្ពុជា ជាពិសេសការត្រៀមងើបឡើងវិញ ក្រោយវិបត្តិកូវីដ-១៩។ «យើងនឹងបន្តអភិវឌ្ឍការរួមចំណែកសកម្មភាពជាអន្តរជាតិដែលជាស្ពានតភ្ជាប់រវាងកម្ពុជា និងជប៉ុន»។ នេះបើតាមការលើកឡើងរបស់ Taica។
 

លោក អ៊ឹង រចនា ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសជប៉ុន លោក Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា

លោក អ៊ឹង រចនា ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសជប៉ុន លោក Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Shinya Yamamuro ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន S-Pulse Co., Ltd. លោក Daito Suzuki ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Taica Corporation និងលោក Mitsuru Murai ប្រធានក្របខណ្ឌបាល់ទាត់អាជីពជប៉ុន សុទ្ធតែបានវាយតម្លៃជាវិជ្ជមានលើកិច្ចសហ ប្រតិបត្តិការនេះ ក្នុងការផ្សព្វផ្សាយពីកម្ពុជា និងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។
 
ក្លិប Shimizu S-Pulse លេងនៅក្របខណ្ឌ J1 League ដែលមានកីឡដ្ឋានឈ្មោះ IAI Stadium Nihondaira ស្ថិតនៅក្រុង Shimizu តំបន់ Shizuoka។ គ្រូបង្វឹកអេស្ប៉ាញ Miguel Ángel Lotina។


លោក Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា

បើគិតចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៩០ ក្លិបបានឈ្នះពាន Emperor’s Cup នៅឆ្នាំ២០០១ ឈ្នះ J.League Cup នៅឆ្នាំ១៩៩៦ ឈ្នះ Japanese Super Cup ឆ្នាំ២០០១ និង២០០២ និងឈ្នះ Asian Cup Winners’Cup ឆ្នាំ២០០០។
 
កីឡាករអន្តរជាតិឆ្នើមៗដែលធ្លាប់លេងនៅ Shimizu S-Pulse មានដូចជា អតីតខ្សែការពារអន្តរជាតិប្រេស៊ីល Ronaldo, សមាជិក World Cup របស់ជប៉ុន Teruyoshi Ito, Toshihide Saito, Daisuke Ichikawa, Ryuzo Morioka, Alessandro dos Santos, Kazuyuki Toda និង Shinji Okazaki, អតីតកីឡាករអន្តរជាតិកូរ៉េខាងត្បូង Cho Jae-Jin។ ខ្សែប្រយុទ្ធអន្តរជាតិថៃ Teerasil Dangda ក៏ធ្លាប់បានបង្ហាញខ្លួនជាង២០ប្រកួតផងដែរ កាលពីឆ្នា២០០០៕


លោក Mitsuru Murai ប្រធានក្របខណ្ឌបាល់ទាត់អាជីពជប៉ុន J League


លោក Shinya Yamamuro ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន S-Pulse Co., Ltd.


លោក Daito Suzuki ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Taica Corporation



ប្រភពរូបថត៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន
 

Tag:
 Kingdom of Wonder
© រក្សាសិទ្ធិដោយ thmeythmey.com