កីឡាជាតិ
ជាតិ
ពានសម្តេច ហ៊ុន សែន៖ ភ្នំពេញហ្គាឡាក់ស៊ី និងកោះកុងឈ្នះក្រៅដី រីឯកណ្តាលខកចិត្តនាជំនួបដំបូង
24, Feb 2021 , 5:30 pm        
រូបភាព
ទូច បញ្ចារ៉ុង ប្រធានក្រុមកោះកុងអេហ្វស៊ី (លឿង) ព្យាយាមរារាំងខ្សែប្រយុទ្ធ នាក់ ចន្ថា នៃក្រុមខេត្តព្រះសីហនុ។ រូបថត CNCC
ទូច បញ្ចារ៉ុង ប្រធានក្រុមកោះកុងអេហ្វស៊ី (លឿង) ព្យាយាមរារាំងខ្សែប្រយុទ្ធ នាក់ ចន្ថា នៃក្រុមខេត្តព្រះសីហនុ។ រូបថត CNCC
ដោយ: រួបរួម
ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត សប្តាហ៍ទី២ នាថ្ងៃពុធនេះ ជ័យជម្នះបានលើខេត្តកំពង់ចាម ភ្នំពេញហ្គាឡាក់ស៊ី និងខេត្តកោះកុង ខណៈបន្ទាយមានជ័យ និងប៉ៃលិន ចែកម្នាក់១ពិន្ទុ។

 
 
នៅក្នុងពូល A ភ្នំពេញហ្គាឡាក់ស៊ី ឡើងទៅឈរលេខ១វិញ ក្រោយឈ្នះរដ្ឋបាលខេត្តតាកែវ ដែលជាម្ចាស់ផ្ទះ ៣-០ នៅទីលានមណ្ឌលកីឡាខេត្តតាកែវ។ ហ្គាឡាក់ស៊ីមាន៤ពិន្ទុស្មើខេត្តកំពង់ស្ពឺ តែមានប្រៀបលើចំនួនគ្រាប់បាល់បញ្ចូលទី។ តាកែវរងបរាជ័យទាំង២ប្រកួតរបស់ខ្លួន ខណៈកំពង់ឆ្នាំងមាន៣ពិន្ទុ។
 
រីឯពូល B ខេត្តបន្ទាយមានជ័យ បានត្រឹមស្មើសូហ្វីយ៉ា ប៉ៃលិន ២-២ នៅទីលាន ហ៊ុន សែន ខ្លាកូន។ បន្ទាយមានជ័យឈរនៅលេខ២ដោយមាន៤ពិន្ទុ បន្ទាប់ពីបាត់ដំបង (៦ពិន្ទុ) ប៉ៃលិន បាន១ពិន្ទុដំបូង ខណៈខេត្តពោធិ៍សាត់ មិនទាន់មានពិន្ទុរាប់នៅឡើយ។
 
សម្រាប់ពូល D ខេត្តកណ្តាលរងនូវការខកចិត្តនាការប្រកួតបើកឆាក ដោយចាញ់ម្ចាស់ផ្ទះ ខេត្តកំពង់ចាម ដល់ទៅ ៦-០។ ពីការប្រកួតពីលើកកន្លងមក កំពង់ចាមមាន៤ពិន្ទុ ខណៈខេត្តស្វាយរៀង មាន១ពិន្ទុ និងខេត្តកណ្តាល មិនទាន់មានពិន្ទុ ដោយទើបប្រកួតបាន១លើក។
 
ចំពោះពូល E ខេត្តព្រះសីហនុ បាត់បង់ឱកាសឡើងទៅឈរលើកំពូលតារាង ដោយចាញ់កោះកុង អេហ្វស៊ី ២-០។ កោះកុងឡើងឈរលេខ២ ដោយមាន៤ពិន្ទុស្មើ ខេត្តកែប ខេត្តព្រះសីហនុ មាន៣ពិន្ទុ រីឯខេត្តកំពតមិនទាន់ស្គាល់ជ័យជម្នះឡើយ ក្រោយប្រកួតបានពីរលើក៕
 

Tag:
 Hun Sen Cup 2021
© រក្សាសិទ្ធិដោយ thmeythmey.com