ជាតិ
សេដ្ឋកិច្ច
លោក ឆេង គីមឡុង៖ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ អាចធ្វើឱ្យដល់ប៉ះពាល់លទ្ធភាពស្តារសេដ្ឋកិច្ចជាតិ
24, Feb 2021 , 5:59 pm        
រូបភាព
លោក ឆេង គីមឡុង។
លោក ឆេង គីមឡុង។
ភ្នំពេញ៖ ពីមួយថ្ងៃទីមួយថ្ងៃ កម្ពុជាបានរកឃើញអ្នកដែលឆ្លងកូវីដ-១៩ ចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ   កើនជាលំដាប់រហូតដល់ចំនួន១៣៧នាក់ ខណៈគ្រប់ភាគីជំនាញកំពុងស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត។ ចំនួនមនុស្សដែលឆ្លងកូវី-១៩នេះ គឺត្រឹមរយៈពេល៤ថ្ងៃប៉ុណ្ណោះ ពោលពីថ្ងៃទី២០ដល់២៣កុម្ភៈនៃការផ្ទុះឡើងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅរាជធានីភ្នំពេញ។

 
ប្រសិនបើសន្ទុះនៃការឆ្លងជំងឺកូវីដ-១៩នៅព្រឹត្តិការណ៍សហគមន៍២០កុម្ភៈកាន់តែធំ ហើយចំនួនអ្នកឆ្លងជំងឺនេះ នៅបន្តមានច្រើនបែបនេះឬលើសពីនេះ ក្នុងរយៈពេលត្រឹមតែ១សប្តាហ៍ទៀត នោះនឹងធ្វើប៉ះពាល់ដល់លទ្ធភាពស្តារនិងរុញកំណើតសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងឆ្នាំ២០២១។ នេះជាការលើកឡើងរបស់លោក ឆេង គីមឡុង អ្នកជំនាញសេដ្ឋកិច្ច និងជានាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី។
 
ដើម្បីជ្រាបច្បាស់សូមស្តាប់ប្រសាសន៍របស់លោក ឆេង គីមឡុង ដែលផ្តល់បទសម្ភាសឱ្យសារព័ត៌មានថ្មីៗ ខាងក្រោមតទៅ៖ 

 

 
បើតាមលោក គីមឡុង ផលប៉ះពាល់នៃការស្តារឡើងវិញសេដ្ឋកិច្ចជាតិនេះ គឺបណ្តាលមកពីការអាកខានខ្លាំងនៃសកម្មភាពសេដ្ឋកិច្ចនានានាំឱ្យបាត់បង់ប្រភពចំណូល ដោយសារតែការភ័យខ្លាចរបស់ប្រជាជនក្នុងការឆ្លងជំងឺកូវីដ-១៩ និងគោលការណ៍នៃការរឹតបន្តឹងរបស់រដ្ឋាភិបាល តាមរយៈការបិទសាលារៀន បិទក្លឹបរង្គសាល បិទសារមន្ទីរ រោងភាពយន្ត និងមណ្ឌលកំសាន្តផ្សេងៗទៀត...។ 
 
«ក្នុងករណីចំនួនអ្នកឆ្លងកូវីដ-១៩[ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ] បន្តកើនឡើងក្នុងមួយឬពីរសប្តាហ៍ទៀត ប៉ះពាល់ទៅដល់មណ្ឌលដ្ឋានផ្សេងៗនៃធុរៈកិច្ច, អាជីវកម្ម នឹងធ្វើឱ្យអាចសេដ្ឋកិច្ច[ជាតិ]នៅក្នុងឆ្នាំ២០២១នេះ ធ្លាក់ចុះ។ លោក គីមឡុង បន្តប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey.com) តាមទូរសព្ទនាព្រឹកថ្ងៃទី២៤កុម្ភៈ ថា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនេះ គឺធ្វើប៉ះពាល់ដល់វិស័យផ្សេងទៀត នៅក្នុងខ្សែច្រវាក់ផលិតកម្ម។ 
 
អ្នកជំនាញសេដ្ឋកិច្ច ពីមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ីរូបនេះ បានពន្យល់បន្ថែមថា៖«កាលណាបិទ[មណ្ឌលដ្ឋានអាជីវកម្ម]ច្រើន វាធ្វើឱ្យសកម្មភាពនាំចេញនាំចូល សកម្មភាពដឹកជញ្ជូន សកម្មភាពផលិតកម្ម ហើយមនុស្សមិនអាចប្រមូលដូចមុនច្រើន វាធ្វើឱ្យប៉ះពាល់ទៅដល់គម្រោងមួយទៀតរបស់រដ្ឋាភិបាល ក្នុងជំរុញនូវនវានុវត្តន៍ បច្ចេកវិទ្យា និងប្រសិទ្ធភាពផលិតកម្មនៅក្នុងវិស័យកសិកម្ម, កសិឧស្សាហកម្ម ផ្សេងៗជាដើម ក៏ដូចជាផ្នែកកម្មន្តសាល ដើម្បីជំរុញដល់ការនាំចេញ»។ 
 
ផលប៉ះពាល់លើវិស័យទាំងនេះ គឺវាធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់កម្ពុជា ក្នុងការជំរុញការនាំចេញផ្អែកទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយចិន ក៏ដូចជាកិច្ចព្រមព្រៀងពហុភាគី​ RCEP ជាមួយ១៤ប្រទេសផ្សេងទៀត។ សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២១ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រំពឹងថាមានកំណើន៤ភាគរយនោះ នឹងអាចមានត្រឹមក្នុងរង្វង់៣ភាគរយវិញ ព្រោះផលប៉ពាល់នានា ដែលបណ្តាលមកឥទ្ធិពលនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។ 
 
សម្រាប់ថ្ងៃទី២៤កុម្ភៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញមនុស្ស៤០នាក់មានវិជ្ជមានជំងឺកូវីដ-១៩ ដោយក្នុងនោះ មាន៣៨នាក់ជាពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ករណីនេះ ប្រចាំថ្ងៃគឺការរកឃើញច្រើនបំផុតសម្រាប់កម្ពុជា ដែលបានជួបប្រទះនឹងវិបត្តិជំងឺឆ្លងរាលដាលនេះអស់រយៈពេល១ឆ្នាំកន្លងមកនេះ។
 
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២១ កម្ពុជាមានករណីកូវីដ-១៩ សរុប៦៣៣ករណី ដោយក្នុងនោះមាន៤៧៦ករណី ជាសះស្បើយ។ ចំពោះអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឡើងដល់១៣៧នាក់ ដោយភាគច្រើនជាជនជាតិចិន បន្ទាប់ខ្មែរ និងវៀតណាម៕
 
 
 

Tag:
 COVID-19
  លោក ឆេង គីមឡុង
© រក្សាសិទ្ធិដោយ thmeythmey.com