COVID-19
អន្តរជាតិ
ហ្កាណា ជាប្រទេសដំបូងគេដែលទទួលវ៉ាក់សាំងតាមយន្តការ COVAX ចំនួន៦០ម៉ឺនដូស វ៉ាក់សាំងផ្តល់ដោយយន្តការ COVAX នៅហ្កាណា។ រូបថត៖ UNICEF
× វ៉ាក់សាំងកូវីដ-១៩ ចំនួន៦សែនដូសរបស់យន្តការ COVAX ត្រូវបានបញ្ជូនដល់ហ្កាណាហើយ។ នេះជាការដឹកជញ្ជូនវ៉ាក់សាំងលើកដំបូងបង្អស់របស់យន្តកា រCOVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក(WHO)។ យន្តការ COVAX មានគម្រោងចែកចាយវ៉ាក់សាំងចំនួន២,៣ពាន់លានដូសទៅប្រទេសចំនួន១៤៥ ក្នុងឆ្នាំ២០២១។
វ៉ាក់សាំង AstraZeneca/Oxford ចំនួន៦សែនដូស ដែលផលិតដោយវិទ្យាស្ថាន Serum នៅឥណ្ឌា ត្រូវបានដឹកជញ្ជូនទៅដល់រដ្ឋធានីអាក្រានៅថ្ងៃទី២៤ ខែមករា។ នេះយោងតាមសេចក្តីប្រកាសរួមរបស់អង្គការសុខភាពពិភពលោក (WHO) និងអង្គការយូនីសេហ្វ(UNICEF)។
ការដឹកជញ្ជូនវ៉ាក់សាំងនេះ ធ្វើឡើងរយៈពេលជិតមួយឆ្នាំក្រោយ WHO ចាត់ទុកជំងឺកូវីដ-១៩ ជាជំងឺរាតត្បាតសាកល និងឧបសគ្គជាច្រើនរបស់យន្តការ COVAX ក្នុងការទទួលបានថវិកា និងវ៉ាក់សាំង។ វ៉ាក់សាំង AstraZeneca/Oxford ដែលផលិតនៅឥណ្ឌាជាវ៉ាក់សាំងទីពីរដែលត្រូវបានចុះឈ្មោះក្នុងបញ្ជីប្រើប្រាស់បន្ទាន់ (EUL) របស់អង្គការសុខភាពពិភពលោកនៅថ្ងៃទី១៥ ខែកុម្ភៈ។
«ព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការដឹកជញ្ជូនវ៉ាក់សាំងមកហ្កាណា ជាការចាប់ផ្តើមយ៉ាងសំខាន់បំផុតក្នុងការបញ្ចប់ជំងឺឆ្លងកូវីដ-១៩»។ នេះជាការលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួម។ ហ្កាណា នឹងផ្តល់វ៉ាក់សាំងនេះដល់មន្ត្រីសុខាភិបាលជួរមុខ និងមនុស្សចាស់។
មុននឹងទទួលបានវ៉ាក់សាំងនេះ ហ្កាណាក៏ទទួលបានវ៉ាក់សាំងមួយចំនួនពីចិនផងដែរ។ ប្រទេសនេះបានរៀបចំកន្លែងស្តុកវ៉ាក់សាំងជាស្រេច និងបានបង្រៀនបុគ្គលិកសុខាភិបាលចំនួន៣សែននាក់ ដើម្បីចាក់វ៉ាក់សាំងដល់ប្រជាជន២០លាននាក់ក្នុងចំណោមប្រជាជនជាង៣១លាននាក់។
យន្តការ COVAX ដឹកនាំរួមដោយ WHO, សម្ព័ន្ធវ៉ាក់សាំង និងភាពស៊ាំ GAVI, CEPI និង UNICEF។ យន្តការនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០២០ ដើម្បីធានាឱ្យប្រទេសកំពុងអភិវឌ្ឍទទួលបានវ៉ាក់សាំង ខណៈប្រទេសអ្នកមានចំណាយប្រាក់រាប់ពាន់លានដុល្លារទិញវ៉ាក់សាំងស្តុកទុក។ ក្នុងខែកុម្ភៈ យន្តការនេះ បង្ហាញពីគម្រោងក្នុងការចែកចាយវ៉ាក់សាំង៣៣០លានដូសសម្រាប់ដំណាក់កាលដំបូង ដល់ប្រទេសចំនួន១៤៥។
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស និយាយថា ប្រទេសចំនួន១០ប៉ុណ្ណោះប្រើប្រាស់វ៉ាក់សាំងដល់ទៅ៧៥ភាគរយទៅហើយ ឯប្រទេស១៣០ទៀតមិនទាន់មានដំណើរការកម្មវិធីវ៉ាក់សាំងនៅឡើយ។ យន្តការនេះមានគម្រោងផ្តល់វ៉ាក់សាំងដោយមិនគិតថ្លៃ ដើម្បីឱ្យរដ្ឋាភិបាលប្រទេសកំពុងអភិវឌ្ឍអាចផ្តល់វ៉ាក់សាំងដល់ប្រជាជនយ៉ាងហោចណាស់ចំនួន២០ភាគរយ ពោលគឺប្រមាណ១,៨ពាន់លាននាក់នៃប្រជាជនពិភពលោកសរុប។
Tag:
កូវីដ-១៩
WHO
UNICEF
© រក្សាសិទ្ធិដោយ thmeythmey.com