ជាតិ
អ្នកស្រី តាំង ជឿន ពី​ពលករ​ចំណាកស្រុក​ទៅជា​យុវជន​អភិវឌ្ឍ​សហគមន៍​ដ៏​សកម្ម​ម្នាក់​
25, Feb 2021 , 7:59 am        
រូបភាព
 អ្នកស្រី តាំង ជឿន និងក្រុមការងារ ពេលចុះផ្សព្វផ្សាយកញ្ចប់គណនេយ្យភាពសង្គមដល់សហគមន៍។
អ្នកស្រី តាំង ជឿន និងក្រុមការងារ ពេលចុះផ្សព្វផ្សាយកញ្ចប់គណនេយ្យភាពសង្គមដល់សហគមន៍។
​​ស្រុក​វ៉ារិន ខេត្តសៀមរាប​៖ ធ្លាប់ជា​ពលករ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ តែ​បច្ចុប្បន្ន អ្នកស្រី តាំង ជឿន ជា​យុវជន​ដ៏​លេចធ្លោ​មួយរូប​នៅ​សហគមន៍​។ អ្នកស្រី​មាន​តួនាទី​ជា​អ្នកសម្របសម្រួល​គណនេយ្យ​ភាព​សហគមន៍​នៃ​អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំខេត្ត​សៀមរាប​។ ថ្វី​ដ្បិត​ជា​ការងារ​ស្ម័គ្រចិត្ត ប៉ុន្តែ​ស្ត្រី​វ័យ​៤០​ឆ្នាំ​រូបនេះ បំពេញការងារ​ដោយ​ក្តី​ស្រឡាញ់​ពេញចិត្ត ព្រោះ​បានរួម​ចំណែក​ជួយ​ដល់​ពលរដ្ឋ​មូលដ្ឋាន រួមទាំង​លើកមុខ​មាត់​ខ្លួនឯង និង​គ្រួសារ​។​

 
«​ដំបូង ខ្ញុំ​យល់ថា​ខ្លួន​ជា​ពលរដ្ឋ​ធម្មតា​ដែល​មិនអាច​ធ្វើ​អ្វី​បាន​នោះឡើយ ហើយ​គិតថា គេ​មិន​ផ្តល់​តម្លៃ ប៉ុន្តែ​ក្រោយ​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ស្ម័គ្រចិត្ត​ក្នុងភូមិ ការងារ​របស់ខ្ញុំ​មានការ​ទទួលស្គាល់ និង​ត្រូវបាន​ផ្តល់​តម្លៃ​ជា​បន្តបន្ទាប់​»​។ អ្នកស្រី តាំង ជឿន បាន​រំលឹក​យ៉ាង​ដូច្នេះ ទាក់ទង​នឹង​ការសម្រេច​ប្រឡូក​ខ្លួន​ក្នុង​បណ្តាញ​យុវជន​សហគមន៍​។​
 
​ចាប់តាំងពី​ឆ្នាំ​២០១៤ អ្នក​ឃុំ​ប្រាសាទ ស្រុក​វ៉ារិន ខេត្តសៀមរាប​រូបនេះ បាន​ផ្តើម​ការងារ​ជា​អ្នកស្ម័គ្រចិត្ត​សម្របសម្រួល​គណនេយ្យភាព​សហគមន៍​ជាមួយ​អង្គការ​ទស្សនៈ​ពិភពលោក ក្រោយ​ចំណាយពេល​ធ្វើជា​ពលករ​នៅ​ប្រទេស​ថៃ​រយៈពេល​៦​ឆ្នាំ​។ អ្នកស្រី សម្រេចចិត្ត​ទៅធ្វើជា​ពលករ​ខុស​ច្បាស់​នៅ​ប្រទេស​ថៃ ក្រោយ​រៀបការ​រួច​។ នៅ​ទីនោះ ប្ដី​ប្រពន្ធ​ថ្មីថ្មោង​គូ​នេះ មានការ​ងារ​និង​ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់ ដែល​ទទួលបាន​ប្រាក់​ថ្ងៃ​១៨០​បាត​សម្រាប់​ប្រពន្ធ រីឯ​ប្ដី ២២០​បាត​។ អ្នកស្រី តាំង ជឿន រំលឹកថា​៖« យើង​សម្រេច​ត្រឡប់មក​ស្រុក​វិញ ព្រោះ​ពេលនោះ​គ្រួសារ​ខ្ញុំ (​ប្ដី​) គាត់​មាន​ម្ដាយ​ចាស់ជរា​»​។​
 
​ជា​អ្នកសម្របសម្រួល​គណនេយ្យ​ភាព​សហគមន៍ អ្នកស្រី តាំង ជឿន មាន​តួនាទី​ចុះ​ផ្សព្វផ្សាយ​កញ្ចប់​សេវា​គណនេយ្យភាព​ដល់​ព​ល​រដ្ឋ រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​។ អ្នកស្រី​បាន​រៀបរាប់ថា​៖ «​យើង​បញ្ជ្រាប​ពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​តួនាទី និង​សិទ្ធិ​របស់ខ្លួន ហើយ​ជំរុញ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​យល់​កាន់តែច្បាស់​ពី​គណនេយ្យភាព​សង្គម និង​តួនាទី​របស់ខ្លួន​ក្នុងនាម​ជា​អ្នកផ្តល់​សេវា ដោយ​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​អ្នកផ្តល់​សេវា និង​អ្នកទទួល​សេវា​ធ្វើការ​ជាមួយគ្នា យល់​ពីគ្នា និង​សហការគ្នា​ដោយ​ជិតស្និទ្ធ​»​។ 


អ្នកស្រី តាំង ជឿន កំពុងបង្រៀនពីកម្មវិធីគណនេយ្យភាពសង្គម នៅស្រុកពួក នាពាក់កណ្ដាលខែ មករា ឆ្នាំ២០២១។ រូបភាព៖ អ៊ីសា រ៉ហានី 

​ជា​ការងារ​ស្ម័គ្រចិត្ត ដែល​ទទួល​បានតែ​ប្រាក់ឧបត្ថម្ភ ប៉ុន្តែ​អ្នកសម្របសម្រួល​គណនេយ្យ​ភាព​សហគមន៍​រូបនេះ ពេញចិត្ត​ធ្វើ​យ៉ាង​រីករាយ បើទោះបីជា​ត្រូវ​ជិះ​ម៉ូតូ​ផ្លូវ​ឆ្ងាយ កាត់​វាលស្រែ និង​ឆ្លងកាត់​ឧបសគ្គ​មួយចំនួន ពេល​ចុះ​បំពេញការងារ​ម្តងៗ​ក៏ដោយ ពិសេស​ពេល​អ្នកស្រី​មាន​ផ្ទៃពោះ និង​កូន​នៅ​តូចៗ​។ យ៉ាងណាក្ដី ឧបសគ្គ​ទាំងនោះ មិនបាន​រាំងស្ទះ​ដល់​ស្ដ្រី​ដែល​មានកូន​បីនាក់​ក្នុងបន្ទុក​រូបនេះ បោះបង់​ឡើយ​។ ពេលខ្លះ ស្ដ្រី​រូបនេះ ត្រូវធ្វើ​ដំណើរ​ដោយ​ស្ពាយ​កូនតូច​ជាប់​ខ្លួន​ចុះ​តាម​ភូមិ​ដែល​ឆ្ងាយ​ពី​ផ្ទះ​២០​ទៅ​៣០​គីឡូម៉ែត្រ ដោយ​ឆ្លងកាត់​ផ្លូវ​ពិបាក កាត់​ភ្លៀង​ជាដើម​។​
 
​អ្នកស្រី​រំលឹកថា​៖«​ជួនណា​ប៉ះ​ភ្លៀង​ផ្គរ ក៏​រងា​រទាំង​កូន​ទាំង​ម៉ែ ជួន​មកដល់​ផ្ទះ​ទាំងយប់​ផង​ក៏មាន​»​។​
 
​ក្នុង​ពាក្យសំដី​មួយៗ និង​ទៅតាម​សំនៀង​រដឺន អ្នកស្រី តាំង ជឿន បន្ថែមថា ការចាប់ផ្តើម​ប្រឡូក​ក្នុង​កិច្ចការងារ​នេះ ក៏​មិនមែន​ងាយស្រួល​ប៉ុន្មាន​ដែរ​។ មុនដំបូង​ប្រជាពលរដ្ឋ​មិន​ចាប់អារម្មណ៍​ជាមួយ​វត្តមាន​ក្រុម​អ្នកស្ម័គ្រចិត្ត ថែមទាំង​មិន​ចង់​ចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នានា រីឯ​មន្ត្រី​ខ្លះ​បាន​បោះសំដី​ក្នុងន័យ​មិន​ពេញចិត្ត​ថា ពួកគេ​គឺជា​អ្នក​បំពុលសង្គម​។ 
 
​យ៉ាងណាក៏ដោយ ក្រោយ​មានការ​ចុះ​អប់​រំជា​បន្ដបន្ទាប់ និង​ជំនះ​ការលំបាក​សព្វបែបយ៉ាង ទាំង​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ចាប់ផ្តើម​យល់​ពី​សារសំខាន់​នៃ​ការងារ​នេះ និង​សហការ​ជាមួយ​ក្រុម​អ្នកស្ម័គ្រចិត្ត​ដោយ​រលូន​។  
 
​ក្នុង​ទឹកមុខ​ញញឹម និង​មាន​កម្លាំងចិត្ត​តស៊ូ​ក្នុងការ​សង្គម​នេះ​ទៅមុខទៀត អ្នកស្រី តាំង ជឿន​រៀបរាប់ថា​៖« សាលាឃុំ ពីមុន​ក៏​មិនសូវ​យល់​ពី​សកម្មភាព​ពួកយើង ដោយ​គិតថា ការងារ​នេះ​ជា​របស់​អង្គការ តែ​រាល់ថ្ងៃ​គាត់​ដឹងថា​ជាការ​ងារ​របស់​ក្រុម​គាត់ ជា​របស់​រដ្ឋាភិបាល​»​។​
 
​អ្នកស្រី តាំង ជឿន បាន​ដិតដាម​ទៅនឹង​ការងារ​សហគមន៍​តាំងពី​កុមារភាព​មកម្ល៉េះ ប៉ុន្តែ​កន្លងមក ក្តី​ស្រមៃ​នេះ ត្រូវ​អាក់ខាន ដោយសារ​អ្នកស្រី​ប្រឡង​ធ្លាក់​សញ្ញាបត្រ​មធ្យមសិក្សា​ទុ​ទិ​យ​ភូមិ (​បាក់​ឌុប​) នៅ​ឆ្នាំ​២០០០​។ គាត់​បាន​ក្លាយជា​គ្រូ​កិច្ចសន្យា​មួយរយៈ ប៉ុន្តែ​ក្រោយមក បាន​រៀបការ ហើយ​ចេញទៅ​ធ្វើការ​ជា​ពលករ​នៅ​ប្រទេស​ថៃ​។​
 
​មានកូន​បីនាក់​ក្នុងបន្ទុក អ្នកស្រី​បាន​វិល​ត្រឡប់មក​ខ្មែរ​វិញ ហើយ​ក៏បាន​មានឱកាស​ប្រឡូក​ក្នុង​ការងារ​សង្គម​ជាមួយ​អង្គការ​ទស្សនៈ​ពិភពលោក​។ អ្នកស្រី តាំង ជឿន បាន​ប្រៀបធៀប​ថា ការធ្វើ​ចំណាកស្រុក ពិតជា​បាន​ចំណូល​គួរសម ប៉ុន្តែ​ជាការ​ងារ​ដែល​ប្រើ​កម្លាំង​សុទ្ធសាធ ខណៈ​ការងារ​ស្ម័គ្រចិត្ត​នៅក្នុង​ស្រុក បាន​ចំណូល​តិច តែមាន​កិត្តិយស ហើយក៏​មិនមែន​គ្រប់គ្នា​សុទ្ធតែ​អាច​ធ្វើបាន​នោះដែរ​។ «​ខ្ញុំ​មាន​មោទកភាព ទោះបី​ខ្ញុំ​ជា​មនុស្ស​ធម្មតា​មែន ទោះបី​ខ្ញុំ​អត់​មានអី​មែន ខ្ញុំ​គិត​ខ្លួនឯង​ថា ខ្ញុំ​ជាម​នុស្ស​ដែល​អស្ចារ្យ​ម្នាក់​ដែល​អាចធ្វើ​អ្វី​បាន​នៅក្នុង​ស្រុក​របស់​ខ្លួនឯង ដែល​អ្នកដទៃ​មិនអាច​ធ្វើបាន​នៅក្នុង​ភូមិ នៅ​សម័យ​ខ្ញុំ (​អ្នករៀន​ជំនាន់​ជាមួយ​) សឹងតែ​មិនមាន​អ្នក​ដែលមាន​ការយល់ដឹង​ច្រើន តែ​សម្រាប់​ខ្ញុំ​ប៉ុណ្ណេះ ធ្វើបាន​ប៉ុណ្ណេះ ស័ក្ដិសម​ហើយ​»​។​
 
​នៅ​ឆ្នាំ​២០១៩ អ្នកស្រី តាំង ជឿន ដែលមាន​វោហា​ស័ព្ទ និង​ច្បាស់លាស់​ជាមួយ​ការងារ មាន​ប្រជាប្រិយភាព​កាន់តែខ្លាំង​ក្នុងចំណោម​យុវជន​ស្ម័គ្រចិត្ត​គណនេយ្យភាព​សហគមន៍ ហើយ​ចុងក្រោយ​អ្នកស្រី​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​ក្រុមយុវជន​ថ្នាក់​ខេត្ត​។ 
 
​ជា​ប្រធាន យុវជន​ថ្នាក់​ខេត្ត អ្នក​សៀមរាប​រូបនេះ  មាន​តួនាទី​គ្រប់គ្រង សម្របសម្រួល ផ្តល់យោបល់ ប្រឹក្សា ចែករំលែក​ចំណេះដឹង ទៅដល់​យុវជន​ជា​អ្នកសម្របសម្រួល​គណនេយ្យ​ភាព​សហគមន៍​ប្រមាណ​២០០​នាក់ តាម​បណ្ដា​ស្រុក​គោលដៅ​ចំនួន​៥ ក្នុង​គម្រោង​របស់​អង្គការ​ទស្សនៈ​ពិភពលោក​ទាំងមូល​ក្នុង​ខេត្តសៀមរាប​។ អ្នកស្រី តាំង ជឿន មាន​មោទកភាព​ចំពោះ​ខ្លួនឯង​ជាខ្លាំង​ក្នុងតួនាទី​នេះ​។ អ្នកស្រី​រៀបរាប់ថា​៖« ការខិតខំ​ប្រឹងប្រែងរ​បស់​ខ្ញុំ​ប៉ុន្មាន​ឆ្នាំ វា​មិន​ខាតបង់ ចុងក្រោយ​យើង​ក្លាយជា​ប្រធាន​បណ្ដាញ​របស់​ថ្នាក់​ខេត្ត ហើយ​អាច​ធ្វើការ​នេះ បាន​ទាំង​កិ​ត្ដិ​យស អាចជួយ​ការងារ​ដល់​បណ្ដាញ​ថ្នាក់ស្រុក និង​ស្គាល់​គេ​ច្រើន បាន​ជួយ​បណ្ដាញ​យុវជន​ថ្មីៗ​បន្តទៀត​»​។​
 
​លោក យក់ ឆែម ជា​មិត្តភក្ដិ​ជិត​សិ្ន​ទ្ធ​ម្នាក់ រៀបរាប់ថា អ្នកស្រី តាំង ជឿន មាន​ទេពកោសល្យ​ខ្ពស់​ក្នុង​ការនិយាយ​ជាមួយ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​ការងារ​គណនេយ្យ​ភាព​សង្គម​។ លោក​បន្ថែមថា​៖« គាត់​និយាយ​ល្អ ច្បាស់ៗ ងាយ​យល់ ហើយដោយ​សារ​គាត់​ជា​ស្ដ្រី​ផង​នោះ ពេល​និយាយ​ទៅកាន់​អ្នកភូមិ ឬ​តាម​ឃុំ​អី មាន​លក្ខណៈពិសេស គេ​ស្ដាប់​បាន​ច្រើន​»​។​
 
​ចំណែក អ្នកស្រី សៀក ស៊ួ ដែលជា​មិត្ត​រួមការ​ងារ ក៏បាន​កោតសរសើរ​ពី​ទេពកោសល្យ​ដ៏​លេចធ្លោ​របស់​អ្នកស្រី តាំង ជឿន ផងដែរ​។ អ្នកស្ម័គ្រចិត្ត​សម្របសម្រួល​គណនេយ្យភាព​សហគមន៍​ក្នុង​ឃុំ​សសរស្ដម្ភ នៃ​ស្រុក​ពួក រូបនេះ​រៀបរាប់ថា អ្នកស្រី​បាន​ស្គាល់​អ្នកស្រី តាំង ជឿន នៅ​ដើមឆ្នាំ​២០១៨ ដោយ​សង្កេតឃើញថា បុគ្គល​រូបនេះ​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ទាញ​ការចាប់អារម្មណ៍​ពី​អ្នក​ស្ដាប់ ពិសេស​មាន​ភាពក្លាហាន​ក្នុង​ការងារ​។ ជា​សិស្ស​ប្អូន​មួយរូប អ្នកស្រី សៀក ស៊ួ លួច​ប្រាថ្នា​ថា ខ្លួនឯង​នឹងមាន​សមត្ថភាព​ដូច​រាមច្បង​រូបនេះ​ដែរ​។​


អ្នកស្រី តាំង ជឿន កំពុងផ្សព្វផ្សាយពីអត្ដសញ្ញាណកម្មក្រីក្រដល់ពលរដ្ឋនៅស្រុកពួក នាពាក់កណ្ដាលខែ មករា ឆ្នាំ២០២១។ រូបភាព៖ អ៊ីសា រ៉ហានី

​មានបទពិសោធន៍​ប្រមាណ​៧​ឆ្នាំ​ក្នុង​ការងារ​គណនេយ្យ​ស​ង្គ​ម អ្នកស្រី តាំង ជឿន យល់ថា ការងារ​នេះ​ពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ ក៏ដូចជា​ធ្វើឱ្យមាន​ការអភិវឌ្ឍ​សហគមន៍​មូលដ្ឋាន​។ អ្នកស្រី​ពន្យល់​យ៉ាង​ដូច្នេះ​៖« ដោយសារ​ពលរដ្ឋ​រាល់ថ្ងៃ​ផ្តោត​សំខាន់​លើ​សេវា​ទាំង​៣ (​ឃុំ​-​សង្កាត់​, សាលាបឋមសិក្សា​, មណ្ឌល​សុខភាព​) បើ​សេវា​ទាំង​៣​នេះ​មិនបាន​ផ្តល់​សេវា​បានល្អ​ទេ សួរថា​សហគមន៍​យើង​មាន​តម្លាភាព​ឬ​អត់ ហើយ​រីកចម្រើន​ឬ​អត់ សហគមន៍​យើង​ជោគជ័យ​ឬ​អត់​»​។​
 
​ក្រៅពី​ទទួលបាន​ការគោរព​ស្រឡាញ់​ពី​ប្រជាពលរដ្ឋ​ហើយ​នោះ អ្នកស្ម័គ្រចិត្ត​រូបនេះ ក៏បាន​ធ្វើឱ្យ​ក្រុមគ្រួសារ​មាន​មោទកភាព​ដោយសារ​ខ្លួន​ផងដែរ​។ «​កុំថាឡើយ​តែ​កូនៗ ទោះ​បងប្អូន មីងមា ម៉ែឪ ក៏​គាត់​មាន​មោទនភាព​លើ​រូបខ្ញុំ រហូតដល់​គាត់​គិតថា មិន​ចង់ឱ្យ​ទៅណា​ចង់ឱ្យ​ធ្វើការ​ងារ​នេះ ព្រោះ​មាន​មោទនភាព មាន​គេ​ស្គាល់​ច្រើន គ្រួសារ​ក៏មាន​មុខមាត់​»​។ 
 
​បច្ចុប្បន្ន ទោះ​ស្ថិតក្នុង​វិថី​ការងារ​នេះ​ច្រើន​ឆ្នាំ​ទៅហើយ​ក្ដី ប៉ុន្តែ​អ្នកស្រី តាំង ជឿន នៅតែ​សប្បាយ​និង​ស្រឡាញ់​ការងារ​នេះ និង​មិនទាន់​ចង់​ចេញ​ឆ្ងាយ​ពី​ការងារ​សង្គម​មួយ​នេះឡើយ​។ ក្នុង​កិច្ច​សម្ភាស​ចុងក្រោយ​ជាមួយ​អ្នកសារព័ត៌មាន ស្ដ្រី​រូបនេះ​ថា ប្រសិន​ឱកាស​នៅតែមាន​សម្រាប់​ខ្លួន នោះ​នៅតែ​បំពេញការងារ​នេះ​រហូត គឺ​រហូតដល់​ខ្លួនឯង​លែងមាន​កម្លាំង ឬ​រហូតដល់​ជីវិតចុងក្រោយ​។ ក្នុង​បុព្វ​ហេតុតែ​ម្យ៉ាង គឺ​ដើម្បី​ជួយ​សហគមន៍​ឱ្យមាន​ការរីកចម្រើន​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com