COVID-19
ជាតិ
លោក អ៊ៀ ម៉ាលី៖ ពលរដ្ឋខ្មែរនៅអូស្ត្រាលី ក៏ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ដែរ
× ភ្នំពេញ៖ លោក អ៊ៀ ម៉ាលី ជនជាតិខ្មែរ ដែលកំពុងរស់នៅក្នុងទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី លើកឡើងថា រដ្ឋាភិបាលអូស្ត្រាលី នឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់មនុស្សគ្រប់គ្នា ដោយរួមទាំងជនបរទេស ដែលកំពុងរស់នៅលើទឹកដីអូស្ត្រាលីផងដែរ។ លោក បញ្ជាក់ថា លោក នឹងទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅពេលរដ្ឋាភិបាលអូស្ត្រាលី អនុញ្ញាត។
លោក អ៊ៀ ម៉ាលី បានប្រាប់សារព័ត៌មានថ្មីៗ តាមប្រអប់ឆ្លងឆ្លើយហ្វេសប៊ុក (Messenger Facebook) ថា នៅអូស្ត្រាលី មិនខុសពីប្រទេសកម្ពុជាឡើយ គឺក្រុមមនុស្សមានហានិភ័យខ្ពស់ ដូចជាចាស់ជរា ប៉ូលីស និងគ្រូពេទ្យ ជាដើម នឹងទទួលបានការចាក់វ៉ាក់សាំងមុនគេ។ បុរសវ័យ៦៣ឆ្នាំរូបនេះ អះអាងថា វ៉ាក់សាំងកូវីដ-១៩ នឹងត្រូវចាក់ជូនមនុស្សគ្រប់រូប ដោយឥតគិតថ្លៃ ដោយរួមបញ្ចូលទាំងអ្នកមិនមានប័ណ្ឌថែទាំសុខភាព អ្នកទេសចរណ៍អន្តរជាតិ និស្សិតអន្តរជាតិ ជនដែលមានទិដ្ឋាការធ្វើការ និង អ្នកស្វែងរកសិទ្ធិជ្រកកោន។
លោក បន្តថា តាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលអូស្ត្រាលី ការចាក់វ៉ាក់សាំងការពារជំងីកូវីដ-១៩នេះ ប្រហែលជាអាចចាក់បាន៨ម៉ឺននាក់ ក្នុងមួយសប្ដាហ៍ ហើយតាមការប៉ាន់ស្មាន ប្រជាជនអូស្ត្រាលី ប្រហែល៨០ភាគរយនឹងត្រូវបានចាក់វ៉ាក់សាំង។ លោក បន្ថែមថា អ្នកដែលស្ថិតក្នុងក្រុមអាទិភាពខ្ពស់ជាងគេ ទំនងបានចាក់វ៉ាក់សាំង ហ្វីស្សឺ (Pfizer) មកប្រទេសបែលហ្សិក ហើយចំពោះប្រជាជនដទៃទៀត ប្រហែលជាចាក់វ៉ាក់សាំង ដែលផលិតក្នុងប្រទេសអូស្ត្រាលី។
លោក មានប្រសាសន៍ថ៖«នៅអូស្ត្រាលី មិនមានលក្ខខណ្ឌពិសេសអ្វីសម្រាប់ជនបរទេស ឬជនចំណាកស្រុកឡើយ គឺពួកគាត់នឹងទទួលបានវ៉ាក់សាំងដោយឥតគិតថ្លៃគ្រប់គ្នា ទៅតាមការស្ម័គ្រចិត្ត។ ខ្ញុំនឹងទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ព្រោះខ្ញុំជឿជាក់លើវ៉ាក់សាំងមកពីអឺរ៉ុប [វ៉ាក់សាំងពីបែលហ្សិក]...។ ស្ថានភាពរស់នៅរបស់ខ្ញុំ និងប្រជាជនដទៃទៀតក្នុងតំបន់ដែលខ្ញុំរស់នៅ នៅពេលបច្ចុប្បន្ននេះគឺធម្មតា ព្រោះនៅទីនេះមិនមានករណីឆ្លងទៀតទេ។ ខ្ញុំមិនសូវចេញទៅក្រៅទេ ប្រសិនបើមិនចាំបាច់ ខ្ញុំនៅតែរក្សាអនាម័យ និងប្រយ័ត្នប្រយែងជានិច្ច ដើម្បីការពារខ្លួន»។
នៅអូស្ត្រាលីក៏ដូចនៅកម្ពុជាដែរ ការចាក់វ៉ាក់សាំងកូវីដ-១៩ ឬមិនចាក់ គឺផ្អែកលើសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ៕
Tag:
វ៉ាក់សាំង
កូវីដ-១៩
អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com