COVID-19
ជាតិ
កម្ពុជារកឃើញអ្នកជំងឺ COVID-19 ចំនួន៦៥នាក់បន្ថែមទៀត
25, Feb 2021 , 7:09 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល នាព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីករណីវិជ្ជមានកូវីដ-១៩ ចំនួន ៦៥នាក់ទៀតនៅកម្ពុជា ដែលក្នុងនោះ ៥៨នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ សរុបមកដល់ពេលនេះ កម្ពុជាមានអ្នកកូវីដ-១៩ ចំនួន៦៩៧នាក់ ដែលក្នុងនោះអ្នកពាក់ព័ន្ធព្រឹតិ្តការណ៍សហគមន៍២០កុម្ភៈឡើងដល់១៩៤នាក់។



៥៨ករណីថ្មីដែលពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ មានចិន៥១នាក់ ខ្មែរ៥នាក់ វៀតណាម៩នាក់  ជប៉ុន១នាក់ កូរ៉េខាងត្បូង១នាក់ សិង្ហបុរី១នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានកុមារីអាយុ១៦ខែម្នាក់ ដែលជាជនជាតិ​វៀតណាម។ តាមក្រសួងសុខាភិបាល អ្នកទាំងនោះមានអាសយដ្ឋាននៅទីតាំងផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ។ អ្នកជំងឺត្រូវបាន​ដាក់ឲ្យសម្រាកព្យាបាលនៅ​មណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ។

រីឯ៧ករណីទៀត មាន១ករណីជាបុរសជនជាតិខ្មែរអាយុ៦៥ឆ្នាំ ដែលបម្រើការជាកងទ័ពមួកខៀវ អាសយដ្ឋាននៅភូមិកូនមុំ ខេត្តរតនគិរី។ គាត់មកពីប្រទេសនៅអាហ្វ្រិក ហើយមកដល់កម្ពុជានៅថ្ងៃទី២១ ខែកុម្ភៈ។ បច្ចុប្បន្នអ្នកជំងឺត្រូវបាន​ដាក់ឲ្យសម្រាកព្យាបាលនៅសាលារក្សា​សន្តិភាពពហុសាស្ត្រកំពង់ស្ពឺ។

៦ករណីទៀតសុទ្ធតែជាជនជាតិចិន (ប្រុស៤ ស្រី២) អាសយដ្ឋាននៅ​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ពួកគាត់មានបំណងធ្វើដំណើរទៅចិនវិញ ហើយបានទៅធ្វើតេស្តសុំវិញ្ញាបនបត្របញ្ជាក់សុខភាព។ លទ្ធផលបង្ហាញថា វិជ្ជមាន ហើយត្រូវបាន​ដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

គិតមកដល់ថ្ងៃនេះ កម្ពុជាមានកូវីដ-១៩ សរុប៦៩៧ករណី ដោយសះស្បើយ​៤៧៧ករណី និង២១៧ករណីកំពុងសម្រាកព្យាបាល។ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឡើងដល់១៩៤នាក់ហើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com