ជាតិ
សង្គមជាតិ
ហេតុអ្វីនៅតែមានអ្នកអានកាសែត និងស្តាប់វិទ្យុ?
25, Feb 2021 , 3:36 pm        
រូបភាព
ភ្នំពេញ៖ បើទោះបីជាសារព័ត៌មានបែបបុរាណកំពុងត្រូវបានគំរាមកំហែងដោយសារព័ត៌មានសម័យទំនើបក្តី តែសារព័ត៌មានបែបបុរាណ ឬប្រពៃណីនៅបន្តទទួលបានការអ្នកគាំទ្រមួយផ្នែកដដែល។ គ្រាន់តែថា ចំនួនអ្នកគាំទ្រមានការថយចុះគួរឲ្យព្រួយបារម្ភ។ ចុះហេតុអ្វីបានជានៅមានអ្នកអាន ឬអ្នកស្តាប់ស្មោះស័្មគ្រនឹងកាសែតសន្លឹក និងវិទ្យុ?


 
កាលពីជិត២០ឆ្នាំមុន កាសែតសន្លឹក ទស្សនាវដ្តី ទូរទស្សន៍ វិទ្យុ ដើរតួនាទីសំខាន់មិនអាចកាត់ថ្លៃបានក្នុងការផ្តល់ព័ត៌មានជូនមហាជន។ តែក្នុងរយៈពេលចុងក្រោយនេះ បណ្តាញព័ត៌មានអេឡិចត្រូនិកតាមរយៈបណ្តាញសង្គមបានចូលខ្លួនមកជំនួសសារព័ត៌មានប្រពៃណី(កាសែត ទស្សនាវដ្តី ទូរទស្សន៍ វិទ្យុ)។ 
 
ទិដ្ឋភាពជាក់ស្តែង គឺជាដូច្នេះមែន។ តែកាសែតសន្លឹកមួយចំនួនក៏នៅបន្តបង្ហាញវត្តមាននៅតាមបណ្តាតូបលក់កាសែតនៅក្នុងរាជធានីភ្នំពេញដដែល។ ដូចគ្នាដែរសម្រាប់វិទ្យុ។ អ្នកលក់កាសែតនៅរង្វង់មូលផ្សារដើមថ្កូវនៅរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា ចំនួនលក់កាសែតថយចុះច្រើន តែក៏នៅតែមានអ្នកស្មោះស័្មគ្រអានកាសែតដដែល។ ការលក់កាសែតថយចុះស្ទើរជាង៦០ ឬ៧០ភាគរយបើប្រៀបធៀបទៅនឹងពេលមិនទាន់មានវត្តមានសារព័ត៌មានអេឡិចត្រូនិក(អនឡាញ)។ ដោយសារតែទិន្នាការនេះហើយ ទើបកាសែតសន្លឹកមួយចំនួន ទាំងនៅកម្ពុជាទេ និងនៅលើពិភពលោកបានប្រកាសឈប់បោះពុម្ព។ 
 
ក្នុងខណៈពេលដែលអ្នកអានភាគច្រើនងាកទៅស្វែងរកព័ត៌មានតាមបណ្តាញសង្គម ឬតាមសារព័ត៌មានអនឡាញ បុរសអ្នកលក់ដូរតាមដងផ្លូវម្នាក់ដែលកំពុងអានកាសែត បាននិយាយថា គាត់បែរជាផ្អាកប្រើប្រាស់បណ្តាញសង្គមដើម្បីទទួលបានព័ត៌មានទៅវិញ ព្រោះ វាខាតពេលច្រើនពេក។ ការអានកាសែតរបស់គាត់ គឺជាទម្លាប់ ហើយបុរសរូបនេះនៅតែបន្តអានកាសែតដដែល។ តើការអានកាសែតមានប្រយោជន៍អ្វីខ្លះសម្រាប់រូបលោក? 
 
បុរសវ័យជាង៥០ឆ្នាំរូបនេះឆ្លើយដោយមិនបង្អង់មកថា៖«អានកាសែតជួយពង្រឹងចំណេះដឹងច្រើន ជាពិសេស ការពង្រឹងចំណេះដឹងផ្នែកអក្សសាស្រ្ត។ ម្យ៉ាងវិញទៀត អក្សរនៅលើទំព័រកាសែតធំ ស្រួលអាន»។ 
 
ទោះបីជាព័ត៌មានតាមបណ្តាញសង្គមវាយលុកយ៉ាងណាក៏ដោយ ក៏វាមិនបានទាក់ទាញមនុស្សវ័យចំណាស់ទាំងអស់បានដែរ។ បុរសម្នាក់ទៀតស្ថិតក្នុងវ័យជាង៧០ឆ្នាំ ហាត់ប្រាណបណ្តើរ ស្តាប់វិទ្យុបណ្តើរដោយមិនបានខ្វាយខ្វល់នឹងបណ្តាញសង្គមឡើយ។ សម្រាប់រូបលោក វិទ្យុ នៅតែជាពេញនិយម។ និយាយទាំងទឹកមុខញញឹម អ្នកស្នេហាវិទ្យុរូបនេះ បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗ(Thmeythmey.com) ថា៖«ពេលខ្ញុំដេកមិនលក់ ខ្ញុំស្តាប់វិទ្យុ។ តែឥឡូវនេះ វិទ្យុខ្ញុំដូចជាចង់អស់ថ្ម»៕ 



Tag:
 កាសែត
© រក្សាសិទ្ធិដោយ thmeythmey.com