អគ្គនាយកពន្ធដារ បារម្ភពីការផ្ទុះកូវីដ-១៩ នៃ«ព្រឹត្តិការណ៍២០ កុម្ភៈ» ប៉ះពាល់ដល់ចំណូលជាតិ
ជាតិ
សេដ្ឋកិច្ច
អគ្គនាយកពន្ធដារ បារម្ភពីការផ្ទុះកូវីដ-១៩ នៃ«ព្រឹត្តិការណ៍២០ កុម្ភៈ» ប៉ះពាល់ដល់ចំណូលជាតិ
25, Feb 2021 , 4:43 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយកពន្ធដារ
លោក គង់ វិបុល អគ្គនាយកពន្ធដារ
សន្ទុះនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលកើតចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅរាជធានីភ្នំពេញ បានក្លាយជាក្តីព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់លោក គង់ វិបុល អគ្គនាយកពន្ធដារ ។ លោក បារម្ភថា ការឆ្លងជំងឺក្នុងសហគមន៍នេះ នឹងអាចប៉ះពាល់ដល់ការប្រមូលចំណូលពន្ធជាតិប្រចាំឆ្នាំ២០២១។

 
សម្រាប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ខាងអគ្គនាយកដ្ឋានពន្ធដារ មានការព្រួយបារម្ភជាខ្លាំង ដោយខ្លាចមិនអាចប្រមូលចំណូលពន្ធបានគ្រប់ផែនការប្រចាំឆ្នាំ២០២១។ «បើ[ចំណូល]ពន្ធដារប្រមូលមិនគ្រប់ផែនការ វាមានបញ្ហាច្រើនណាស់ចំពោះថវិកាជាតិ»។ លោក គង់ វិបុល មានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងការផ្សាយផ្ទាល់ចេញពីអគ្គនាយកដ្ឋានពន្ធដារ ស្តីពីការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ និងព្រឹត្តិការណ៍ថ្មីៗ នាព្រឹកថ្ងៃទី២៥កុម្ភៈ។
 
លោក គង់ វិបុល បន្ថែមថា  ការព្រួយបារម្ភអំពីការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នេះ មិនមែនត្រឹមកម្រិតអគ្គនាយកដ្ឋានពន្ធដារប៉ុណ្ណោះទេ តែវាជាមានការព្រួយបារម្ភរបស់រាជរដ្ឋាភិបាលទាំងមូល។
 
បើតាមលោក វិបុល ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គឺជាសម្ពាធធំមួយសម្រាប់អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធទ្រទ្រង់ថវិកាជាតិ  ។ ដ្បិតថា ព្រឹត្តិការណ៍នេះ ជាសម្ពាធក្តី ប៉ុន្តែស្ថាប័នជំនាញមួយនេះ គឺនៅតែបន្ដវិធានការប្រមូលពន្ធដ៏ម៉ឺងម៉ាត់ និងទន់ភ្លន់។ នេះជាការអះអាងរបស់លោក វិបុល។
 
ក្នុងខែមករា ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធ-អាករចូលជាតិ បានជាង២០០លានដុល្លារ  ធ្លាក់ចុះជាង៨ភាគរយ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២០។ សម្រាប់ ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលចូលជាតិ ប្រមូលបាន២,៨៨៩.០២លានដុល្លារអាមេរិក កើនបាន៣.៧៣ បើធៀបនឹងចំណូលពន្ធដារប្រចាំឆ្នាំ២០១៩។ 
 
ត្រឹមរយៈពេល៥ថ្ងៃនៃការផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គឺមានមនុស្សចំនួន១៩៤នាក់ហើយ ដែលបានឆ្លងជំងឺកូវីដ-១៩ ខណៈអ្នកជំនាញគ្រប់ស្ថាប័ន កំពុងស្វែងរកអ្នកពាក់ព័ន្ធផ្សេងៗទៀត។ គិតត្រឹមថ្ងៃទី២៥ កុម្ភៈនេះ កម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៦៩៧នាក់ ដោយក្នុងនោះ  មាន៤៧៧នាក់ បានជាសះស្បើយ៕ 
 

Tag:
 ព្រឹត្តិការណ៍២០កុម្ភៈ
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com